• 2020-01-14 01:00:00
  • ជំនឿ

ចង់បានលាភហូរចូលពេញផ្ទះ មកដឹងពីវិធីដកជើងធូបឲ្យត្រូវតាមក្បួនចិន

  • 2020-01-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ជាទូទៅនៅមុនពេលបុណ្យចូលឆ្នាំចិន ១សប្ដាហ៍ គឺប្រជាជនចិន ឬខ្មែរសែស្រឡាយចិន រមែងធ្វើពិធីដកជើងធូប ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៨ ខែមករា ខាងមុខនេះ។ តើពិធីដកជើងធូបមានឥតន័យដូចម្ដេច? តើសែនដកជើងធូបបែបណាឲ្យត្រូវតាមក្បួនរបស់ចិន?។

ចង់ដឹងច្បាស់អំពីបញ្ហានេះ លោកគ្រូចិនសែពូកែទាយឆុតល្បីល្បាញនៅភ្នំពេញ កុង ឡុង នឹងបកស្រាយដូចខាងក្រោមនេះ៖

លោកគ្រូចិនសែ កុក ឡុង

ពិធីសែនដកជើងធូប គឺជាពិធីមួយ នៃការជូនដំណើរទេព្តាចង្ក្រាន្តបាយឡើងឋានសួគ៌​ ដើម្បីទូលព្រះឥន្ទអំពីជីវភាពនៃគ្រួសារនិមួយៗ។ ដូច្នេះការសែនដកជើងធូប គឺជាការយកចិត្ត (សូកប៉ាន់) ដល់ទេព្តាឆ្នាំចាស់ឲ្យទូលព្រះឥន្ទថា ផ្ទះនេះបានគោរពទេព្តាខ្លាំងណាស់ ម៉្លោះហើយទេព្តានឹងជូនពរឲ្យផ្ទះនេះរកស៊ីមានបាន។ «ជនជាតិចិនពេលខ្លះគេសែនខ្លាំងមាន១តុ ២តុ ដល់១០តុក៏មានដើម្បីបង្ហាញពីឥទ្ធិពលដល់ទេព្ដា ឲ្យទេព្តាជួយចម្រុងចម្រើន។»

និយាយមួយបែប​ទៀត​ការដកជើងធូប​ ១ឆ្នាំមានម្ដង ក៏ចង់កុំឲ្យជើងធូប​ពេញ​កំប៉ុង ដែល​បង្កឲ្យ​មានហានិភ័យ នៃគ្រោះអគ្គីភ័យ​ជាដើម។

ឆ្នាំណាឆុងនៅក្នុងពិធីសែនដកជើងធូប? មនុស្សដែលមានឆ្នាំម្សាញ់ វក កុរ ឆុងមិនអាចសែនដាក់ម្ហូប និងស្រាមុនបាននោះទេ សម្រាប់ការសែនដកជើងធូបឆ្នាំនេះ។ តែអាចធ្វើក្រោយពិធីសែនដកជើងធូបបាន។ ប៉ុន្ដែឆ្នាំផ្សេងៗអាចសែនជំនួសបានធម្មតា។

អំពីវិធីដកជើងធូប និងការអុជធូប

ពិធីដកជើងធូបក៏មានការរៀបចំដូចខ្មែរដែរមុនដកជើងធូប គឺធ្វើពិធីក្រុងពាលី។ ឯចិនគ្រាន់តែអុចធូបមួយដើមធំ និងផ្លែឈើមួយមុខ ជម្រាបជូនបារមីជំនាងផ្ទះ ទេព្តាចង្ត្រាន្តបាយ និងដូនតា ដោយប្រាប់ថានឹងត្រូវធ្វើការដកជើងធូបហើយ ហើយនៅពេលធូបមួយដើមនេះឆេះអស់ ១ភាគ៣ គឺចាប់ផ្ដើមដកធូប។

ការអុជធូបសែន ចំពោះជំនាងផ្ទះ អុជធូប​ ៥សសៃ, សែនទេព្តា និង ដូនតា គឺអុជធូប​ ៣សសៃ។

អំពីកំប៉ុងជើងធូប

កំប៉ុងជើងធូបត្រូវដាក់ដីខ្សាច់១ដៃ ផេះ៧០% អង្ករ១០% ហើយស្វែងរកកាក់ ដាក់បញ្ឈរ ដែលមានរូបស្ដេច (ប្រទេសណាក៏បាន) បន្ទាប់មកដាក់ផេះពីលើ គឺមានធូបចំនួន ១៥ដើម ដូចបានជម្រាបជូនខាងលើ។

វេលានៃការសែនឲ្យត្រូវតាមក្បួនចិន

មនុស្សកើតឆ្នាំជូត ឆ្លូវ រោង ម្សាញ់ វក រកា គឺសែនមុនម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែមករា។ មនុស្សដែលកើតឆ្នាំខាល ថោះ មមី មមែ ច និង កុរ គឺអាចសែនក្រោយម៉ោង ១១ ព្រឹក ឬមុនម៉ោង ១រសៀល។ អ្នកដែលសែនទាំងឡាយ ក៏ត្រូវហៅឈ្មោះទេព្ដាផង ដែលមានព្រះនាមថា ជា ស៊ីវ ដែលជាទេព្តាឆ្នាំចាស់ ឆ្នាំកុរ ដែលនឹងឡើងទៅជួបព្រះឥន្ទដើម្បីទូលថ្វាយពីកិច្ចការឆ្នាំចាស់ ត្រៀមផ្លាស់ចូលឆ្នាំថ្មី។

ការបើកភ្លើងដើម្បីទទួលពន្លឺជ័យ

នៅអំឡុងពេលសែនត្រូវបើកភ្លើងឲ្យភ្លឺ ពេញផ្ទះ ដើម្បីទទួលបានពន្លឺភ្លឺស្វាងនៅក្នុងផ្ទះ ប៉ុន្ដែតោងប្រយ័ត្នអំពីអគ្គីភ័យផងដែរ។

ចំណាំ៖ ចំពោះជើងធូប​ដែលបាន​ដក ឬផេះក្នុងកំប៉ុង​ដែលបាន​ចាក់ចេញ​ប្ដូរថ្មី គឺកុំចោលធុងសម្រាម ព្រោះជាទ្រព្យ​ឆ្នាំចាស់ អាច​យក​ទៅ​ចោល​ក្នុង​ថោផ្កា​មុខផ្ទះ ឲ្យ​ក្លាយជាជី នោះទ្រព្យ​នឹង​កើនឡើង​ទ្វេរដង៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម