• 2019-12-09 02:07:46
  • ព័ត៌មាន

យុវជន​​មួយ​ក្រុម​​បាន​មេដាយ​លេខ​១​ ការ​ប្រកួត​ប្រជែង​វីដេអូ​អប់រំ​ស្តី​អំពី​សិទ្ធិមនុស្ស​របស់ ​​OHCHR​ ប្រចាំឆ្នាំ២០១៩

  • 2019-12-09 02:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​មួយ​ក្រុម​បាន​ទទួល​ពាន​រង្វាន់​លេខ​​១​​​ ក្នុង​ការ​ប្រកួត​ប្រជែង​វីដេអូ​អប់រំ​ស្ដី​​អំពី​សិទ្ធិមនុស្ស​របស់​អង្គការ ​UNHR​ ​​ប្រចាំ​កម្ពុជា​​ឆ្នាំ២០១៩ ខណៈ​ពាន​រង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​កាល​ពី​ថ្ងៃ​សៅរ៍ ​ចុង​សប្ដាហ៍​មុន​នេះ ​នៅ​ស្តាត​អូឡាំពិក​។ ​ផលិតករ​​វ័យ​​ក្មេង​ទាំង​នោះ​មាន​​​យុវជន​​ ឈឿន​ ស៊ុន​ឡេង ​កញ្ញា សី ចរិយា​ កញ្ញា​​ ​ឈូកឆេង​អួយ​​​ កញ្ញា ឈឿន ស៊ីវម៉ី​ និង​កញ្ញា​ ជន សោភ័ណ្ឌ​ ។ ​

មាន​រយៈ​ពេល​​​ជាង​​ ៦ នាទី​​ វីដេអូ​អប់រំ​​មួយ​​នេះ​ ក្រោម​ប្រធានបទ​ "អំពើ​ហិង្សា​ដោយ​មហា​ជន​ ” ​បាន​ពិពណ៌នា​​ពី​ស្ត្រី​ម្នាក់​បាន​បាត់​បង់​​កូន​ប្រុស​​ជា​ទី​ស្រលាញ់​​ ដោយ​សារ​ការ​​យល់​​ច្រឡំ​ថា​ ជា​ចោរ និង​ត្រូវ​បាន​ប្រើ​ហិង្សា​​ដោយ​មហាជន​​ ​ហើយ​​​ទម្លាក់​ចូល​​​ទឹក​​​ស្លាប់​យ៉ាង​​អាណោច​អធម​បំផុត​។​

​យុវជន​​ ឈឿន​ ស៊ុន​ឡេង​ តំណាង​ក្រុម​​បាន​ Sabay ​​​ឱ្យ​ដឹង​ថា ​វីដេអូ​​នេះ​ត្រូវ​បាន​ផលិត​​ឡើង​ជិត​​៣​ខែ​ និង​មាន​ការ​គាំទ្រ​ពី​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR)​​ប្រចាំ​កម្ពុជា​ ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ឱ្យ​មាន​​ការ​ដោះស្រាយ​បញ្ហា​នានា​ នៅ​ក្នុង​សង្គម​ ដោយ​ស្នើ​ទៅ​​ស្ថាប័ន​​រដ្ឋ​ដូច​ជា​​ ក្រសួងព័ត៌មាន​​អាច​ជួយ​ផ្សព្វផ្សាយ​​ អំពី​ផល​អវិជ្ជមាន​​នៃ​ការ​​ប្រើ​ប្រាស់​​ហិង្សា​មហាជន​ និង​ជំរុញ​ឱ្យ​មាន​​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ ទប់​ស្កាត់​បញ្ហា​ហិង្សា​​​​គ្រប់​រូបភាព។​ ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​មាន​​បញ្ហា​កង្វះ​ចំណេះ​ដឹង​ទាក់​ទង​នឹង​ការ​ប្រព្រឹត្តិ​អំពើ​ហិង្សា​ ដោយ​មហាជន​ទៅ​លើ​ជន​សង្ស័យ​។

កាល​ពី​ថ្ងៃទី​​០៧​ ធ្នូ ​​កន្លងមក​នេះ​ ​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​សហការ​ជា​មួយ​គ​គណៈកម្មាធិការ​​សិទ្ធិ​មនុស្ស​កម្ពុជា ​ក្រុម​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ​និង​ប្រតិភូ​ស​ហភាព​អឺរ៉ុប ​បាន​រៀបចំ​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០​ ធ្នូ​ នៅ​ពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំពិក​ ក្រោម​មូលបទ​ “​យុវជន​ក្រោក​ឡើង ​ដើម្បី​សិទ្ធិ​មនុស្ស​”​។ ​ព្រឹត្តិការណ៍​នេះ​បាន​ជួយ​រំលេច​ពី​តួនាទី​ដឹក​នាំ​របស់​យុ​វជន​ ដែល​ជា​ប្រភព​នៃ​ការ​ជំរុញ​ឲ្យ​មាន​អនាគត​មួយ​កាន់​តែ​ប្រសើរ​។​

យុវជន​ឈឿន​ ស៊ុន​ឡេង​​ ​បាន​​បង្ហាញ​​អារម្មណ៍​រីក​រាយ​ និង​មិន​​នឹក​ស្មាន​​ថា​ ​អាច​​​ទទួល​បាន​​មេដាយ​លេខ​នោះ​​ឡើយ​​ ហើយ​​បាន​ផ្កាំ​ផ្ញើ​​ទៅ​​ប្រជាពលរដ្ឋ​ទាំង​អស់​​ឈប់​ប្រើ​អំពើ​ហិង្សា​គ្រប់​រូបភាព​ ដែល​កើត​មាន​ឡើង​ ក្នុង​សង្គម។ ​​​​​

មតិយោបល់