• 2019-11-04 06:36:59
  • សេដ្ឋកិច្ច

ក្នុងពេល ៩ខែ ក្រុមហ៊ុន SCG រកចំណូលបាន ៣៣៧លានដុល្លារនៅកម្ពុជា

  • 2019-11-04 06:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន SCG សម្រាប់ត្រីមាសទី៣/ឆ្នាំ២០១៩ និងសម្រាប់រយៈពេល ៩ខែនៃឆ្នាំ២០១៩ បានបង្ហាញនូវប្រាក់ចំណេញថមថយចុះ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ដែលការថមថយប្រាក់ចំណេញនេះ ជាចម្បង គឺបណ្ដាលមកពីការធ្លាក់ចុះនៃប្រាក់ចំណេញនៅក្នុងអាជីវកម្មផលិតផលគីមី ដោយសារវដ្ដតម្រូវការទាបស្រាប់ ការថមថយចុះនៃសេដ្ឋកិច្ចសាកលដែលបង្កឡើងដោយសង្គ្រាមពាណិជ្ជកម្ម និងការឡើងថ្លៃនៃប្រាក់បាតថៃ។ ទន្ទឹមនឹងនេះ អាជីវកម្មស៊ីម៉ងត៍-សម្ភារៈសំណង់ បានរាយការណ៍ពីកំណើននៃប្រាក់ចំណេញ ដែលរុញច្រានដោយកំណើនការលក់នៅក្នុងអាជីវកម្មចែកចាយនិងលក់រាយ។ ជាងនេះទៅទៀត អាជីកម្មវេចខ្ចប់ក៏បានបង្ហាញនូវសក្ដានុពលកំណើនដ៏ខ្លាំងក្លាផងដែរ ជាពិសេស នៅក្នុងទីផ្សារអាស៊ាន។

លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយក ក្រុមហ៊ុន SCG

លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយក ក្រុមហ៊ុន SCG មានប្រសាសន៍ថា «លទ្ធផលប្រតិបត្តិការមិនទាន់ធ្វើសវនកម្មរបស់ក្រុមហ៊ុន សម្រាប់ត្រីមាសទី៣/ឆ្នាំ២០១៩ បានចុះបញ្ជីចំណូលពីការលក់បានចំនួន ១៤ ៦៨៩ប៊ីលានរៀល (ស្មើនឹង ៣ ៥៩៣លានដុល្លារអាមេរិក) ដែលធ្លាក់ចុះ ១០% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយសារតែការធ្លាក់ចុះនៃតម្លៃផលិតផលគីមី ប៉ុន្តែ ចំណូលពីការលក់នៅក្នុងត្រីមាសទី៣នេះ កើនឡើង ១% បើធៀបនឹងត្រីមាសទី២ ឆ្នាំនេះ។

ស្របពេលជាមួយគ្នានេះដែរ ប្រាក់ចំណេញសម្រាប់ត្រីមាសទី៣នេះ សម្រេចបានសរុប ៨២៦ប៊ីលានរៀល (២០២លានដុល្លារអាមេរិក) ដែលធ្លាក់ចុះ ៣៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ និងធ្លាក់ចុះ ១២% បើធៀបនឹងត្រីមាសទី២ ដែលបណ្ដាលមកពីលទ្ធផលមិនសូវល្អនៃអាជីវកម្មគីមីដោយសារតែប្រាក់ចំណេញពីការលក់ផលិតផលធ្លាក់ចុះ, ពន្ធលើប្រាក់ចំណូលដែលត្រូវទូទាត់ (Deferred Tax Assets reversal) មានទឹកប្រាក់ ១៤២ប៊ីលានរៀល (៣៥លានដុល្លារអាមេរិក), និងការថយចុះនៃចំណូលភាគលាភពីក្រុមហ៊ុនរកស៊ីចូលគ្នាមួយ, ដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចសាកលដែលកើតឡើងដោយសារសង្គ្រាមពាណិជ្ជកម្ម និងការឡើងថ្លៃនៃប្រាក់បាតថៃ បូករួមនឹងការខូចខាតទ្រព្យរបស់ក្រុមហ៊ុនដែលមានទឹកប្រាក់ ១០១ ប៊ីលានរៀល (២៥លានដុល្លារអាមេរិក) ដែលក្នុងនោះ ៨៥ប៊ីលានរៀល (២១លានដុល្លារអាមេរិក) ជាទឹកប្រាក់នៃការខូចខាតទ្រព្យពីអាជីវកម្មស៊ីម៉ងត៍-សម្ភារៈសំណង់ ដែលមួយភាគធំកើតចេញពីអាជីវកម្មសេរ៉ាមិកមិនមែនផលិតនៅប្រទេសថៃ។

ប្រសិនបើមិនបូកបញ្ចូលនូវពន្ធលើប្រាក់ចំណូលដែលត្រូវទូទាត់ (Deferred Tax Assets reversal) នោះ ក្រុមហ៊ុន SCG នឹងសម្រេចបានប្រាក់ចំណេញ ៩៦៨ប៊ីលានរៀល (២៣៧លានដុល្លារអាមេរិក) សម្រាប់ត្រីមាសទី៣នេះ ដែលថយចុះ ២៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ប៉ុន្តែ កើនឡើង ៣% បើធៀបនឹងត្រីមាសទី២វិញ។»

ដោយឡែក ចំពោះលទ្ធផលប្រតិបត្តិការសម្រាប់រយៈពេល ៩ខែនៃឆ្នាំ២០១៩វិញ ក្រុមហ៊ុន SCG សម្រេចបានចំណូលពីការលក់សរុប ៤២ ៩៦៥ប៊ីលានរៀល (១០ ៥៩៨លានដុល្លារអាមេរិក) ដែលថយចុះ ៨% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ដោយសារតម្លៃផលិតផលគីមីធ្លាក់ចុះ។ ប្រាក់ចំណេញសម្រាប់រយៈពេល ៩ខែនេះ មានសរុប ៣ ២២៦ប៊ីលានរៀល (៧៩៦លានដុល្លារអាមេរិក) ដោយធ្លាក់ចុះ ២៧% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។

ក្នុងន័យនេះ ប្រតិបត្តិការគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេល ៩ខែដើមឆ្នាំ២០១៩នេះ រួមមាន ការសម្រួលប្រាក់បំណាច់សម្រាប់ត្រីមាសទី២នៃឆ្នាំ២០១៩ (ច្បាប់ការងារ) ដែលមានចំនួន ២៦២ប៊ីលានរៀល (៦៤លានដុល្លារអាមេរិក), ពន្ធលើប្រាក់ចំណូលដែលត្រូវទូទាត់ (Deferred Tax Assets Reversal) សម្រាប់ត្រីមាសទី៣ នៃឆ្នាំ២០១៩ ចំនួន ១៤២ប៊ីលានរៀល (៣៥លានដុល្លារអាមេរិក), ការខូចខាតទ្រព្យសម្រាប់ត្រីមាសទី៣នៃឆ្នាំ២០១៩ ចំនួនទឹកប្រាក់ ១០១ប៊ីលានរៀល (២៥លានដុល្លារអាមេរិក) ដែលមួយភាគធំ កើតចេញពីអាជីវកម្មសេរ៉ាមិកថ្នាក់តំបន់ដែលមិនមែនផលិតនៅប្រទេសថៃ, និងកង្វល់ពីសង្គ្រាមពាណិជ្ជកម្ម ដែលបន្តជះផលប៉ះពាល់លើប្រាក់ចំណេញរបស់ទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនដែលមានទំនាក់ទំនងរកស៊ីជាមួយ។

ចំណូលរបស់ SCG ពីការលក់ផលិតផលនិងសេវាដែលមានតម្លៃបន្ថែមខ្ពស់ (HVA) សម្រាប់ត្រីមាសទី៣/ឆ្នាំ២០១៩ សម្រេចបានទឹកប្រាក់ ៥ ៩១៨ប៊ីលានរៀល (១ ៤៤៧លានដុល្លារអាមេរិក) ដែលស្មើនឹង ៤០% នៃចំណូលសរុបពីការលក់ ដោយមានការថមថយចុះ ៨% បើធៀបនឹងត្រីមាសទី៣ នៃឆ្នាំ២០១៨ និងថយចុះ ៦% បើធៀបនឹងត្រីមាសទី២ នៃឆ្នាំ២០១៩។ ជាលទ្ធផល ចំណូលពីការលក់ HVAs សម្រាប់រយៈពេល ៩ខែដំបូងនៃឆ្នាំ២០១៩ សម្រេចបានសរុប ១៧ ៧៥០ប៊ីលានរៀល (៤ ៣៧៩លានដុល្លារអាមេរិក) ឬស្មើនឹង ៤១% នៃចំណូលសរុបពីការលក់ ដោយថយចុះ ២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។

ក្រៅពីនេះ ចំណូលរបស់ SCG ពីអាជីវកម្មនានានៅក្រៅប្រទេសថៃ រួមទាំងការលក់នាំចេញពីប្រទេសថៃ នៅក្នុងរយៈពេល ៩ខែដើមឆ្នាំ២០១៩ សម្រេចបាន ១៧ ៤១៩ប៊ីលានរៀល (៤ ២៩៧លានដុល្លារអាមេរិក) ឬស្មើនឹង ៤១% នៃចំណូលសរុបពីការលក់ ដែលតួលេខនេះបង្ហាញនូវការធ្លាក់ចុះ ១២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ។

SCG នៅក្នុងអាស៊ាន (លើកលែងប្រទេសថៃចេញ) សម្រាប់ប្រតិបត្តិការរបស់ SCG នៅក្នុងអាស៊ាន (លើកលែងប្រទេសថៃ) ចំណូលពីការលក់នៅក្នុងត្រីមាសទី៣/ឆ្នាំ២០១៩នេះ បង្ហាញនូវការធ្លាក់ចុះ ២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ ដោយសម្រេចបានទឹកប្រាក់ ៤ ០៣១ប៊ីលានរៀល (៩៨៦លានដុល្លារអាមេរិក) ដែលស្មើនឹង ២៧% នៃចំណូលសរុបពីការលក់របស់ SCG។ តួលេខនេះគឺរួមបញ្ចូលទាំងប្រតិបត្តិការក្នុងស្រុកនៅក្នុងទីផ្សារអាស៊ាននីមួយៗ និងទាំងការនាំចូលពីប្រតិបត្តិការនៅក្នុងប្រទេសថៃ។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ទ្រព្យសរុបរបស់ SCG មានចំនួន ៨១ ៩៧១ប៊ីលានរៀល (២០ ០០០លានដុល្លារអាមេរិក) ចំណែកឯទ្រព្យសរុបរបស់ SCG នៅក្នុងអាស៊ាន (ដកប្រទេសថៃចេញ) មានចំនួនសរុប ២៨ ៤០៦ប៊ីលានរៀល (៦ ៩៣១លានដុល្លារអាមេរិក) ដែលស្មើនឹង ៣៥% នៃទ្រព្យសរុបរួមទាំងអស់របស់ SCG។

នៅក្នុងទីផ្សារកម្ពុជា ចំណូលពីការលក់របស់ SCG សម្រាប់ត្រីមាសទី៣/ឆ្នាំ២០១៩ សម្រេចបានទឹកប្រាក់ ៤៥៥ប៊ីលានរៀល (១១១លានដុល្លារអាមេរិក) គឺកើនឡើង ១៤% ដែលមួយភាគធំ គឺបានមកពីអាជីវកម្មស៊ីម៉ងត៍-សម្ភារៈសំណង់។ សម្រាប់រយៈពេល ៩ខែដើមឆ្នាំ២០១៩នេះ SCG សម្រេចបានចំណូលពីការលក់នៅក្នុងប្រទេសកម្ពុជា ចំនួន ១ ៣៦៦ប៊ីលានរៀល (៣៣៧លានដុល្លារអាមេរិក)។

សេដ្ឋកិច្ចកម្ពុជានៅតែសម្រេចបានកំណើនរឹងមាំ ក្នុងអំឡុងត្រីមាសទី៣នៃឆ្នាំនេះ។ លំហូរវិនិយោគទុនផ្ទាល់ពីក្រៅប្រទេស ជាពិសេស ពីប្រទេសចិន កំពុងជំរុញកំណើននៃវិស័យសំណង់ទាំងមូល។ នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាទីក្រុងធំៗមួយចំនួនរបស់កម្ពុជា ដូចជា ក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត និងក្រុងបាវិត តម្រូវការនៅតែមានកម្រិតខ្ពស់សម្រាប់ផលិតផលស៊ីម៉ងត៍និងសម្ភារៈសំណង់។

ចំពោះសកម្មភាពថ្មីៗនៅក្នុងប្រទេសកម្ពុជា SCG កាលពីពេលថ្មីៗនេះ ទើបតែបានបង្កើតនូវរូបមន្តថ្មីមួយសម្រាប់ផលិតផល K-Cement។ នេះជានវានុវត្តន៍ថ្មី ដែលបង្កើនសមត្ថភាពផលិតកម្ម ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកើនឡើងនៅក្នុងប្រទេសកម្ពុជា និងជួយកាត់បន្ថយការបញ្ចេញឧស្ម័ន CO2 តាមរយៈការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធផលបំផុត។

ជាងនេះទៅទៀត SCG ក៏បានបង្កើតសេវាកម្ម “ដំណោះស្រាយផ្នែកប្លង់សេ (SCG Flooring Solution)” និង ”ដំណោះស្រាយផ្នែកដំបូល (SCG Roofing Solution)” ដែលជាដំណោះស្រាយដ៏មានប្រសិទ្ធភាពចំពោះបញ្ហាកម្រាល និងដំបូល ដើម្បីលើកកម្ពស់ស្តង់ដារគុណភាពសំណង់នៅកម្ពុជា ដោយផ្ដល់សេវាកម្មដំឡើងប្រកបដោយគុណភាពខ្ពស់ ផ្ដល់ដោយអ្នកជំនាញរបស់ SCG ដល់ម្ចាស់គេហដ្ឋាន ក្រុមហ៊ុនម៉ៅការ និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលយកចិត្តទុកដាក់លើគុណភាពសំណង់។

សកម្មភាពអ្នកជំនាញធ្វើការងារលើដំណោះស្រាយផ្នែកដំបូល របស់ក្រុមហ៊ុន SCG

ដំណោះស្រាយទាំងនេះ នឹងផ្ដល់ជូនដល់ម្ចាស់គេហដ្ឋាននូវការរស់នៅប្រកបដោយគុណភាពកាន់តែប្រសើរឡើង ជាមួយសេវាកម្មដំឡើងប្រកបដោយវិជ្ជាជីវៈនិងផលិតផលដែលមានភាពច្នៃប្រឌិត នៅក្នុងគេហដ្ឋានរបស់ខ្លួន។

សកម្មភាពផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា នៅក្នុងកម្មវិធី អាហារូបករណ៍ចែករំលែកក្ដីសុបិន SCG នាពេលថ្មីៗកន្លងទៅ នៅរាជធានីភ្នំពេញ

SCG បានបន្តគាំទ្រកម្មវិធី«អាហារូបករណ៍ចែករំលែកក្ដីសុបិន SCG» របស់ខ្លួន នៅក្នុងឆ្នាំទី៦នេះ បន្តទៀត ដោយផ្ដល់មូលនិធិដល់សិស្សវិទ្យាល័យ ២៥០នាក់ ដែលមានការតាំងចិត្តខ្ពស់ចំពោះការសិក្សា និងក៏បានផ្ដល់អាហារូបករណ៍ ២០កន្លែងបន្ថែមទៀត ដល់អតីតសិស្សដែលចូលរួមនៅក្នុងកម្មវិធីរបស់ខ្លួន ដែលចង់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា លើមុខវិជ្ជានានាដែលនឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសជាតិរបស់ពួកគេ។

លោក Roongrote មានប្រសាសន៍ដូច្នេះ ថា «ទោះបីជាលទ្ធផលប្រតិបត្តិការរបស់ SCG សម្រាប់ត្រីមាសទី៣/ឆ្នាំ២០១៩ និងសម្រាប់រយៈពេល ៩ខែដើមឆ្នាំ២០១៩នេះ ត្រូវបានប៉ះពាល់ដោយការធ្លាក់ចុះនូវប្រាក់ចំណេញពីអាជីវកម្មគីមី ដែលបណ្ដាលមកពីការថយចុះតម្រូវការនូវតេលសិលាគីមី, ថ្លៃចំណេញពីផលិតផលទាប និងការថមថយចុះនៃប្រាក់ចំណេញពីភាគលាភនៅក្នុងក្រុមហ៊ុនសម្ព័ន្ធក្ដី អាជីវកម្មគីមីបានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍនូវផលិតផលនិងសេវាកម្មដែលមាននវានុវត្តន៍ និងតម្លៃបន្ថែមខ្ពស់ ជាពិសេស ផលិតផលដែលអភិវឌ្ឍឡើងដើម្បីស្របទៅតាមគោលការណ៍សេដ្ឋកិច្ចវិលជុំ (Circular Economy) ដើម្បីគាំទ្រតម្រូវការទីផ្សារសាកល។

ថ្មីៗនេះ SCG បានដាក់បង្ហាញនវានុវត្តភាពប្លាស្ទិកដើម្បីនិរន្តរភាពរបស់ខ្លួន ក្រោមប្រធានបទ«Passion for a Better World» នៅឯព្រឹត្តិការណ៍ K2019 ដែលជាការតាំងពិព័រណ៍ពាណិជ្ជកម្មដ៏ធំបំផុតនៅលើពិភពលោក សម្រាប់ឧស្សាហកម្មប្លាស្ទិកនិងកៅស៊ូ ដែលប្រារព្ធធ្វើនៅប្រទេសអាល្លឺម៉ង់។ ផលិតផលនវានុវត្តន៍ដែលបានដាក់បង្ហាញ រួមមាន ជ័រប៉ូលីអេទីឡែនដែលមានកម្លាំងខ្លាំង ផលិតដោយបច្ចេកវិទ្យា SMXTM ដែលទើបនឹងរកឃើញរបស់ SCG ដែលកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម, “សម្ភារៈវេចខ្ចប់ដែលផលិតពីវត្ថុធាតុដើមតែមួយមុខ” ដែលមានលក្ខណៈបរិស្ថានមេត្រី និងអាចច្នៃប្រើប្រាស់ឡើងវិញបាន, និងជ័រប្លាស្ទិកដែលធ្វើពីបន្សំនៃជ័រប្លាស្ទិកកម្រិតពិសេសរបស់ SCG និងជ័រដែលច្នៃប្រើប្រាស់ឡើងវិញ (PRC) រួមជាមួយនឹងដំណោះស្រាយសេវាកម្ម SCG មួយចំនួនទៀត ដែលផ្ដល់ភាពប្រសើរឡើងលើការគ្រប់គ្រងតម្លៃ និងប្រសិទ្ធភាពប្រតិបត្តិការ ដើម្បីលើកកម្ពស់សមត្ថភាពនិងភាពប្រកួតប្រជែងរបស់អាជីវកម្ម»។

ជាមួយគ្នានេះដែរ អាជីវកម្មស៊ីម៉ងត៍-សម្ភារៈសំណង់នៅតែជាអាជីវកម្មស្នូលនៅក្នុងការបង្កើតចំណូលសម្រាប់ក្រុមហ៊ុន SCG បើទោះបីជាទីផ្សារផលិតផលសេរ៉ាមិកនៅក្នុងតំបន់មានស្ថានភាពមិនសូវអំណោយផលក្ដី។ ប៉ុន្តែ SCG ផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការពន្លឿនអាជីវកម្មលក់រាយ និងចែកចាយ ដោយផ្ដល់លទ្ធភាពកាន់តែប្រសើរឡើងដល់អតិថិជនក្នុងការទទួលបានផលិតផលនិងសេវាកម្មដែលមានភាពច្នៃប្រឌិតខ្ពស់ និងដំណោះស្រាយចម្រុះជាច្រើនសម្បូរបែប។ បន្ថែមលើនេះ SCG ក៏បានអភិវឌ្ឍដំណោះស្រាយសម្រាប់បញ្ហាសាងសង់នានា ដើម្បីបង្កើនប្រសិទ្ធផល និងផ្ដល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយដើម្បីបំពេញតម្រូវការវិស័យសំណង់ ព្រមទាំងពង្រឹងវិស័យសំណង់របស់ប្រទេសថៃ ។

ចំពោះអាជីវកម្មវេចខ្ចប់វិញ SCG នឹងបន្តអភិវឌ្ឍនិងកែលម្អភាពខ្លាំងរបស់ខ្លួនបន្ថែមទៀត និងបង្កើតឱកាសឲ្យខ្លួនឯង ដោយអភិវឌ្ឍផលិតផលវេចខ្ចប់ដោយប្រើវត្ថុធាតុដើមចម្រុះ (ទាំងវត្ថុធាតុដើមជាសរសៃ និងជាប៉ូលីមែរ) រួមជាមួយនឹងការផ្ដល់នូវដំណោះស្រាយវេចខ្ចប់ចម្រុះ ការកែលម្អប្រសិទ្ធផលតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការសហការជាមួយដៃគូអាជីវកម្មលំដាប់ពិភពលោក។ SCG ថ្មីៗនេះ បានពង្រីកប្រតិបត្តិការរបស់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុនមួយចំនួន ដែលមានសក្ដានុពលកំណើនខ្ពស់នៅក្នុងអាស៊ាន ដូចជា ការទិញក្រុមហ៊ុនវេចខ្ចប់ Visy Packaging នៅក្នុងប្រទេសថៃ និង ក្រុមហ៊ុន PT Fajar Surya Wisesa Tbk នៅប្រទេសឥណ្ឌូនេស៊ី ជាដើម។

គោលបំណងនៃអាជីវកម្មវេចខ្ចប់ គឺបង្កើនប្រសិទ្ធផលផលិតកម្មទូទៅ ពង្រីកវិសាលភាពទីផ្សារ និងបង្កើនវិសាលភាពឯកទេសរបស់ខ្លួន នៅក្នុងប្រទេសថៃ វៀតណាម ហ្វ៊ីលីពិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងបណ្ដាប្រទេសផ្សេងៗទៀត នៅក្នុង និងក្រៅអាស៊ាន។ ការពង្រីកមូលដ្ឋានផលិតកម្មរបស់អាជីវកម្មវេចខ្ចប់ នៅក្នុងតំបន់ភូមិសាស្ត្រនានា និងបណ្ដាញអតិថិជនរបស់ខ្លួន នឹងផ្ដល់លទ្ធភាពដល់អាជីវកម្មនេះរក្សាតំណែងរបស់ខ្លួនជាអ្នកផ្ដល់ដំណោះស្រាយវេចខ្ចប់ឈានមុខគេ ដែលអាចបំពេញសេចក្តីត្រូវការរបស់អតិថិជនលំដាប់ពិភពលោក នៅគ្រប់កម្រិតនៃប្រតិបត្តិការទាំងអស់»៕

មតិយោបល់
អត្ថបទពេញនិយម