• 2019-12-16 02:55:26
  • ចរាចរណ៍

គម្រោង​ស្ពាន​អាកាស​​​និង​ផ្លូវ​ក្រោម​ដី​​​ចោម​ចៅ​សាង​សង់​សម្រេច​បាន​​ ៣៧%​ ហើយ​

  • 2019-12-16 02:55:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​សាង​សង់​​​ស្ពាន​​អាកាស​ និង​​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​រង្វង់​មូល​ចោម​​ចៅ​សម្រេច​បាន​ ៣៧% ហើយ​​។ នេះ​បើ​តាម​​ប្រសាសន៍​លោក​ សាំ​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ sabay ។

គម្រោង​សាងសង់​​ស្ពាន​ ដែល​​ចំណាយ​ថវិកា​ប្រមាណ ២២​លាន​ដុល្លារ​អាមេរិក​​បាន​បើក​​ការដ្ឋាន​សាង​សង់​កាល​ពី​​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៨ កន្លង​មក និង​​ចំណាយ​ពេល​សាង​សង់​ ៣០​ខែ​។ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​​ធ្នូ​​ នេះ​ បាន​បង្ហាញ​រូបភាព​​ពី​​លើ​អាកាស​​នៃ​ការដ្ឋាន​សាងសង់​ស្ពាន​​ និង​ផ្លូវ​ខាង​លើ​កំពុង​ត្រូវ​បាន​សាង​សង់ ខណៈ​លោក​ សាំ ពិសិដ្ឋ​ មិន​បាន​អធិប្បាយ​​លំអិត​​​ឡើយ​ ដោយ​គ្រាន់​តែ​ប្រាប់​ sabay ថា​ បច្ចុប្បន្ន​​សម្រេច​បាន​ ៣៧%​។ ស្ពាន​​ និង​ផ្លូវ​​នេះ​បាន​បើក​ការដ្ឋាន​សាង​សង់​កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

សម្តេច​បាន​មាន​ប្រសាសន៍​ថា ​«នៅ​មិន​យូរប៉ុន្មាន​ទេ គឺ​យើង​នឹង​បាន​ស្ពាន​អាកាស​ថ្មីទី៦​ ព្រម​ទាំង​ផ្លូវ​ក្រោម​ដី​ដើម្បី​សម្រួល​ដល់​ចរាចរណ៍​ទូទៅ​កុំ​ឱ្យ​កក​ស្ទះ​នៅ​ម្តុំ​រង្វង់​មូល​ចោម​ចៅ​តទៅ​ទៀត ​ព្រោះ​នៅ​ម្តុំ​នេះ​គឺ​ចរាចរណ៍​កក​ស្ទះ​ស្ទើរ​រាល់ថ្ងៃ​»

នៅ​អំឡុង​ពេល​សាង​សង់ ​ដើម្បី​បញ្ចៀស​បញ្ហា​កកស្ទះ​ចរាចរណ៍​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ណែនាំ​​​ប្រជាពលរដ្ឋ​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ និង​ម្ចាស់​រថយន្ត​ដឹក​អ្នក​ដំណើរ​ដែល​ត្រូវ​ធ្វើ​ចរាចរណ៍​ចេញ​-ចូល​រាជធានី​ភ្នំពេញ ឆ្លង​កាត់​ទីតាំង​ខាង​លើ​ត្រូវ​ពង្វាង​ចរាចរណ៍​ដូច​ខាង​ក្រោម​នេះ៖

១. ចំពោះ​រថយន្ត​ធ្វើ​ចរាចរណ៍​ពី​ទិស​ខាង​លិច តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ចូល​រាជធានី ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវ​ពង្វាង​ទៅ​តាម​ផ្លូវ​បែកចាន បត់​ស្ដាំ​ទៅ​ទិស​ខាងត្បូង ឬ​ផ្លូវ​កប់ស្រូវ​បត់​ឆ្វេង​ទៅ​ទិស​ខាង​ជើង។

២. ចំពោះ​រថយន្ត​ធ្វើ​ចរាចរណ៍​មក​ពី​ផ្លូវ​ជាតិ​លេខ​៣ ចូល​រាជធានី​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ពង្វាង​ បត់ស្ដាំ​ទៅ​តាម​ផ្លូវ​ព្រៃ​ស មុខ​វត្ត​ស្លែង ឬ​ទៅតាម​ផ្លូវ​ទួល​ពង្រ​ បត់​ស្ដាំ​តាម​ផ្លូវ ៣០ម៉ែត្រ​ឆ្ពោះ​ទៅ​ផ្លូវ​ចោមចៅ។

៣. ចំពោះ​រថយន្ត​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ចោមចៅ ចេញ​ក្រៅ​រាជធានី​ទៅ​ផ្លូវ​ជាតិ​លេខ​៣ ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទួល​ពង្រ បត់​ឆ្វេង​ត្រង់​ចំណុច​ស្តុប។

៤. ចំពោះ​ចរាចរណ៍​ពី​ផ្លូវ​ចោមចៅ​ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​៤ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​ជា​ធម្មតា​។​

​​

មតិយោបល់
អត្ថបទពេញនិយម