- 2018-05-04 10:04:33
- ចរាចរណ៍
មតិមហាជន ក្រោយការបណ្តេញនគរបាលចរាចរណ៍ ២រូប កក្រើកហ្វេសប៊ុក
- 2018-05-04 10:04:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មតិមហាជន ក្រោយការបណ្តេញនគរបាលចរាចរណ៍ ២រូប កក្រើកហ្វេសប៊ុក
ចន្លោះមិនឃើញ
ករណីបណ្ដេញនគរបាលចរាចរណ៍ ២រូប ដោយសារប្រព្រឹត្តកំហុស ពិន័យប្រាក់ជនបរទេស ២០ដុល្លារ កំពុងក្លាយជាប្រធានបទក្ដៅគគុក១ ដោយសារតែមហាជន និង អ្នកច្បាប់ បានបង្ហាញការយល់ឃើញខុសៗគ្នា ចំពោះចំណាត់ការនេះ។
អ្នកប្រើបណ្ដាញសង្គម Facebook ដែលគាំទ្រ បានលើកទ្បើងថា ការបណ្ដេញចេញនេះ គឺជាការព្រមាន និងផ្ដល់ជាគំរូល្អ ដល់សមត្ថកិច្ចដទៃ កុំឲ្យធ្វើទង្វើនេះ ព្រោះអាចប៉ះពាល់មុខមាត់មន្ត្រីស្អាតស្អំផ្សេងទៀត។
រីឯមតិអ្នកប្រើ Facebook មិនគាំទ្រ បានបង្ហាញការយល់ឃើញថា ថ្វីបើជាកំណត់ចាត់ការច្បាប់ក្ដី ក៏ថ្នាក់លើ គួរតែសម្រាលត្រឹមពិន័យសិន មុនឈានដល់ការបណ្ដេញពីមុខងារ។
ក្រៅពីនេះ តាមរយៈលិខិតចំហរ១ លោក សយ សុភាពអ្នកសារព័ត៌មានល្បីឈ្មោះ១រូប បានស្នើទៅកាន់ស្នងការ នគរបាលរាជធានីភ្នំពេញ គួរពិចារណាឡើងវិញ ចំពោះករណីនេះ ត្រូវគិតពីគុណសម្បត្តិការងារ ដែលពួកគាត់ខិតខំបំពេញ រាប់ឆ្នាំមកហើយនោះ។ ប្រសិនបើមានការបណ្ដេញចេញមែន នឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រពន្ធ កូន ដែលរស់នៅក្នុងបន្ទុករបស់ពួកគាត់ ។ កំហុសឆ្គងនេះ គួរណាស់ត្រឹមតែដាក់ពិន័យបានហើយ។
ដើម្បីសុំការបំភ្លឺ ក្រុមការងារ Sabay បានទាក់ទងតាមទូរស័ព្ទទៅឯកឧត្ដម ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ ប៉ុន្តែ ជំនួយការលោក បានប្រាប់ថារឿង គួរសួរទៅលោក ចេវ ហាក់ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានី ភ្នំពេញ។
តាមប្រសាសន៍ លោក ចេវ ហាក់ បានបន្តថា រឿងនេះបច្ចុប្បន្ន ស្ថិតក្នុងការទទួលខុសត្រូវ របស់លោក វរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ។
ក្រុមការងារ Sabay មិនអាចទទួលការបំភ្លឺពីលោក សែម គន្ធា បានទេ ដោយទូរសព្ទហៅចូលតែគ្មានអ្នកទទួល។
ចំណែកឯ អ្នកច្បាប់ល្បីឈ្មោះមួយរូប គឺលោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់អមរិន្ទបានលើកទ្បើងថា៖ ចំណាត់ការច្បាប់ លើនគរបាលចរាចរណ៍ ២រូបគឺជារឿងល្អ ដើម្បីរួមចំណែកគោរពច្បាប់។ ការពិន័យលើសកំណត់ និងគ្មានវិក្កយបត្រ គឺជាទង្វើខុសឆ្គង និងអាចចាត់ចូលក្នុងបទល្មើសវិតិក្រម ឬពុករលួយ ដែលមានចែងក្នុងច្បាប់ប្រឆាំងអំពើពុករលួយ។
លោកមេធាវី បានបន្តថា៖ គួរតែដល់ពេលហើយ ដែលយើងត្រូវរួមគ្នាលុបបំបាត់អំពើពុករលួយទាំងអស់គ្នា។ លោកក៏បានសំណូមពរថា៖ ចំណាត់ការដូចករណីនេះ គួរតែបន្តឲ្យជាក់លាក់ និងផ្សព្វផ្សាយឲ្យកាន់តែទូលាយ ដើម្បីប្រសិទ្ធភាពយូរអង្វែង និងគ្រប់អ្នកល្មើសច្បាប់ មិនមែនកើតមានតែលើអ្នកស៊យទេ។
តាមមាត្រា ២ នៃច្បាប់ប្រឆាំងអំពើពុករលួយ បានចែងពីគោលដៅ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមរយៈការចាត់វិធានការអប់រំ បង្ការទប់ស្កាត់ និងអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយ ហើយដោយមានការចូលរួម និងគាំទ្រពីមហាជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ក្រៅពីនេះ បទល្មើសពុករលួយ ក៏មានបញ្ញត្តនៅក្នុង ក្រមព្រហ្មទណ្ឌ មាត្រា ២៧៨ ចែងពីបទស៊ីសំណូកនៃនិយោជិត ដោយប្រឈម នឹងផ្ដន្ទាទោសដាក់ពន្ធ នាគារ ពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ដល់ ៤លានរៀល។