• 2017-12-28 04:36:03
  • ចរាចរណ៍

រថយន្ត​ដាក់​វាំងនន​បាំង ឬ​បំពាក់ អំពូល​ឡាស៊ែរ និង LED សុទ្ធតែ​ខុស​ច្បាប់?

  • 2017-12-28 04:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​ការ​ផាក​ពិន័យ​តាម​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី បាន​ប្រព្រឹត្តទៅ​ដូច​ភ្លៀង​រលឹម ខណៈ​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​តវ៉ា​លើ​ករណី​ខ្លះ ដែល​មិន​ទាន់​ដឹង​ច្បាស់​ថា​ខ្លួន​ខុស ឬ​យ៉ាង​ណា។ ចំពោះ​ការ​ដាក់​វាំងនន​បាំង​កម្ដៅ​ថ្ងៃ និង​បំពាក់ អំពូល​ឡាស៊ែរ ឬ LED ជា​ករណី​ប្រទាំង​ប្រទើស​មួយ ដែល​តែង​កើត​ឡើង​ជា​ប្រចាំ​នៅ​ពេល​ផាក​ពិន័យ។ ដូច​នេះ មក​ស្ដាប់​អ្នក​អនុវត្ត​ច្បាប់ និង​ស្រាវជ្រាវ​ច្បាប់ បញ្ជាក់​ជុំ​វិញ​ករណី​រថយន្ត​ដាក់​វាំងនន​បាំង ឬ​បំពាក់ អំពូល​ឡាស៊ែរ និង LED។

ករណី​ដាក់​វាំងនន ឬ​បិទ​កញ្ចក់​ខ្មៅ៖

លោក ​វរសេនីយ៍ទោ ប៉ែន ឃុន នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ  បាន​ប្រាប់ Sabay ថា ការ​ដាក់​វាំងនន ស្មើ​នឹង​ការ​បិទ​កញ្ចក់​ខ្មៅ ព្រោះ​មិន​អាច​មើល​ពី​ក្រៅ​ឃើញ។ លោក​ថា បទ​បញ្ញត្តិ​នេះ មាន​ចែង​នៅ​ក្នុង​អនុក្រឹត្យ​លេខ៨០.អនក្រ បក ដែល​ចុះ​ហត្ថលេខា​ដោយ​សម្ដេច​តេជោ ហ៊ុន សែន តាំង​ពី​ថ្ងៃ២៩ ខែ​កក្កដា ឆ្នាំ​២០១០។

ត្រង់​មាត្រា៧ នៃ​អនុក្រឹត្យ​ បាន​បញ្ជាក់​ថា ជន​ណា​ប្រើប្រាស់​រថយន្ត​កញ្ចក់​ពណ៌ ឬ​ដាក់​របាំង វាំងនន​បាំង​កញ្ចក់​ដែល​មើល​ពី​ក្រៅ​ទៅ​ក្នុង​មិន​ឃើញ ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន ៥០.០០០រៀល (ប្រាំ​ម៉ឺន) រៀល ហើយ​ត្រូវ​ធ្វើ​ការ​កែ​តម្រូវ​ស្រប​តាម​បទ​បញ្ញត្តិ​នៃ​អនុក្រឹត្យ​នេះ។

ក្នុង​ករណី​មិន​បង់​ប្រាក់​ពិន័យ​ភ្លាម ត្រូវ​ពិន័យ​បន្ថែម​ចំនួន ១០.០០០(ម៉ឺន) រៀល​ក្នុង​មួយ​ថ្ងៃ​លើ​ទឹក​ប្រាក់​ពិន័យ​មូលដ្ឋាន។ ក្នុង​ករណី​មិន​បង់​ប្រាក់​ពិន័យ​លើស ៣០(សាប​សិប) ថ្ងៃ ត្រូវ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ។

យ៉ាង​ណា​ក្ដី ត្រង់​មាត្រា៦ បាន​បញ្ជាក់​ថា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ របាំង វាំងនន សម្រាប់​បាំង​ការពារ​កម្ដៅ​ថ្ងៃ​ចាំង​ចូល​រថយន្ត ប៉ុន្តែ​ត្រូវ​បក ឬ​បើក​ចេញ​វិញ​នៅ​ពេល​ដែល​គ្មាន​កម្ដៅ​ថ្ងៃ​ចាំង​ចូល។ ក្នុង​ពេល​តែ​មួយ មិន​អនុញ្ញាត​ឲ្យ​ដាក់​របាំង វាំងនន បាំង​កញ្ចក់​ទាំង​សង​ខាង នៃ​រថយន្ត​ឡើយ។ ប្រសិន​បើ​ដាក់​វាំង​ទាំង​សង​ខាង គឺ​ស្មើ​នឹង​ល្មើស​ច្បាប់ ដែល​តម្រូវ​ឲ្យ​ធ្វើ​ការ​ផាក​ពិន័យ។

ករណី​បំពាក់​អំពូល​ឡាស៊ែរ និង LED៖

លោក ផាន់ មករា អនុប្រធាន​ការិយាល័យ​ស្រាវជ្រាវ​នីតិសាធារណៈ នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ច្បាប់ ព្រឹទ្ធសភា បាន​លើក​ឡើង​ថា យានយន្ត​ស៊េរី​ទំនើប​មួយ​ចំនួន បាន​បំពាក់​អំពូល​ឡាស៊ែរ និង LED ដើម្បី​បំភ្លឺ​ផ្លូវ​បាន​ច្បាស់ និង​ជា​ផ្នែក​មួយ​នៃ​ការ​លម្អ ប៉ុន្តែ​អំពូល​ខ្លះ​បាន​ប៉ះ​ពាល់​ដល់​អ្នក​បើកបរ​បញ្ច្រាស​ទិស​គ្នា រហូត​មើល​ផ្លូវ​មិន​ឃើញ​ក៏​មាន។ ដូច​នេះ​ហើយ ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​នៅ​កម្ពុជា​បាន​​តម្រូវ​ឲ្យ​ផាក​ពិន័យ ចំពោះ​ការ​កែច្នៃ​ខុស​បច្ចេកទេស​នេះ។

លោក ផាន់ មករា បាន​បញ្ជាក់​ថា តាម​មាត្រា៣០ នៃ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​កម្ពុជា បាន​ចែង​ថា ការ​បំពាក់​សួរសព្ទ ភ្លើង​បំភ្លឺ ឬ​ភ្លើង​លំអ​ផ្សេង​ៗ​ទៀត ក្រៅ​ពី​ការ​កំណត់​លក្ខណៈ​បច្ចេកទេស​របស់​យាន​ជំនិះ ត្រូវ​ហាម​ឃាត់។ ប៉ុន្តែ​ប្រសិន​បើ​​​អំពូល Laser ឬ LED ទាំង​នោះ ត្រូវ​បំពាក់​ចេញ​ពី​រោងចក្រ​ផ្ទាល់ នឹង​មិន​មាន​ការ​ផាក​ពិន័យ​ឡើយ។

ម្យ៉ាង​វិញ​ទៀត ការ​បំពាក់​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ក៏​មិន​មាន​ការ​ផាក​ពិន័យ​ដែរ ហើយ​នៅ​តាម​កន្លែង​បំពាក់​ស្រប​ច្បាប់ សុទ្ធតែ​មាន​ឧបករណ៍​វាស់​កម្រិត​ភ្លើង ដែល​មិន​ប៉ះ​ពាល់​ដល់​អ្នក​ដំណើរ​ផ្ទុយ​គ្នា។

ចំណែក​មាត្រា៨ នៃ​អនុក្រឹត្យ​លេខ​៨៥​ អនក្រ.បក ចុះ​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៥ ស្ដីពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក បាន​ចែង​ថា ត្រូវ​ពិន័យ​អន្តរការណ៍​ចំពោះ​អ្នក​បើកបរ​ទោច​ចក្រ​យានយន្ត ឬ​ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក ឬ​ត្រី​ចក្រយានយន្ត​ចំនួន​ទឹក​ប្រាក់ ២៥០០០(ពីរ​ម៉ឺន​ប្រាំ​ពាន់) រៀល អ្នក​បើកបរ​យានយន្ត​ធុន​ស្រាល​ចំនួន​ទឹក​ប្រាក់ ៥០០០០​(ប្រាំ​ម៉ឺន) រៀល និង​អ្នក​បើក​បរ​យានយន្ត​ធុន​ធ្ងន់​ចំនួន​ទឹក​ប្រាក់ ១០០ ០០០​រៀល(មួយ​សែន) ចំពោះ អ្នក​បើកបរ​យានយន្ត​ល្មើស​នឹង​ការ​ប្រើ​ប្រាស់​ភ្លើង​បំភ្លឺ ឬ​កែច្នៃ​ភ្លើង​បំភ្លឺ ឬ​ភ្លើង​សញ្ញា​នៃ​យាន​មិន​ត្រឹមត្រូវ៕

ចុចអានអត្ថបទ៖

អត្ថបទ៖ គង់ វិសាល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី