• 2019-09-16 04:44:36
  • ព័ត៌មាន

ចង់​បាន​បុណ្យ​កុសល​កាន់តែ​ច្រើន​ ពេល​ទៅ​វត្ត ប្រយ័ត្ន​រឿង​ ៣យ៉ាង​នេះ

  • 2019-09-16 04:44:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​បុណ្យ​ទាន​ ដែល​ប្រកប​ដោយ​បញ្ញាញាណ​ គឺជា​ការ​ទទួល​បាន​បុណ្យ​កុសល​​កាន់តែ​ច្រើន។ដូច្នេះ​ពុទ្ធបរិស័ទ​នៅ​ពេល​ទៅ​ធ្វើ​បុណ្យ​ទាន​ជាពិសេស​រដូវ​កាន់​បិណ្ឌ ភ្ជុំបិណ្ឌ​នេះ គួរ​យក​ចិត្ត​ទុក​ដាក់​រឿង​តូច​ៗ​ទាំង​៣ គឺ​ការ​អុច​ទាន-ធូប ការ​រក្សា​អនាម័យ និង ការ​តាំង​ចិត្ត​ដោយ​កាយ វាចា​ និង​ចិត្ត​ ឲ្យ​ស្អាត​ល្អ ដើម្បី​ទទួល​កុសល​កាន់តែ​ច្រើន។

កត្តា​ទាំង​បី​ខាង​លើ​នេះ ត្រូវ​បាន​ព្រះគ្រូ​គន្ធ​ធុតង្គ សឿ ហេង ចៅ​អធិការ​វត្ត​ធុតង្គ​ចំការដូង សង្ឃដីកា​នៅ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ក្រុម​ការងារ Sabay កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កញ្ញា ២០១៩ កន្លង​ទៅ​នេះ ដូច​ខាង​ក្រោម​ថា៖

ព្រះគ្រូ​គន្ធ​ធុតង្គ សឿ ហេង ចៅ​អធិការ​វត្ត​ធុតង្គ​ចំការដូង
  • ១. ការ​អុច​ទាន-ធូប៖ ការ​ធ្វើ​បុណ្យ​មាន​អុច​ទាន​ធូប​ គឺជា​រឿង​មួយ​ ហើយ​ការ​អុច​ទាន​ធូប​ប្រកប​ដោយ​បញ្ញា (ភាព​ត្រឹមត្រូវ) គឺជា​ផ្នែក​មួយ​សំខាន់​ដែរ គឺ​អុច​ធូប​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ ឬ​អុច​ទាន​ឲ្យ​បាន​ត្រឹមត្រូវ។ បើ​ពុំ​ដូច្នេះ​ទេ ការ​អុច​ទាន-ធូប ក៏​បង្កើត​ឲ្យ​មាន​គ្រោះ​ថ្នាក់​ អាច​នឹង​ធ្វើ​ឲ្យ​ឆេះ​អាសនៈ​ព្រះ​ជាដើម។ ទន្ទឹម​នឹង​នេះ ការ​ដុត​ទាន​ត្រូវ​មាន​អ្វី​ជា​ទម្រ​បើ​ពុំ​ដូច្នេះ​ នឹង​ធ្វើ​ឲ្យ​ហូរ​កក្លិកកក្លាក់​ធ្វើ​ឲ្យ​សោភណភាព​មិន​ស្អាត​ហើយ​ ថែម​ទាំង​ប្រឈម​គ្រោះ​ថ្នាក់​ផ្សេង​ៗ។
  • ២. ការ​ចោល​សំរាម៖ ពុទ្ធបរិស័ទ ​ដែល​បាន​ទៅ​ធ្វើ​បុណ្យ​ទី​ជិត​ ទី​ឆ្ងាយ​ក្ដី នៅ​ពេល​ធ្វើ​បុណ្យ​ទាន​ គួរ​ណា​ចេះ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ​ គឺ​សំរាម​គ្រប់​ប្រភេទ​ កុំ​ចោល​ពាសវាលពាសកាល​នៅ​ក្នុង​ទី​អារាម ត្រូវ​ចេះ​វេច​ខ្ចប់​ ឬ​ចោល​សំរាម​មួយ​ចំនួន​នៅ​ក្នុង​ធុង​សំរាម​ ឬ​កន្លែង​ចោល​សំរាម​ជាដើម។
  • ៣. ការ​តាំង​ចិត្ត​ឲ្យ​ស្អាត៖ នៅ​ពេល​ពុទ្ធបរិស័ទ​មក​កាន់​ទី​វត្ត​អារាម​ ក៏​ត្រូវ​តាំង​ចិត្ត​ឲ្យ​ជ្រះ​ថ្លា​ ទាំង​កាយ វាចា​ និង​ចិត្ត។ «មាន​ការ​អធ្យាស្រ័យ​ឲ្យ​បាន​ច្រើន​ នៅ​ពេល​មក​វត្ត​មាន​ខ្លះ​បាត់​ស្បែក​ជើង ការ​ប៉ះទង្គិច​គ្នា​។ មួយ​ទៀត​ប្រសិន​បើ​សមាជិក​គ្រួសារ​ណា​ម្នាក់​មិន​ចង់​មក​វត្ត​ហើយ​បើ​យើង​បង្ខំ ឬ​មិន​សប្បាយ​ចិត្ត ក៏​ការ​ធ្វើ​បុណ្យ​កុសល​មិន​ល្អ​ដែរ»។

ព្រះ​ចៅ​អធិការ​វត្ត​ បាន​សង្ឃដីកា​ទៀត​ថា «ការ​ធ្វើ​បុណ្យ​ប្រកប​ដោយ​កាយ​ វាចា​ និង​ចិត្ត ឲ្យ​ស្អាត យើង​អ្នក​ស្អាត​ដោយ​កាយ​ វាចា និង​ចិត្ត​ប្រកប​ដោយ​បុណ្យ​កុសល ពពួក​ញាតិ​ទាំង​ឡាយ​នឹង​ទទួល​បាន​បុណ្យ​កុសល​នោះ​ដោយ​ល្អ។ ប៉ុន្តែ​បើ​យើង​មិន​ស្អាត ពពួក​ញាតិ​ក៏​នឹង​មិន​ទទួល​បាន​បុណ្យ​កុសល​ល្អ​ហ្នឹង​ដែរ។ ចឹង​ទាល់តែ​យើង​ធ្វើ​ល្អ ពពួក​ញាតិ​ទទួល​បាន​ល្អ​ដែរ»៕

សូមទស្សនាវីដេអូ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់