• 2020-03-26 06:43:55
  • ព័ត៌មាន

មនុស្សជាង ៣ពាន់លាននាក់ ត្រូវបង្ខាំងមិនឲ្យចេញទៅណា ក្រោយ Covid-19 សម្លាប់ជាង ២ម៉ឺននាក់ទូទាំងពិភពលោក

  • 2020-03-26 06:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មនុស្ស​ជាង​៣.០០០​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​កំពុង​រស់នៅ​ក្រោម​ការ​រឹតត្បិត​ការធ្វើដំណើរ​នៅពេល​រដ្ឋាភិបាល​បង្កើន​កិច្ចខិតខំ​ទប់ស្កាត់​និង​គ្រប់គ្រង​វីរុស​​កូរ៉ូណា​ហៅ​កូវី​ត​១៩ ដែល​រហូតមកទល់​ពេលនេះ​បាន​ឆក់យក​ជីវិត​មនុស្ស​អស់​ជាង​២០.០០០​នាក់​។​

​នៅពេល​ចំនួន​អ្នក​ឆ្លង​ដែល​មាន​ការ​បញ្ជាក់បាន​កើន​ហួស​៤៥០.០០០​នាក់​នៅ​ទូទាំង​ពិភពលោក អគ្គលេខា​អង្គការសហប្រជាជាតិ បាន​ព្រមាន​ថា មានតែ​កិច្ច​​ខិតខំ​រួមគ្នា​មួយ​នៅ​ទូ​ទាំង​សកលលោក​ទេ​ទើប​អាច​បង្ក្រាប​វីរុស​ឆ្លង​នេះ​បាន​។​ ​នៅ​អ៊ីតាលី​ ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ហួស​៧.៥០០​នាក់​ដោយ​កាលពី​ថ្ងៃ​ពុធ​ទី​២៥​មីនា​អាជ្ញាធរ​បាន​រាយការណ៍​អំពី​ការស្លាប់​ជាង​៦៨០​នាក់​នៅ​រយៈពេល​២៤​ម៉ោង​កន្លងមក ខណៈពេល​មាន​ការព្រួយបារម្ភ​ថា ជម្ងឺ​នេះ​កំពុង​ឆ្លង​រាលដាល​ឆ្ពោះទៅ​កាន់​ភាគ​ខាងត្បូង​ប្រទេស​។​ ​នៅអេ​ស្ប៉ាញ​ឯណោះ​វិញ ចំនួន​អ្នក​ស្លាប់​ដោយកូវី​ត​១៩​ឥឡូវ​ហក់​ឡើង​ហួស​ចំនួន​ស្លាប់​នៅ​ចិន​ដោយ​កាលពី​ថ្ងៃ​ពុធ មាន​អ្នកស្លាប់​៧៣៨​នាក់​បន្ថែមទៀត នាំ​​អោយ​ចំនួន​ស្លាប់​សរុប​កើន​ដល់​៣.៤៣៤​នាក់​គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​២៥​មីនា​។​

​កំណើន​អ្នកស្លាប់​ថេរ​នេះ​កើតឡើង​ចំពេ​លអេ​ស្ប៉ាញ​បិទ​ខ្ទប់​ប្រទេ​សដល់​ថ្ងៃទី​១១​ដើម្បី​បន្ថយ​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា ដែល​រហូតមកទល់​ឥឡូវ​បាន​ចម្លង​មនុស្ស​៤៧.៦១០​នាក់​នៅក្នុង​ប្រទេស​អឺរ៉ុប​មួយ​នេះ​។​ ​កងទ័ព​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​អង្គារ​បាន​ស្នើសុំ​ជំនួយ​មនុស្សធម៌​ពី​អង្គការ​ណា​តូ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កំណាច​នេះ ។​ ​នៅ​ក្រុង​វ៉ាស៊ីនតោន ប្រធានាធិបតី​ត្រាំ បាន​និយាយថា ទីក្រុង​ញូវយ៉ក​ឥឡូវ​ក្លាយជា​មជ្ឈមណ្ឌល​នៃ​ការផ្ទុះកូ​វីត​១៩​នៅ​អាម៉េរិក ដោយ​ចំនួន​អ្នក​ឆ្លង​កើន​ដល់​​ជាង​៣០.០០០​នាក់​។​

​ឥណ្ឌា​ដែល​មាន​ប្រជាជន​១.៣០០​លាន​នាក់ កំពុង​បិទ​ខ្ទប់​ការធ្វើដំណើរ​និង​ការ​ចេញ​ពី​ក្រៅ​ផ្ទះ ខណៈ​រុស្ស៊ី​ដែល​មាន​អ្នកស្លាប់​ដោយ​វីរុស​នេះ​២​នាក់ អាច​នឹង​ធ្វើ​តា​​ម ដោយ​ប្រធានាធិបតី​ពូ​ទីន​ប្រកាស​ឈប់សម្រាក​ទូទាំង​ប្រទេស​មួយ​សប្តាហ៍​ក្រោយ និង​ពន្យារពេល​ការបោះឆ្នោត​ប្រជាមតិ​ស្តី​ការកែទំរ​ង់​រដ្ឋធម្មនុញ្ញ​៕

ប្រភព ៖ rasmeinews

មតិយោបល់