• 2018-03-12 04:41:03
  • ចរាចរណ៍

មក​ដឹង​ទម្ងន់​ទោស​​តុលាការ​តាម​ផ្លូវ ដែល​កាត់​ក្ដី វាយដំ​ច្រំធាក់ ជន​បង្ក​ហេតុ​គ្រោះ​ថ្នាក់ចរាចរណ៍​ហើយ​រត់

  • 2018-03-12 04:41:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ម្សិល​មិញ​​ព័ត៌មាន​ស្តីពី​អំពើហិង្សា​ទៅលើ​អ្នក​បើក​បរ​ម្នាក់​ ដែល​រងការ​​ចោទថាបាន​បង្ក​គ្រោះ​ថ្នាក់​ចរាចណ៍​ហើយ​រត់គេច ត្រូវបាន​ចែក​រំលែក​តគ្នា​នៅ​​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុកជាច្រើន​។ អំពើ​ហិង្សានេះ​ បានធ្វើ​ឲ្យអ្នក​បើក​បរ​រង​របួស​ធ្ងន់ និងរថយន្ត​រងការ​ខូចខាត​។

ទាក់ទង​នឹង​អំពើហិង្សានេះ​ អ្នកច្បាប់ និង​អ្នក​ធ្វើការ​លើ​ការងារ​សុវត្ថិភាព​ចរាចរណ៍​លើក​ឡើង​ថាកើតឡើង​ដោយសារតែ​ចំណេះដឹង​ផ្នែក​ច្បាប់​របស់​ប្រជាពល​រដ្ឋមួយ​ចំនួន​​នៅមាន​កម្រិត​។ ​

(រូបភាពScreen Shoot ពី​ការ​ផ្សព្វផ្សាយ​សកម្មភាពអំពើហិង្សា​​លើ​អ្នក​បើក​បររថយន្ត​កាលពី​ម្សិល​មិញ ដែលត្រូវ​បាន​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក)

អនុ​ប្រ​ធាន​វិទ្យា​ស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​លោក គង់ រតនៈ មាន​ប្រសាសន៍ថា​ហេតុការណ៍​បែបនេះ​កើ​តឡើង​ដោយសារ​កន្លង​មក​មាន​អ្នក​បើក​បរ​បង្ករគ្រោះថ្នាក់​មួយចំនួន​តែងតែ​រត់គេច មិន​ដោះស្រាយ​បញ្ហា​នៅ​នឹង​កន្លែង។ ត្រង់​ចំណុច​នេះ​លោក​ថា​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួនមាន​អារម្មណ៍ខឹង​សម្បា និង​​យល់​ថា​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​បើក​បរ​ជា​រឿង​ត្រឹម​ត្រូវ។

លោក​បន្តថាៈ «វាជាបញ្ហា​បង្ហាញ​ថា​ប្រ​ជា​ជន​យើង​យល់​ថាអំពើហិង្សាជារឿងត្រឹម​ត្រូវ ដែល​វាផ្ទុយ​នឹង​ផ្លូវ​ច្បាប់...​ វាទាក់ទង​នឹង​ចំណេះដឹង​របស់ពលរដ្ឋ បើ​គាត់ដឹង​ពីប្រ​ព័ន្ធ​ច្បាប់ គាត់​មិន​បង្កអា​ហ្នឹងទេ តែក៏មាន​អ្នកខ្លះ​គាត់បំពាន​ដែរ...​ប្រ​ជា​ពល​រដ្ឋ​មួយចំនួន​តូច នៅ​យល់ថា​វាជារឿង​ត្រឹម​ត្រូវ​ ព្រោះ​កន្លង​មក​ធ្លាប់​មាន​អ្នករត់គេច មិនទទួល​ខុសត្រូវ​...វាក៏បង្ហាញពីឥទ្ធិពល​មិនល្អ មួយ​ដល់ប្រ​ទេសជាតិ​យើង..​វីដេអូបានផ្សាយ​តាម​បណ្តា​ញសង្គម​ពេញ​ពិភព​លោក​តែម្តង​ (នាំឲ្យគេ)​ថា​ពល​រដ្ឋ​យើង​មិន​គោរ​ពច្បាប់»​។​

លោក គង់ រតនៈ លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​បង្កគ្រោះថ្នាក់ចរាចរណ៍ទាំងឡាយ​គួរតែ​​ដោះ​ស្រាយ​បញ្ហា​នៅ​នឹ​ង​កន្លែងជា​ជាង​រត់​គេច​ ដោយ​ថា​ដើម្បី​កុំ​ឲ្យមាន​រឿង​វែង​ឆ្ងាយ និងថា​ប្រ​ជា​ពល​រដ្ឋ​ឃើញ​ហេតុការណ៍​មួយចំនួន​ក៏​ត្រូវបញ្ឈប់​ទម្លាប់ប្រើ​ហិង្សា​លើ​អ្នក​បើក​បរ​ដូចគ្នា​​។ ត្រង់ចំណុចនេះ​លោក​ថា​អ្នកប្រព្រឹត្តិអំពើ​ហិង្សា​លើ​អ្នក​បើ​បរ​​​ត្រូវ​តែ​មាន​ការ​ផ្តន្ទាទោស​​ទៅ​តាម​ផ្លូវ​ច្បាប់។

ប្រហាក់ប្រហែលគ្នានេះដែរ លោកមេធាវី សុក សំអឿន លើកឡើងថា​ប្រ​ជាពល​រដ្ឋ​គ្មាន​សិទ្ធិ​ប្រើ​អំពើ​ហិង្សា​ណា​មួយ​ទៅ​លើ​អ្នក​បង្កគ្រោះថ្នាក់​ចរាចរណ៍នោះទេ។ លោក​ថា​ប្រ​ជា​ពល​រដ្ឋ​ឃើញ​ហេតុការណ៍​មាន​សិទ្ធិត្រឹម​ជួយ​ឃាត់​ជន​បង្ក​ទុក​ឲ្យ​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ។

ក្នុង​ករណី​បង្ក​ហិង្សា​ឲ្យមាន​របួស​ស្នាម លើ​អ្នកបើក​បរ ឬធ្វើ​ឲ្យ​អ្នកបើក​បរ​បាត់​បង់​ជីវិត​លោក​ថា​អ្នក​ប្រ​ព្រឹត្តិអំពើ​ហិង្សាអាច​​នឹង​មាន​ទោស​ដល់​ជាប់ពន្ធនាគារ។​

លោក​បន្ថែមថាៈ «ការ​ប្រើ​កម្លាំង​ទៅ​លើ​គេ យើងមាន​សិទ្ធ​តែក្នុងន័យ​ការពារ​ខ្លួន​ទេ យើង​មិន​មាន​សិទ្ធិ​ទៅ​វាយ ឬ​សម្លាប់អ្នកណា​ម្នាក់​ទេ យើង​អាច​មាន​បទប្រើ​អំពើ​ហិង្សាដោយ​ចេតនា​ ..ហើយ​​បើ​ស្លាប់​អាច​មាន​បទ​មនុស្សឃាត​អីចឹង​ទៅ​ណា...​អាចជាប់គុក បើមាន​របួសស្នាម»

តាម​ក្រម​ព្រហ្ម​ទណ្ឌ​​មាត្រា​១៩៩​ចែងថា​ទង្វើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​មាន​អាវុធ ឬ​មិន​ប្រើ​​អាវុធ​ជា​អំពើ​ឃាត​កម្ម ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារពី​១០​ទៅ​១៥​ឆ្នាំ។

ផ្អែកតាម​ក្រម​ព្រហ្ម​ទណ្ឌ​ដដែល​ត្រង់​មានត្រា​២១៧ ទាក់ទង​នឹង​បទហិង្សា​ដោយ​ចេតនា​ ចែងថា​អំពើ​ហិង្សា​ប្រ​ព្រឹត្ត​ទៅ​លើ​អ្នក​ដទៃ​ ត្រូវផ្តន្ទាទោស​ដាក់​ពន្ធ​នាគារ​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​​ពីរ​លាន​រៀល​ទៅ​ប្រាំ​មួយ​លាន​រៀល​។

ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​ពេល​មានគ្រោះថ្នាក់​ចរាចរណ៍​នេះ ទាំង​លោក សុក សំអឿន និង​លោក គង់ រតនៈ យល់ថា​សមត្ថកិច្ច​ត្រូវ​ចាប់​ជន​បង្ក​មក​ផ្តន្ទាទោស​ឲ្យ​បាន និង​បន្ត​ការ​ផ្សព្វផ្សាយ​ឲ្យ​ពល​រដ្ឋ​បាន​ដឹង​ថា​ទង្វើ​បែបនេះ​ជា​ទង្វើខុសច្បាប់។ ​​​​​

Sabay មិន​អាច​ទាក់ទង​ប្រ​ធាន​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោក និង​សណ្តាប់ធ្នាប់​សាធារណៈ នៃក្រ​សួង​មហាផ្ទៃ ឯឧត្តម រ៉ុន រ័ត្នវាសនា​ ពន្យល់​បន្ថែម​បាន​ទេ​នៅ​ព្រឹក​នេះ។ ដោយឡែក​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ ឯក​ឧត្តម ជួន សុវណ្ណ ក៏មិន​ទាន់អាចទាក់ទង​បាន​ដែរ ដោយ​ជំនួយ​ការ​របស់​ឯកឧត្តម​ថា​កំពុង​ជាប់​ប្រជុំ។​

ទោះយ៉ាងណា ឯឧត្តម ជួន​ សុវណ្ណ ថ្លែងប្រាប់​សារព័ត៌មាន​​ក្នុង​ស្រុក​ថា​ ក្នុង​ករណី​អ្នក​បង្កគ្រោះថ្នាក់​ចរាចរណ៍​រត់គេច​ពីកន្លែង​កើត​ហេតុ​ គឺមាន​ច្បាប់​សម្រាប់ដាក់ទោសទណ្ឌ។ ចំណែក​មហាជនដែល​បង្ក​ហិង្សា​លើ​អ្នក​បើក​បរ​​ ឯឧត្តម​ថាជា​អំពើ «អសីលធម៌» ដែលតាំងខ្លួនជា​តុលាការ និង​មិន​គោរព​ច្បាប់​។

គួរ​បញ្ជាក់ថា​ករណី​បែប​នេះ​ក៏ធ្លាប់​កើត​មាន​ដែរ​ ដែលអ្នក​បង្កគ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​ចោម​រោម​វាយ​ដំ និង​បំផ្លាញ​រថយន្ត​នៅ​លើ​ផ្លូវ​ព្រះ​មុនី​វង្ស។ អ្នកបើក​បរ​រងរបួស​ធ្ងន់ និង​ត្រូវ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅមន្ទីរ​ពេទ្យ​រដ្ឋ​មួយ​នៅ​ពេល​នេះ​៕​ ​​​​

អត្ថបទ៖ ទូច សុខា

មតិយោបល់