• 2019-10-08 07:23:38
  • សេដ្ឋកិច្ច

ក្ដៅៗ! ធនាគារជាតិកាណាដា ទិញយកចំណែកភាគហ៊ុន ១០% ដែលនៅសល់ក្នុងធនាគារ ABA

  • 2019-10-08 07:23:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) សូមប្រកាសថា ធនាគារជាតិកាណាដា បានទិញយកចំណែកភាគហ៊ុន ១០% ដែលនៅសល់ក្នុងធនាគារ ABA។ ជាលទ្ធផលនៃការវិនិយោគបន្ថែមនេះ ធនាគារជាតិកាណាដាបានបង្កើនភាពជាម្ចាស់របស់ខ្លួននៅក្នុងធនាគារ ABA រហូតដល់ ១០០% តែម្តង។

លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA បានមានប្រសាសន៍ក្នុងឱកាសនេះថា “ប្រតិបត្តិការចុងក្រោយរបស់ធនាគារជាតិកាណាដា បង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តខ្ពស់របស់ធនាគារ មកលើ ABA និងមកលើទីផ្សារធនាគារនៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីការវិនិយោគដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០១៤ ចំណែកទីផ្សាររបស់ធនាគារ ABA បានកើនឡើងគួរឲ្យកត់សម្គាល់ ជាមួយនឹងអត្រាប្រាក់កម្ចី និងប្រាក់បញ្ញើមានការកើនឡើងប្រមាណ ១០%។ ធនាគារ ABA ពេលនេះ ក៏ជាស្ថាប័នហិរញ្ញវត្ថុធំទីបីនៅក្នុងប្រទេស ហើយយើងមានភាពរំភើបរីករាយយ៉ាងខ្លាំង ក្នុងការបន្តដំណើររបស់យើង ដោយជំរុញការពង្រីកទីតាំងភូមិសាស្ត្ររបស់ធនាគារ ABA និងណែនាំផលិតផលនិងសេវាកម្មលំដាប់ថ្នាក់ល្អបំផុត ជូនដល់អតិថិជនរបស់យើង។”

“ធនាគារជាតិ [កាណាដា] ពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់ធនាគារ ABA។ ស្ថាប័នហិរញ្ញវត្ថុមួយនេះ ត្រូវបានបង្កើតឡើងយ៉ាងល្អនៅក្នុងទីផ្សាររបស់ខ្លួន និងដើរតួយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសមួយនេះ” នេះបើតាមប្រសាសន៍របស់លោក Louis Vachon អគ្គនាយក និងជានាយកប្រតិបត្តិរបស់ធនាគារជាតិកាណាដា។ “ធនាគារ ABA កំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស និងចូលរួមចំណែកក្នុងការធ្វើឲ្យវិស័យសេវាធនាគារកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់។ គំរូអាជីវកម្មរបស់ធនាគារ ដែលផ្តោតជាចម្បងទៅលើវិស័យធនាគាររូបវន្តបុគ្គល និងអាជីវកម្មខ្នាតតូចនោះ ក៏ផ្តល់ក្តីរំពឹងពីអនាគតដ៏ប្រសើរផងដែរ” លោកបានបន្តែម។

ធនាគារជាតិកាណាដា បានក្លាយជាភាគហ៊ុនិករបស់ធនាគារ ABA នៅក្នុងឆ្នាំ ២០១៤ ដោយបានទិញយកចំណែកភាគហ៊ុនចំនួន ១០%។ ហើយបន្ទាប់មកក៏បានបង្កើនការទិញយកចំណែកភាគហ៊ុនបន្ថែមរហូតដល់ ៤២% នៅក្នុងឆ្នាំ ២០១៥ និងបង្កើនដល់ ៩០% នៅក្នុងឆ្នាំ ២០១៦។

គិតមកត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ទ្រព្យសកម្មរបស់ធនាគារ ABA មានចំនួន ៤,១ប៊ីលានដុល្លារ។ ធនាគារផ្តល់សេវាជូនដល់អតិថិជនជាង ៦៥ម៉ឺននាក់ តាមរយៈបណ្តាញសាខាចំនួន ៧០សាខា កន្លែងស្វ័យសេវាធនាគារជាង ៥៥០កន្លែង និងប្រព័ន្ធធនាគារអនឡាញ និងធនាគារតាមទូរសព្ទឈានមុខជាច្រើនទៀត។

អំពីធនាគារជាតិកាណាដា

ជាមួយនឹងទ្រព្យសកម្មប្រមាណ ២០៧ប៊ីលានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ធនាគារជាតិកាណាដា រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន បង្កើតបានជាក្រុមហ៊ុនសម្ព័នហិរញ្ញវត្ថុចម្រុះឈានមុខមួយក្នុងចំណោមក្រហ៊ុនសម្ព័ន្ធឈានមុខគេទាំងអស់របស់ប្រទេសកាណាដា។ មូលប័ត្ររបស់ក្រុមហ៊ុនក៏ត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុនតូរ៉ុនតូ (TSX:NA) ផងដែរ។ អតិថិជននៅក្នុងសហរដ្ឋអាមេរិក អ៊ឺរ៉ុប និងផ្នែកដ៏ទៃទៀតនៅលើពិភពលោក ក៏ត្រូវបានផ្តល់ជូនសេវាតាមរយៈបណ្តាញការរិយាល័យដំណាង ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងភាពជាដៃគូរជាច្រើន។ សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារជាតិកាណាដា សូមចូលទៅកាន់ www.nbc.ca

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់
អត្ថបទពេញនិយម