- 2020-01-17 02:31:40
- ព័ត៌មាន
បើចង់មានលុយទិញផ្ទះខ្លួនឯង ដាច់ខាតត្រូវចោលឲ្យបានទម្លាប់អាក្រក់ ៦យ៉ាងនេះ
- 2020-01-17 02:31:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើចង់មានលុយទិញផ្ទះខ្លួនឯង ដាច់ខាតត្រូវចោលឲ្យបានទម្លាប់អាក្រក់ ៦យ៉ាងនេះ
ចន្លោះមិនឃើញ
"បើមានលុយទិញផ្ទះនៅខ្លួនឯង នឹងទិញហើយ មិននៅផ្ទះជួលទេ" នេះជាទស្សនៈភាគច្រើនបំផុតរបស់អ្នកនៅផ្ទះជួលទាំងឡាយ។ ប៉ុន្តែពេលខ្លះ មនុស្សម្នាក់ៗមិនសូវបានចាប់អារម្មណ៍ពីទម្លាប់មិនល្អ ក្នុងការរស់នៅរបស់ខ្លួនឯងឡើយ ដែលអាចជាមូលហេតុមិនងាយនឹងសល់លុយនឹងគេ។ ដូច្នេះសូមមកដឹងទម្លាប់មិនល្អមួយចំនួនដូចខាងក្រោមនេះ ថាតើអាចចូលជាចំណុចណាមួយរបស់អ្នកទាំងអស់គ្នាដែរឫទេ?
១. រកតែផ្ទះស្អាត និងតម្លៃថ្លៃ
បើតាមការលើកឡើងរបស់ កញ្ញា សុខ ម៉ាល័យ ជាមន្ត្រីរាជការមួយរូប និយាយថា ជាធម្មតានរណាក៏ចង់រស់នៅកន្លែងស្អាតមានផាសុកភាពដែរ តែក្នុងលក្ខខណ្ឌកំពុងត្រូវការសន្សំលុយ ដើម្បីមានផ្ទះនៅថ្ងៃអនាគតមិនគួររើសកន្លែងស្នាក់នៅពេកទេ។ មនុស្សមួយចំនួនមិនទម្លាប់រស់នៅបន្ទប់តូចៗ រកសុទ្ធតែផ្ទះល្វែងក្នុង១មួយខែ គ្រាន់តែចំណាយលើការស្នាក់នៅអស់រហូតដល់ ១៥០ ទៅ ២០០ដុល្លារបាត់ទៅហើយ។ ដូចនេះបើចង់សល់លុយគឺមិនងាយឡើយ។
២. រកលុយដើម្បីតែផ្គត់ផ្គង់បង់ថ្លៃផ្ទះគ្មានគម្រោងសន្សំ
មនុស្សម្នាក់ៗមិនអាចរស់នៅដោយគ្មានផែនការមេ ឬ Master Plan ទេ ត្រូវដាក់គោលដៅចំពោះខ្លួនឯង។ ដូច្នេះបើធ្វើការ ឬរកស៊ីដើម្បីផ្គត់ផ្គង់បង់តែថ្លៃផ្ទះជួល មិនដឹងពេលណាមានផ្ទះរស់នៅដោយខ្លួនឯងទេ។ ដូច្នេះហើយត្រូវដាក់ផែនការសន្សំឱ្យច្បាស់លាស់ បែងចែកការចំណាយឱ្យត្រូវត្រឹមត្រូវ មិនមែនរកមកបង់តែថ្លៃផ្ទះ សល់ប៉ុន្មានទុកចាយឡើយ។ នេះបើតាមការលើកឡើងបន្ថែមទៀតរបស់កញ្ញា សុខ ម៉ាល័យ។
៣. ចាយលុយបង្ហូរគ្មានដាក់កំណត់ច្បាស់លាស់
ដោយឡែកមកជួបជាមួយលោក វណ្ណ ដេត បុគ្គលិកក្នុងធនាគារមួយចែករំលែកបទពិសោធន៍របស់ខ្លួនថា កាលណាបើចាយលុយទៅតាមអារម្មណ៍បញ្ជា ក៏មិនងាយនឹងសល់លុយទុកសន្សំឡើយ។ ជាការល្អកុំចេះតែដកលុយចាយផុយៗងាយៗខ្លាំងពេក មុននឹងដកត្រូវគិតសិនថា តើតម្រូវការនោះចាំបាច់ទេ? តើអាចមិនចំណាយបានឬអត់? រាល់ការចំណាយមិនថាទំហំទឹកលុយតិច ឫច្រើនគួរកត់ទុកឱ្យត្រឹមត្រូវ ដើម្បីដឹងថាខែនេះចាយលើអ្វីខ្លះ? អស់ប៉ុន្មាន? ដើម្បីកុំឱ្យចុងខែអស់លុយដោយមិនដឹងមូលហេតុ។
៤. ចំណាយមិនចាំបាច់មិនព្រមបោះបង់ចោល
លោក វណ្ណ ដេត ដដែលបន្តទៀតថា មិនមែនអាងតែប្រាក់ខែច្រើន ចេះតែចាយមិនរើសមុខទេ រាល់ការចំណាយមិនចាំបាច់គួរលុបបំបាត់ចោល។ ក្នុងនោះរួមមាន៖ សំលៀកបំពាក់ទិញបង្ហូរដេញតាមម៉ូត ស្បែកជើងមានពាក់ហើយនៅតែទិញយកមកគរ បាយផ្ទះមិនព្រមហូបទៅហូបតែនៅក្រៅ ដើរលេងម្ដងៗចូលចិត្តតែចេញលុយឱ្យគេ។ ដូច្នេះបើស្ថិតក្នុងការចំណាយមិនចាំបាច់មួយណា ក្នុងចំណោមខាងលើនេះ គួរបញ្ឈប់ជាបន្ទាន់។
៥. មិត្តភក្ដិរាប់អានគរដូចភ្នំគ្រាន់តែក្នុងមួយខែមិនដឹងកម្មវិធីប៉ុន្មាន
ជាការពិតមនុស្សម្នាក់ៗ មិនអាចរស់នៅតែម្នាក់ឯងក្នុងសង្គមបានទេ គឺត្រូវតែមានទំនាក់ទំនង។ ប៉ុន្តែការរាប់អានមិត្តក៏ត្រូវចេះសេពគប់មនុស្សណាដែលជះឥទ្ធិពលវិជ្ជមានត្រឡប់មកវិញ មិនមែនចេះតែរាប់អានមិនរើសមុខទេ។ បើកាលណាមិត្តភក្ដិកាន់តែច្រើន ការចំណាយក៏កាន់តែច្រើនដែរ ព្រោះបន្តិចអ្នកនេះហៅបុណ្យ ហៅការ ហៅខួបកំណើត។ល។ ដូច្នេះលុយដែលខំរកទាំងប៉ុន្មានទុកតែផ្គត់ផ្គង់កម្មវិធីទៅ មិនបាច់ទុកសន្សំអ្វីទេ។ នេះបើតាមការលើកឡើងពី កញ្ញា អាង ស្រីនិត ជាបុគ្គលិកក្នុងក្រុមហ៊ុនឯកជនមួយ។
៦. ទុកពេលវេលាទំនេរពីមួយថ្ងៃទៅមួយថ្ងៃច្រើនពេក
កញ្ញាខាងលើដដែលលើកឡើងមួយចំណុចទៀតថា ជាធម្មតាសេដ្ឋីល្បីៗលើពិភពលោកកម្រមានពេលអង្គុយលេង ប្រាជ្ញព្រោកឥតប្រយោជន៍ណាស់ គឺតែងរកអ្វីធ្វើមិនឱ្យទំនេរដៃ ដើម្បីបង្កើនចំណូល។ ដូច្នេះមិនគួរទុកពេលទំនេរច្រើនពេកទេប្រសិនបើមានឱកាសគួរបង្កើតទំនាក់ទំនងជាមួយមនុស្សជោគជ័យ ឬចូករួមកម្មវិធីសង្គមនានា ដើម្បីចាប់ឱកាសការងារបន្ថែមទៀត ដែលអាចរកប្រាក់ចំណូលបានថែមមួយកម្រិតទៀត៕