• 2018-01-24 00:30:00
  • ជំនឿ

តំណាលចាស់ៗមកថា ស្រីៗខូចខ្លួនមុនការ មេបាកាច់ ពិតអត់? (វីដេអូ)

  • 2018-01-24 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាលតាំងពីបរមបុរាណមក ចាស់ៗតែងនិយាយថា បើស្រីៗថ្លោះធ្លោយជ្រុលជ្រួសប្រព្រឹត្តខុសប្រពៃណីមុនរៀបការ មេបានឹងតាមកាច់បងប្អូនខាងស្រីជាមិនខាន គឺធ្វើឲ្យបងប្អូន សាច់ជាតិខាងគ្រួសារស្រីឈឺ និងស្លាប់។

ពាក់ព័ន្ធនឹងអប្បិយជំនឿនេះ លោកតា ជុំ កុសល្យ ជាអាចារ្យការជាង ១០ ឆ្នាំ និងមានដូនតាធ្វើជាអាចារ្យការ ៣ ជំនាន់មកហើយនោះ បានប្រាប់ Sabay តាមទូរសព្ទថា វាជាការពិត អ៊ីចឹង តោងទាមទារឲ្យកូនប្រុសស្រី ត្រូវគោរពប្រពៃណីមួយនេះឲ្យបានខ្ជាប់ខ្ជួន។

លោកតាបញ្ជាក់ថា មេបាកាច់នេះ មិនមែនកាច់សាច់ញាតិ បងប្អូនខាងប្រុសទេ គឺកាច់តែខាងស្រីប៉ុណ្ណោះ។ បើសិនមានករណីនេះ ខាងស្រីត្រូវធ្វើយ៉ាងណាឲ្យខាងប្រុសមកសែនព្រេន ឬ ឲ្យមករៀបការឲ្យខានតែបាន ដើម្បីឲ្យមេបាខាងស្រីបានដឹងឮ ទើបអ្នកដែលមានជំងឺបានជាសះស្បើយ។

នេះជាប្រពៃណី និងអប្បិយជំនឿរបស់ខ្មែរតាំងពីបុរាណកាលមកម្ល៉េះ ដើម្បីឲ្យកូនចៅប្រុសស្រីមានសិរីសួស្ដី។ ជឿ ឬមិនជឿ គប្បីកុំប្រមាថ ព្រោះកម្ពុជា ជាប្រទេសសម្បូរ និងបង្កប់ដោយរឿងរ៉ាវអប្បិយជំនឿ-មន្តអាគមជាច្រើន ដែលរហូតមកដល់ពេលនេះ នៅតែជាអាថ៌កំបាំងនៅឡើយ។

អត់និយាយពីរឿងអរូបិយ បើបុរសនោះពិតជាស្រលាញ់អ្នកប្រាកដមែននោះ គេនឹងតស៊ូ គោរព និងផ្ដល់តម្លៃដល់អ្នក ហើយចូលស្ដីតាមប្រពៃណី។ បើគ្រាន់តែមកលឹបល សម្ដីផ្អែម ចង់បានខ្លួនប្រាណ អ្នកត្រូវពិចារណាលើមនុស្សប្រុសធន់នេះជាដាច់ខាង បើចង់យកធ្វើប្ដី៕

វីដេអូ៖

អត្ថបទ​ពាក់ព័ន្ធ៖

មតិយោបល់