• 2019-11-05 07:27:43
  • ព័ត៌មាន

បុរសម្នាក់ប្រឈមមុខជាប់គុក ១ឆ្នាំ និងរងពិន័យធ្ងន់ក ក្រោយសម្លាប់ត្រីសមុត្រជិតផុតពូជ

  • 2019-11-05 07:27:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​អាមេរិក​ម្នាក់​រស់​នៅ​ក្នុង​រដ្ឋ​ផ្លររីដា ប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ជាង ៥​ម៉ឺន​ដុល្លារ ក្រោយ​ពេល​ដែល​មាន​សាក្សី​អះអាង​ថា​បាន​ឃើញ​រូប​គេ​សម្លាប់​ត្រី​រណា​សមុទ្រ​ដែល​កំពុង​រង​ការ​គំរាម​កំហែង​ជិត​ផុត​ពូជ​ពី​ភព​ផែនដី។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​ព័ត៌មាន​ចេញ​ដោយ​សង្កាត់​កណ្ដាល​នៃ​រដ្ឋ​ផ្លររីដា​ឲ្យ​ដឹង​ថា លោក Chad Ponce ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​សម្លាប់​ប្រភេទ​សត្វ​ជិត​ផុត​ពូជ។ ចំណែក​ឯ​សាក្សី​ឲ្យ​ដឹង​ថា ពួកគេ​បាន​ឃើញ​បុរស​ខាង​លើ​នៅ​លើ​ទូក ខណៈ​ដែល​ធ្វើ​សកម្មភាព​កាត់​ច្រមុះ​ត្រី​ដែល​មាន​រាង​ដូច​ផ្លែ​រណា។ តាម​អ្នក​ជំនាញ​ឲ្យ​ដឹង​ថា ត្រី​ប្រភេទ​នេះ ប្រើប្រាស់​ច្រមុះ​រណា​របស់​វា​ជា​ញាណ​ដើម្បី​វាយ​ប្រហារ​ចំណី ហើយ​ប្រសិន​បើ​គ្មាន​ច្រមុះ​រណា​ទេ ពួកវា​មិន​អាច​រស់​រាន​មាន​ជីវិត​ឡើយ។ លើស​ពី​នេះ​ទៀត ចំនួន​ត្រី​រណា​ក្នុង​សមុទ្រ បាន​ធ្លាក់​ចុះ​ជា​បន្ដ​បន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ជាមួយ​គ្នា​នេះ ​រដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិ​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​ត្រី​រណា​ មាន​ត្រឹម​ចំនួន​ប្រមាណ​ជា ៥ ០០០​ក្បាល​ប៉ុណ្ណោះ ខណៈ​ដែល​ត្រី​ជំទង់​មាន​ប្រមាណ ៥០០​ក្បាល។ ហេតុ​ដូច្នេះ ប្រភេទ​សត្វ​ត្រី​នេះ ត្រូវ​ការ​ការ​ពារ​ឲ្យ​បាន​ល្អ​ជៀស​វាង​ពី​ការ​ផុត​ពូជ​ពី​ភព​ផែន​ដី​នា​ថ្ងៃ​អនាគត៕

ប្រភព៖ ABS-CBN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់