• 2020-02-24 12:28:21
  • ព័ត៌មាន

រដ្ឋ​ជួយ​ទាំង​រោងចក្រ និង​កម្មករ ពី​ផល​ប៉ះពាល់​នៃ​ Covid19 និង​ការ​ដក EBA ២០%

  • 2020-02-24 12:28:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​មិញ​ដែរ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ ដើម្បី​ជួយ​ដល់​វិស័យ​កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង និង​កាបូប ពី​ការ​ប៉ះពាល់​នៃ​ភាព​យឺតយ៉ាវ​នៃ​ការ​នាំ​ចេញ​ទំនិញ​ពី​ចិន (ដោយសារ​វីរុស​ Covid19) ក៏​ដូច​ជា​ ការ​ព្យួរ​ភាព​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​មួយ​ចំនួន​ក្នុង​កម្មវិធី​ EBA។

សម្ដេច​បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​នឹង​ពិនិត្យ​ក្នុង​ការ​លើកលែង​ពន្ធ​ចំនួន ៦ខែ ទៅ​ ១ឆ្នាំ ដល់​រោងចក្រ សហគ្រាស ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​បញ្ហា​ទាំង​ពីរ​ខាង​លើ ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អ្នក​រៀបចំ​សម្របសម្រួល​រូបមន្ត និង​គោលការណ៍​ក្នុង​ការ​វាយតម្លៃ​នេះ។

លើសពីនេះទៅទៀត អំឡុង​ពេល​ព្យួរ​អាជីវកម្ម​រោង​ចក្រ​នឹង​មិន​តម្រូវ​ឲ្យ​បង់​ថ្លៃ​វិភាគទាន​ធានារ៉ាប់រង​ការងារ និង​ថែទាំ​សុខភាព (បសស) ឡើយ។

ចំណែក​ឯ​កម្មករ​-និយោជិក​វិញ នឹង​ទទួល​បាន​ ៦០% នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ ដោយ​រដ្ឋ​ចេញ​ ២០% និង​រោងចក្រ​ចេញ​ ៤០% ចំពោះ​កម្មករ​រោងចក្រ សហគ្រាស​ណា ដែល​ផ្អាក​សកម្មភាព​រយៈពេល​ខ្លី។ ប៉ុន្តែ​កម្មករ​-កម្មការិនី​ត្រូវ​តែ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រវាង ១សប្ដាហ៍ ទៅ ២សប្ដាហ៍ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នេះ។

ចំពោះ​កម្មករ​ណា​ដែល​បាត់បង់​ការងារ ឬ មាន​បំណង​ប្ដូរ​ការងារ​ក្នុង​ថ្ងៃ​អនាគត រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដូចជា ផ្ដល់​សេវា​ជួយ​រក​ការងារ​ តាម​រយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ បណ្ដុះបណ្ដាល​ជំនាញ​ទន់ បណ្ដុះបណ្ដាល​ជំនាញ​មិនមែន​កាត់ដេរ​រយៈពេល ៤ខែ ហើយ​ប្រាក់​ឧបត្ថម្ភ​ចំនួន ១២០ដុល្លារ​/ខែ រយៈពេល ៦ខែ (៤ខែ​បណ្ដុះបណ្ដាល និង​២ខែ​ទុក​បម្រុង​អំឡុង​រក​ការងារ​មិន​ទាន់​បាន)៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី