• 2019-11-23 00:00:00
  • ចរាចរណ៍

ត្រៀមខ្លួនហើយឬនៅ? យុទ្ធនាការ «ដើរដោយសុវត្ថិភាព» ចាប់ផ្ដើមស្អែកនេះហើយ

  • 2019-11-23 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការដ៏ពិសេសដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងឆ្ពោះទៅរកការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដែលមានឈ្មោះថា «ដើរដោយសុវត្ថិភាព» នឹងចាប់ផ្ដើមប្រព្រឹត្តិជាផ្លូវការនៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ស្អែកនេះហើយ ។

តើបងប្អូនទាំងអស់គ្នាបានត្រៀមខ្លួនហើយឬនៅ ក្នុងការចូលរួមយុទ្ធនាការដ៏ធំមួយនេះ? ការចូលរួមពីសំណាក់បងប្អូនគ្រប់មជ្ឈដ្ឋាន គឺពិតជាមានសារសំខាន់បំផុត ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ។ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ មិនត្រឹមតែជួយឱ្យយុទ្ធនាការមួយនេះប្រព្រឹត្តិទៅយ៉ាងអធឹកអធមប៉ុណ្ណោះទេ ប៉ុន្តែវត្តមានរបស់បងប្អូនទាំងអស់គ្នា គឺជាចំណែកមួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់ប្រជាពលរដ្ឋផ្សេងទៀតឱ្យបានយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ហើយរួមគ្នាធ្វើយ៉ាងណាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

យុទ្ធនាការ «ដើរដោយសុវត្ថិភាព» នឹងចាប់ផ្ដើមនៅម៉ោង ៧ព្រឹក ដោយមានការចូលរួមពីមហាជនមកពីគ្រប់មជ្ឈដ្ឋានជួបជុំគ្នានៅបរិវេណសួនច្បារមុខវត្តបុទមវតី ។ បន្ទាប់មកត្រូវចេញដំណើរឆ្ពោះទៅចូលរួមកម្មវិធីទិវាអន្ដរជាតិរំលឹកជនរងគ្រោះថ្នាក់ចរាចរណ៍លើកទី ១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ដែលមានអ្នកចូលរួមប្រមាណ ៣០០០ នាក់ ។

សូមជំរាបជូនថាយុទ្ធនាការ «ដើរដោយសុវត្ថិភាព» រៀបចំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយក្រុមហ៊ុន អឹម អេស អេ MSA (Marketing Solutions Asia) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង បង្កើនស្មារតីចូលរួមឱ្យបានផុសផុលពីគ្រប់ភាគីពាក់ព័ន្ធ និង ពីសាធារណជន ពិសេសយុវជន សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និង ធ្វើឲ្យប្រសើរឡើងនាពេលខាងមុខ ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់