• 2018-10-16 07:32:44
  • ព័ត៌មាន

ប្រយ័ត្នខ្មាសគេពេញព្រលាន! ១១យ៉ាងសំខាន់បំផុតហាមភ្លេច ពេលចូលដល់ព្រលានយន្តហោះ

  • 2018-10-16 07:32:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈាន​ជើង​ចូល​ព្រលាន​យន្តហោះ ដើម្បី​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​តាម​រយៈ​បក្សី​ស្លាប​ដែក មិន​ថា​មនុស្ស​វ័យ​ឆ្លាត​ប៉ុណ្ណា ក៏​មិន​អាច​ដឹង​ច្បាស់​គ្រប់​រឿង​ឡើយ។ មាន​ចំណុច​ជា​ច្រើន​ដែល​យើង​គួរ​ដឹង​ឲ្យ​ច្បាស់ ដើម្បី​បង្ការ​កុំ​ឲ្យ​ប្រព្រឹត្តិ​ខុស​នូវ​បម្រាម​ណា​មួយ និង​ជៀសវាង​មាន​បញ្ហា​ផ្សេងៗ​អំឡុង​ពេល​រង់ចាំ​ការហោះហើរ។ ខាង​ក្រោម​នេះ ជា​ការ​ចែក​រំលែក​ចំណុច​សំខាន់​មួយ​ចំនួន ពី​លោក សេង វិសិដ្ឋ ជា​បុគ្គលិក​កំពុង​ធ្វើ​ការ​ផ្នែក Hostess Agent (CAMS, PPIA) នៃ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ៖ ​

លោក សេង វិសិដ្ឋ ជា​បុគ្គលិក​កំពុង​ធ្វើ​ការ​ផ្នែក Hostess Agent (CAMS, PPIA)

១. ហាម​ឲ្យ​បងប្អូន​សាច់​ញាតិ​ជូន​ដំណើរ​ទៅ​ចូល​ក្នុងTerminal​៖ បងប្អូន​ និង​ជន​ដែល​មិនមែន​ជា​អ្នក​ដំណើរ​មិន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ Terminal (បរិវេណ​ក្នុង​អគារ)​ ឡើយ​ អាច​ជូន​ដំណើរ​បាន​ត្រឹម​មាត់ទ្វារ​ departure ប៉ុណ្ណោះ។ ប្រសិន​បើ​នាំ​បងប្អូន​ចូល​ទៅ នោះ​ប្រាកដ​ជា​អ្នក​រក្សា​សណ្ដាប់​ធ្នាប់​នៅ​ទី​នោះ ស្នើ​ឲ្យ​ចេញ​ក្រៅ​វិញ​មិន​ខាន។

២. ក្នុង​បម្រាម​របស់​ Cambodia Airportមិន​អនុញ្ញាត​ឲ្យ​ជក់​បារី​ ក្នុង​ Terminal ទេ។

៣. ប្រយ័ត្ន​ទៅ​តម្រង់​ជួរ​ខុស​ជើង​ហោះហើរ៖ មើល​លេខ​ counter និងម៉ោង​ ហោះហើរ​ លើ Information screen ឲ្យ​បានច្បាស់​ មុន​ទៅ​ឈរ​តម្រង់​ជួរ​ ចៀស​វាង​ខក​ម៉ោង​ និង​ខាត​ពេល។ ករណី​នេះ​អាច​មាន​អ្នក​យល់​ច្រឡំ​ថា ទៅ​តម្រង់​នៅ​ជួរ​ខាង​ណា​ក៏​បាន តែ​មិន​ដូច្នោះ​ឡើយ គឺ​មាន​ទៅ​តាម​ជើង​ហោះហើរ​តាម​ក្រុម​ហ៊ុន​នីមួយៗ។

៤. តិច​ច្រឡំ​ដាក់​ទឹក​ផ្លែឈើ ទឹក​ដោះ​គោ ប្រយ័ត្ន​ខ្មាស​គេ៖ វត្ថុរាវ និង​ជាតិ​ទឹក​ផ្សេងៗមិន​អនុញ្ញត​ឲ្យ​យក​តាម​ខ្លួន​លើស​ពី​ ១០០​ ml ឡើយ​ ចៀសវាង​បុគ្គលិក​ XRay ឃាត់​ដក​ទុក។

៥. បន្ទាប់ពី​ check in ហើយ​៖ អ្នក​ដំណើរ​ត្រូវ​រួសរាន់​ឡើង​ទៅ​រង់ចាំ​ឡើង​យន្ត​ហោះ​ ទៅ​តាម​ម៉ោង​កំណត់​ ចៀសវាង​ខកដំណើរ​ ដោយសារ​តែ​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​ច្រើន។

៦. បំពេញ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​៖ មុន​នឹង​តម្រង់​ជួរ​ដើម្បី​ឲ្យ​ប៉ូលិស​អន្តោ​ប្រវេសន៍​វៃ​ត្រា​ចេញ​ដំណើរ​ ត្រូវ​ប្រាកដ​ថា​ខ្លួន​បំពេញ​ឯកសារ​សព្វ​បែប​យ៉ាង​រួចរាល់។

៧៖ ពេលឆ្លង​ Xray៖ ត្រូវដោះកាបូប​ ខ្សែក្រវ៉ាត់​ ស្បែកជើង​ ទូរស័ព្ទ​ អាវក្រៅ​ កាបូបលុយ​ មួក​ ដាក់ស្កេនទាំងអស់។

៨. ត្រូវ​ប្រាកដ​ថា​ខ្លួន​ទៅ​អង្គុយ​រង់ចាំ​ចំ​ទ្វារ​ឡើង​យន្ដហោះ​ដែល​ខ្លួន​ធ្វើ​ដំណើរ៖ ត្រូវប្រយ័ត្នព្រោះ​ ការឡើងយន្តហោះនឹងត្រូវធ្វើឡើងមុនម៉ោងហោះយ៉ាងតិច៣០នាទី​ ហើយទ្វារ​នឹង​ត្រូវ​បិទ​យ៉ាង​តិច​១៥​នាទីមុន​ ចៀសវាង​យន្តហោះ​បិទទ្វារ​ចោល។

៩. ព្យាយាម​ផ្ទៀង​ស្ដាប់​ការ​ប្រកាសផ្សេងៗ​ឲ្យ​ច្បាស់៖ ​ សុទ្ធ​តែ​ជា​ព័ត៌មាន​សំខាន់ៗ​ ដូចជា​ បម្រាម​ ការប្ដូរ​ច្រក​ទ្វារ​ចេញ​ដំណើរ​ ការ​ប្ដូរ​ម៉ោង​ហោះហើរ​ ព័ត៌មាន​អ្នក​ដំណើរ​ជាដើម។

១០. មិនត្រូវឃ្លាតឆ្ងាយពីសម្ភារៈផ្ទាល់ខ្លួន

១១. ត្រូវថែរក្សា​ លិខិតឆ្លងដែន​ និង​សំបុត្រ​យន្តហោះ​ឲ្យ​បាន​ល្អ​បំផុត៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់