• 2019-11-21 04:02:03
  • ចរាចរណ៍

គ្រូបង្វឹកសុនខប្រកាសគាំទ្រពេញទំហឹងកម្មវិធី «ដើរដោយសុវត្ថិភាព»

  • 2019-11-21 04:02:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ខ្ញុំនៅចាំមិនភ្លេចរឿងខ្ញុំធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយខ្ញុំក៏មិនភ្លេចគុណមួកសុវត្ថិភាពដែលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំ។ ដូច្នេះហើយទើបខ្ញុំពេញចិត្តខ្លាំងចំពោះកម្មវិធី ដើរដោយសុវត្ថិភាព»។ នេះជាការលើកឡើងរបស់លោក ហ៊ិន រតនា គ្រូបង្វឹកសុនខរបស់កម្ពុជាល្បីលំដាប់អន្ដរជាតិ។

លោក ហ៊ិន រតនា បានរៀបរាប់ Sabay ថា «ខ្ញុំនឹងចូលរួមដើរនៅក្នុងកម្មវិធី ដើរដោយសុវត្ថិភាព ព្រោះកម្មវិធីនេះល្អណាស់ចូលរួមជួយផ្សព្វផ្សាយទៅដល់អ្នកបើកបរទាំងឡាយឲ្យគោរពច្បាប់ចរាចរណ៍ និងការចូលរួមកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា»

រឿងពីរសំខាន់ ដែលអ្នកបើកបរត្រូវផ្លាស់ប្ដូរមុនគេ គឺទី ១ បើកបរត្រូវពាក់មួកសុវត្ថិភាព ទី២ បើកបរមិនត្រូវនិយាយទូរសព្ទ។ នេះជាការលើកឡើងរបស់ លោក ហ៊ិន រតនា។

«ខ្ញុំជួបចៃដន្យប៉ុន្មានថ្ងៃមុន មានគ្រួសារមួយមានគ្នា ៣នាក់ ពួកគាត់បានជិះម៉ូតូ យ៉ាងលឿន ដោយឪពុក ម្ដាយ ពាក់មួកសុវត្ថិភាព ប៉ុន្ដែកូនតូចជិះនៅកណ្ដាលមិនមានមួកសុវត្ថិភាពនោះទេ ប៉ុន្ដែការបើកលឿនបត់ស្ដាំមិនបង្អង់ក៏ជួបទួល ធ្វើឲ្យក្មេងធ្លាក់ពីលើម៉ូតូបណ្ដាលឲ្យប៉ះក្បាល ហើយខ្ញុំឃើញដូច្នេះក៏បានទៅជួយពួកគាត់ និងបានប្រាប់ឲ្យយកក្មេងទៅពិនិត្យក្បាលក្រែងមានប៉ះពាល់»។ លោករតនា និយាយ។

«ករណីមួយទៀតខ្ញុំឃើញញយដងដែរនៅលើដងផ្លូវ ការប្រើប្រាស់ទូរសព្ទនៅអំឡុងបើកបរ ដោយដៃម្ខាងកាន់ដៃម៉ូតូ ដៃម្ខាងទៀតកាន់ទូរសព្ទឆាត។ ខ្ញុំឃើញដូច្នេះខ្ញុំមានអារម្មណ៍ស្រៀវជំនួស ខ្ញុំចង់ឲ្យពួកគេផ្លាស់ប្ដូរឥរិយាបថបើកបរនេះ»។ លោក រតនា បន្ថែម។

កត្តាសំខាន់ទាំងពីរនេះ គ្រូបង្វឹកសុនខ ដែលធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ដែលស្ទើរតែបាត់បង់ជីវិតទៅហើយនោះ ចង់ឲ្យមានការផ្លាស់ប្ដូរ ងាកមកគោរពច្បាប់ចរាចរណ៍ និងប្រកាសចូលរួម កម្មវិធី ដើរដោយសុវត្ថិភាព ហើយចង់ឲ្យមានកម្មវិធីបែបនេះមានច្រើនបន្ថែមទៀត។ ទាំងនេះជាបំណងប្រាថ្នារបស់ លោក ហ៊ិន រតនា។

រូបភាពចាស់ អំឡុង​លោក ហ៊ិន រតនា ជួបគ្រោះថ្នាក់ចរាចរណ៍ និង​សម្រាក​ព្យាបាល​នៅប្រទេស​ថៃ។ លោក​បាន​ជួបគ្រោះថ្នាក់ចរាចរណ៍​នៅ​ថ្ងៃទី ២៥ សីហា ២០១៨ អំឡុង​បើកបរ​ម៉ូតូ ត្រូវ​បាន​ឡាន​បុក​ពីក្រោយ​​។​

គួរបញ្ជាក់ថា គណៈកម្មាធិការជាតិសុត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយក្រុមហ៊ុន MSA នឹងរៀបចំយុទ្ធនាការលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីជំរុញការយល់ដឹង សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លុវគោកនៅកម្ពុជា ក្រោមប្រធានបទ «ដើរដោយសុវត្ថិភាព»។ យុទ្ធនាការនេះនឹងចាប់ផ្ដើមនៅថ្ងៃទី ២៤ ខែវិច្ឆិកា ២០១៩ ដោយចេញដំណើរពីវត្តបុទុមវត្តីវេលាម៉ោង ០៧:០០ នាទីព្រឹក ឆ្ពោះទៅចូលរួមក្នុងទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ នៅបរវេណមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម