• 2019-12-08 06:57:11
  • ព័ត៌មាន

មកស្គាល់ ប្រទេសទាំង ៥ ទើបប្រកាសឯករាជ្យមិនដល់ពីរទសវត្ស

  • 2019-12-08 06:57:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាណានិគម​ភាគ​ច្រើន​ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​សតវត្ស​ទី​២០ ប៉ុន្តែ​មាន​ប្រទេស​មួយ​ចំនួន​ទៀត មក​ដល់​សតវត្ស​ទី​២១​ទៅ​ហើយ ទើប​ស្គាល់​រសជាតិ​​ឯករាជ្យ​​របស់​ខ្លួន។ ខាង​ក្រោម​នេះ​គឺ​ជា​ប្រទេស​ទាំង​៥ ដែល​បាន​ឯករាជ្យ​ក្រោយ​ឆ្នាំ ២០០០​៖

  • ស៊ូដង់​ខាងត្បូង ​ខែ​កក្តដា ឆ្នាំ​២០១១

​ស៊ូដង់​ខាងត្បូង​បាន​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​ស៊ូដង់​កាល​ពី​​ថ្ងៃ​ទី ៩ ខែ​កក្កដា ឆ្នាំ ២០១១ បន្ទាប់​ពី​ប្រជាជន​កុលសម្ព័ន្ធ​អាហ្វ្រិក​ស្បែក​ខ្មៅ នៃ​ប្រទេស​ស៊ូដង់​ខាងត្បូង បាន​​​ធ្វើ​​សង្គ្រាម​ស៊ីវិល​បង្ហូរ​ឈាម អូស​បន្លាយ​អស់​ជាង​៥ទសវត្សរ៍​ ជាមួយ​នឹង​អារ៉ាប​ភាគ​ខាងជើង​នៃ​ប្រទេស​ស៊ូដង់ ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​​២​លាន​នាក់ ចន្លោះ​ពី​ឆ្នាំ ១៩៨៣-២០០៥។

  • ប្រទេស​កូសូវ៉ូ ខែ កុម្ភៈ ឆ្នាំ២០០៨

កូសូវ៉ូ​បាន​ប្រកាស​ឯករាជ្យ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០០៨។ ប្រទេស​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អង្គការ​សហប្រជាជាតិ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៩ នៅ​ពេល​ដែល​​ណាតូ ​(NATO) បាន​ទម្លាក់​គ្រាប់​បែក​លើ​ប្រទេស​ស៊ែប (Serbia) ​ហើយ​បាន​បង្ខំ​ឱ្យ​លោក​ប្រធានាធិបតី Slobodan Milosevic ដក​កងទ័ព​ចេញ​ពី​កូសូវ៉ូ ព្រោះ សង្គ្រាម​ឆ្នាំ ១៩៩៨-៩៩ ដែល​បង្ក​ឡើង​ដោយ​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​ដោយ​កង​កម្លាំង​ប្រទេស​ស៊ែប​លើ​ជនជាតិ​ភាគតិច​អាល់បានី​របស់​កូសូវ៉ូ​ ដែល​ទាមទារ​ផ្ដាច់​ទឹក​ដី បាន​សម្លាប់​ជនជាតិ​អាល់បានី​ប្រហែល ១០ ០០០ នាក់ មុន​ពេល​មាន​ការ​អន្តរាគមន៍​យោធា​របស់​NATO ដែល​បាន​ទម្លាក់​គ្រាប់​បែក​រយៈ​ពេល​ ៧៨ ថ្ងៃ។

តំបន់​កូសូវ៉ូ​បាន​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​របស់​ទឹក​ដី​ប្រទេស ស៊ែប ក្នុង​ឆ្នាំ​១៣៨៩​នៅ​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់​ប្រទេស​ ស៊ែប (Serbia) ព្រះ​នាម​ Lazar បាន​ដឹក​នាំ​កងទ័ព​ទៅ​ទន្ទ្រាន​កាន់កាប់​​កូសូវ៉ូ​ធ្វើ​ជា​ទឹកដី​របស់​ទ្រង់។

  • ប្រទេស​ម៉ុងតេណេក្រូ និង ប្រទេស​ស៊ែប ខែ​មិថុនា ឆ្នាំ ២០០៦

ស៊ែប និង ម៉ុងតេណេក្រូ បង្កើត​ឲ្យ​ទៅ​ជា​ប្រទេស​តែ​មួយ​បន្ទាប់​ពី​សហភាព​​យូហ្គោស្លាវី​ដួល​រលំ​នៅ​ក្នុង​ឆ្នាំ​១៩៩១ ប៉ុន្តែ​ប្រទេស​ទាំង​២​នេះ​បាន​ចែក​ផ្លូវ​គ្នា​នៅ​ឆ្នាំ​២០០៦ នៅ​ពេល​ម៉ុងតេណេក្រូ ប្រកាស​ឯករាជ្យ​នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ​២០០៦ ដើម្បី​បង្កើត​ប្រទេស​មួយ​តែ​ម្នាក់​ឯង​ដោយ​មិន​ចាំ​ចាច់​មាន​ប្រទេស​ស៊ែប។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ប្រទេស​ស៊ែប​បាន​ធ្វើ​តាម ដោយ​ប្រកាស​ឯករាជ្យ​ដែរ។ យូហ្គោស្លាវី​ត្រូវ​បាន​បង្កើត​ដំបូង​ជា​រាជាណាចក្រ​នៅ​ឆ្នាំ ១៩១៨ និង​ ក្រោយ​មក​ប្ដូរ​ទៅ​ជា​រដ្ឋសង្គមនិយម​វិញ​បន្ទាប់​ពី​ចប់​សង្គ្រាម​លោក​លើក​ទី ២។ ​សហភាព​​យូហ្គោស្លាវី មាន​ប្រទេស​ចំណុះ​ចំនួន​៦​​ដូចជា៖ បូស្នី - ហឺហ្ស៊េហ្គោវីណា(Bosnia-Hercegovina), ក្រូអាត, ម៉ាសេដូនី,​ ស្លូវើនៀ, ម៉ុងតេណេក្រូ, និង ប្រទេស ស៊ែប​។ ប្រទេស​ស៊ែប​មាន​ខេត្ត​ស្វយ័ត ២ គឺ កូសូវ៉ូ និង Vojvodina ប៉ុន្តែ​ Vojvodina មិន​ទាន់​មាន​សំណាង​ដូច​កូសូវ៉ូ ពោល​គឺ​មិន​ទាន់​បាន​​ឯករាជ្យ​ពី​ប្រទេស​ស៊ែប​នៅ​ឡើយ​។

​បន្ទាប់​ពី​សហភាព​​យូហ្គោស្លាវី​ដួល​រលំ​ភ្លាមៗ ប្រទេស​ទាំង​អស់​នៅ​ក្រោម​ចំណុះ​យូហ្គោស្លាវី បាន​ប្រញិបប្រញាប់​ប្រកាស​ឯករាជ្យ​រៀងៗ​ខ្លួន លើក​លែង​តែ ម៉ុងតេណេក្រូ និង ស៊ែប ដែល​ត្រូវ​អូស​បន្លាយ​ពេល​​​ប្រកាស​ឯករាជ្យ​មក​ដល់​​ខែ មិថុនា ឆ្នាំ​២០០៦ ហើយ​អ្នក​ដែល​សុំ​ចែក​ផ្លូវ​មុន​គឺ​ប្រទេស ម៉ុងតេណេក្រូ ព្រោះ​ប្រជាជន​ម៉ុងតេណេក្រូ​ជាង​៥៥% ចង់​កាត់​ផ្តាច់​ទំនាក់ទំនង​ពី​ប្រទេស​ស៊ែប។

មូលហេតុ​ដែល​ប្រទេស​ស៊ែប​មិន​ចង់​ចែក​ផ្លូវ​ជាមួយ​នឹង​ប្រទេស ម៉ុងតេណេក្រូ និយាយ​បែប​ផ្សេង អតីត​សហភាព​យូហ្គោស្លាវី គឺ​ជា​ចក្រភព​ស៊ែប (Greater Serbia)។

  • ប្រទេស​ទីម័រខាងកើត ខែ​ឧសភា ឆ្នាំ ២០០២

ប្រទេស​ទីម័រខាងកើត​បាន​ទទួល​ឯករាជ្យ​នៅ​ថ្ងៃ​ទី ២០ ខែ​ឧសភា ឆ្នាំ ២០០២ ពី​ប្រទេស​ឥណ្ឌូណេស៊ី។ ទីម័រខាងកើត ត្រូវ​បាន​ឥណ្ឌូណេស៊ី​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ខ្លាំង ទម្រាំ​បាន​ឯករាជ្យ។ ជារួម​ ទីម័រខាងកើត នៅ​ក្រោម​អាណានិគម​ព័រទុយហ្គាល់​ជិត​៣០០​ឆ្នាំ ចន្លោះ​ពី​ឆ្នាំ ១៧០២-១៩៧៥។ គ្រាន់​តែ​អាណានិគម​ព័រទុយហ្គាល់​​ដក​ចេញ​ភ្លាម​ ឥណ្ឌូណេស៊ី​បាន​ទាមទារ​ទឹកដី​ទីម័រខាងកើត​ថា​ជា​របស់​​ខ្លួន​ និង​បាន​បង្ក្រាប​ចលនា​ទាមទារ​ឯករាជ្យ​យ៉ាង​សាហាវ។

បើ​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ឥណ្ឌូណេស៊ី​បាន​សម្លាប់​ជនជាតិ​ទីម័រខាងកើត​យ៉ាង​ហោច​ណាស់​ ១៨០ ០០០ នាក់​គិត​ចាប់​តាំង​ពី​ចូល​ឈ្លាន​ពាន ទីម័រខាងកើត ក្នុង​ឆ្នាំ​១៩៧៥៕

ប្រភព៖ Washingtonpost ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម