- 2020-01-21 10:57:20
- ព័ត៌មាន
TCEB, Bangkok Airways និង CDS ចាប់ដៃគ្នាបង្កើតយុទ្ធនាការ “Fly, Meet, Shop”
- 2020-01-21 10:57:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TCEB, Bangkok Airways និង CDS ចាប់ដៃគ្នាបង្កើតយុទ្ធនាការ “Fly, Meet, Shop”
ចន្លោះមិនឃើញ
ការិយាល័យពិព័រណ៍ និងសន្និបាតថៃ (TCEB) បានចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways និង Central Department Store ដើម្បីចាប់ផ្ដើមកម្មវិធីយុទ្ធនាការ “Fly, Meet, Shop” ដែលមានន័យថា “ធ្វើដំណើរតាមយន្តហោះ ជួបជុំគ្នា និងទិញទំនិញ” សម្រាប់ទីផ្សារដំណើរកម្សាន្ត នៃប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ យុទ្ធនាការថ្មីនេះ គឺដើម្បីធ្វើពង្រីកការធ្វើដំណើរពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ឆ្ពោះទៅកាន់ប្រទេសថៃ។
ការិយាល័យតាំងពិព័ណ និងសន្និបាតថៃ (TCEB) តំណាងដោយកញ្ញា Nooch Homrossukhon ចំណែកក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways តំណាងដោយលោក Mr. Varong Israsena Na Ayudhaya អគ្គនាយករងផ្នែកទីផ្សារ និងកញ្ញា Tippamas Kaysee ជាអគ្គនាយករងទីផ្សារទេសចរណ៍ តំណាងក្រុមហ៊ុន Central Department Store Limited Group (CDS)។ ការបង្ហាញយុទ្ធនាការ “Fly, Meet, Shop” នេះ ធ្វើឡើងនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra រាជធានីភ្នំពេញ។
ការបង្កើតយុទ្ធនាការថ្មីនេះឡើង គឺក្រោយពី TCEB និង Bangkok Airways បានបង្កើតយុទ្ធនាការចំនួន ២ យ៉ាងជោគជ័យកាលពីឆ្នាំ២០១៨ និង២០១៩ គឺយុទ្ធនាការ "Building on the success of “Fly and Meet Double Bonus” និងយុទ្ធនាការ “Fly and Meet Double Bonus-Redefined” សម្រាប់ឆ្នាំ២០២០ សម្រាប់យុទ្ធនាការថ្មីនេះ TCEB និង Bangkok Airways បានអញ្ជើញដៃគូយុទ្ធសាស្រ្ដថ្មីមួយទៀតឲ្យចូលរួមជាមួយ គឺ Central Department Store (CDS) ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកធ្វើដំណើរកម្សាន្ត។
កញ្ញា Nooch Homrossukhon មកពីការិយាល័យពិព័រណ៍ និងសន្និបាតថៃ បានបញ្ជាក់ថា ភាពជោគជ័យនៃយុទ្ធនាការនារយៈពេល ២ឆ្នាំកន្លងមក គឺបានការចូលរួមចំណែកពីភាពរីកចម្រើននៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ កំណត់ត្រា នៃក្រុម Meeting and Incentive គឺមានរហូតដល់ ៤៤ក្រុម (មានអ្នកចូលរួម ១០៥៤២នាក់) មកពីប្រទេសទាំង ៤ ក្នុងឆ្នាំ២០១៩ កើនឡើង ១៩ភាគរយ បើធៀបឆ្នាំ២០១៨។
កញ្ញាបានឲ្យដឹងថា៖ "ដោយសារតែការរីកចម្រើនដ៏ខ្លាំងនេះ ធ្វើឲ្យ TCEB និង Bangkok Airways មានគោលបំណងបន្ថែមការវិនិយោគទីផ្សារនៃការធ្វើដំណើរ នាពេលនេះ ក៏ដូចជាពេលអនាគត ជាមួយនឹង Central Department Store ដើម្បីបង្កើតយុទ្ធនាការថ្មីនេះឡើង។ នេះជាការសហការឈ្នះ-ឈ្នះ សម្រាប់អ្នកផ្គត់ផ្គង់ថៃ និងអតិថិជននៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម"។
កញ្ញា Nooch Homrossukhon បន្តថា "ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម រំពឹងថានឹងរក្សាកំណើនសេដ្ឋកិច្ចពី ៦ ទៅ ៧ភាគរយ ខណៈថៃ ក៏បានអភិវឌ្ឍន៍ផលិតផល MICE ថ្មី ចំនួន ១១៥ និងមានទីកន្លែងកម្សាន្តទាក់ទាញ នៅ ៥ទីក្រុងធំៗ។ យើងជឿជាក់ថា ការមានផលិតផលច្រើនប្រភេទបែបនេះ នឹងជួយជម្រុញឲ្យមានការកើនឡើងនៃអ្នកធ្វើដំណើរកម្សាន្តពីប្រទេសទាំង៤"។
ចំណែកលោក Varong Israsena Na Ayudhaya អគ្គនាយករងទីផ្សារ នៃ Bangkok Airways បានឲ្យដឹងដែរថា "ក្នុងនាមជាអ្នកតំណាងឲ្យ Bangkok Airways ខ្ញុំសូមអរគុណ TCEB ដែលបានជ្រើសរើសយើង សម្រាប់ការសហការជាយុទ្ធសាស្រ្ដមួយឆ្នាំទៀត សម្រាប់យុទ្ធនាការ “Fly, Meet, Shop” សម្រាប់ទីផ្សារប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ប្រទេសទាំង ៤ ស្ថិតក្នុងចំណោមទីផ្សារសំខាន់ៗនៃក្រុមហ៊ុនអាកាសចរណ៍ បើយោងតាមស្ថិតិរបស់ Bangkok Airways ដែលភ្ជាប់ការហោះហើរជាច្រើនជម្រើស ពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ទៅកាន់ប្រទេសថៃ។ ការផ្ដល់ការហោះហើរជាច្រើនជម្រើសដល់អ្នកធ្វើដំណើរនេះ គឺស្របទៅតាមពាក្យស្លោករបស់ក្រុមហ៊ុន គឺ “Asia’s Boutique Airline” ហើយខ្ញុំជឿជាក់ថា សេវាកម្មរបស់យើង នឹងសមស្របទៅតាមតម្រូវការរបស់អ្នកធ្វើដំណើរ"។
កញ្ញា Tippamas Kaysee អគ្គនាយករង ទីផ្សារទេសចរណ៍ របស់ក្រុមហ៊ុន Central Department Store Limited បានបញ្ជាក់ថា នេះជាឆ្នាំដំបូងដែល Central Department Store (CDS) បានចូលរួមក្នុងយុទ្ធនាការជាមួយ TCEB និង Bangkok Airways។ CDS ពិតជាមានកិត្តិយសណាស់ ដែលបានចូលរួមចំណែកក្នុងយុទ្ធនាការទីផ្សារថ្មីនេះ។ យើងនឹងផ្ដោតលើទីផ្សារប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដោយសារតែ CDS បានមើលឃើញពីការរីកចម្រើន និងការកើនឡើងនៃការធ្វើដំណើរពីប្រទេសទាំង ៤ មកកាន់ហាងទំនិញរបស់យើង។ ក្នុងឆ្នាំ២០១៩ កម្ពុជា គឺជាទីផ្សារធំជាងគេ ដោយមានការកើនឡើង ១០% បើធៀបឆ្នាំ២០១៨"។
"បច្ចុប្បន្ននេះ Central Department Store មានសាខា ២៤កន្លែង ទូទាំងប្រទេសថៃ មាននៅគ្រប់គោលដៅទេសចរណ៍សំខាន់ៗ ដូចជាបាងកក ភូកេត និងឈៀងម៉ៃជាដើម។ យើងមានហាងប្រ៊ែនៗជាច្រើន និងផលិតផលជាច្រើនមុខ ដែលអតិថិជនមកពីប្រទេសទាំង៤ ពេញចិត្ត។ ពួកគេអាចប្រើគូប៉ុងរបស់យើងបាន នៅពេលទិញទំនិញនៅគ្រប់ហាងទាំងអស់"។
យុទ្ធនាការ "Fly, Meet, Shop" ឆ្នាំ២០២០ នេះ នឹងផ្ដល់ឲ្យអ្នកដំណើរនូវការទទួលបានមកវិញយ៉ាងល្អឥតខ្ចោះ ដែលរួមមានទាំងការជួយផ្នែកហិរញ្ញវត្ថុ និងទទួលបានសេវាអន្តោប្រវេសឆាប់រហ័ស នៅព្រលានយន្តហោះសុវណ្ណភូមិ ការទស្សនាការសម្ដែងវប្បធម៌ ការទទួលបានការបញ្ចុះតម្លៃ ១០ភាគរយ នៅក្នុងការទិញទំនិញលើយន្តហោះ Bangkok Airways, ទទួលបានសំបុត្រ free ១សន្លឹក សម្រាប់ការទិញ ៣០សំបុត្រ និងការទទួលបាន ១០គីឡូបន្ថែមសម្រាប់ឥវ៉ាន់លើយន្តហោះជាដើម។ សម្រាប់ការទិញទំនិញ CDS នឹងផ្ដល់ជូននូវគូប៉ុង Central E-Cash និងវត្ថុអនុស្សាវរីយ៍ជាការស្វាគមន៍។
ដើម្បីទទួលបានការផ្ដល់ជូនខាងលើ ក្រុមនីមួយៗ ត្រូវមានសមាជិកយ៉ាងតិច ៣០នាក់ ហោះមកកាន់ប្រទេសថៃ ដោយស្នាក់នៅយ៉ាងតិច ២យប់ ឬក៏មានការរៀបចំព្រឹត្តិការណ៍នៅទីតាំងដែលទទួលស្គាល់ដោយ Thailand MICE Venue Standard ឬក៏សណ្ឋាគារដែលបានចុះឈ្មោះ។ ការចុះឈ្មោះ នឹងបើករហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការធ្វើដំណើរត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.businesseventsthailand.com/en/support-solution/meetings-incentives/campaign/flymeetshop៕