
- 2018-09-06 03:54:06
- ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍មួយ៖ ព្យាបាលអស់ប្រាក់ជិត ៧ម៉ឺនដុល្លារហើយ តែស្ថានភាពលោកគ្រូបង្វឹកឆ្កែកម្ពុជាល្បីពេញពិភពលោក នៅតែធ្ងន់
- 2018-09-06 03:54:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រោះថ្នាក់ចរាចរណ៍មួយ៖ ព្យាបាលអស់ប្រាក់ជិត ៧ម៉ឺនដុល្លារហើយ តែស្ថានភាពលោកគ្រូបង្វឹកឆ្កែកម្ពុជាល្បីពេញពិភពលោក នៅតែធ្ងន់
ចន្លោះមិនឃើញ
ក្រុមគ្រួសារសាច់ញាតិ លោកហ៊ិន រតនា ដែលជាគ្រូបង្ហាត់ឆ្កែដ៏ល្បីម្នាក់ តំណាងឲ្យប្រទេសកម្ពុជា បានបង្ហើបពីប្រាក់ចំណាយព្យាបាលតាំងពីថ្ងៃគ្រោះថ្នាក់ចរាចរណ៍រហូតមកទល់នឹងពេលនេះបានចំណាយអស់ជិត ៧ម៉ឺនដុល្លារហើយ។
លោក ខ្លេង សុខហ៊ ត្រូវជាបងថ្លៃលោកហ៊ិន រតនា បានប្រាប់ Sabay ថា រហូតមកដល់នឹងពេលនេះ ការចំណាយថ្លៃព្យាបាលអស់ប្រាក់ប្រហែល៧ម៉ឺនដុល្លារហើយ ដោយរាប់តាំងពីព្យាបាលនៅពេទ្យស្រុកខ្មែរ និងថ្លៃដឹកជញ្ជូនតាមជើងយន្តហោះ និងការព្យាបាលសង្គ្រោះបន្ទាន់ នៅពេទ្យថៃ។
លោក ខ្លេង សុខហ៊ បានបង្ហើបពីការចំណាយឲ្យដឹងថា៖ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗបានយកទៅព្យាបាលនៅមន្ទីរពេទ្យពីរក្នុងស្រុកចំណាយអស់ប្រមាណជា ១ម៉ឺនដុល្លារ រួចហើយបានបញ្ជូនទៅកាន់ពេទ្យប្រទេសថៃ ដែលគ្រាន់តែថ្លៃដឹកជញ្ជូនតាមយន្តហោះអស់ ១ម៉ឺន៥ពាន់ដុល្លារ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ប្រទេសថៃរហូតមកទល់នឹងពេលនេះអស់ប្រហែល ៤ម៉ឺន៥ពាន់ដុល្លារ ដូច្នេះសរុបខ្ទង់ចំណាយប្រហែល ៧ម៉ឺនដុល្លារហើយ។
កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ លោក ហ៊ិន រតនា ត្រូវបានបញ្ជូនទៅកាន់ប្រទេសថៃទាំងយប់ដើម្បីព្យាបាលរបួសដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយជនជាតិចិន។ លោក ហ៊ិន រតនា បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ២៥ ខែសីហា កន្លងទៅ នៅពេលលោកបើកម៉ូតូ ត្រូវបានឡានមួយគ្រឿងបើកបរដោយជនជាតិចិន បានបើកបុកហើយមិនឈប់ដោះស្រាយថែមទាំងបើកទៅមុខ និងថយក្រោយកិនពីលើរាងកាយរបស់លោក រហូតធ្វើឲ្យលោករងរបួសយ៉ាងធ្ងន់ធ្ងរ ដូចជា បាក់ឆ្អឹងខ្នង ឆ្អឹងស្លាបប្រជៀវ ឆ្អឹងជំនី ជាច្រើន និងខ្ទាំសាច់ដុំ។
បច្ចុប្បន្ននេះ លោក ហ៊ិន រតនា ដែលជាគ្រូបង្ហាត់ឆ្កែដ៏ល្បីម្នាក់ តំណាងឲ្យប្រទេសកម្ពុជា និងមានការទទួលស្គាល់ពីអន្តរជាតិ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ប្រទេសថៃ ដែលស្ថានភាពហាក់នៅធ្ងន់ធ្ងរនៅឡើយ បើទោះជាបានចំណាយប្រាក់អស់រាប់ម៉ឺនដុល្លារហើយក្ដី ក៏ខ្ទង់នៃការព្យាបាលត្រូវការពេលយូរ និងចំណាយច្រើនថែមទៀត ម៉្លោះហើយគ្រួសារបានសម្រេចចិត្តបានដាក់ប្លង់ផ្ទះអស់មួយហើយ និងគ្រោងដាក់មួយទៀត។ នេះបើតាមការរៀបរាប់របស់ លោក ខ្លេង សុខហ៊ ត្រូវជាប្អូនថ្លៃជនរងគ្រោះប្រាប់ Sabay កាលពីថ្ងៃទី ៥ កញ្ញា ម្សិលមិញ។
ចំពោះមូលនិធិ ដែលប្រមូលបាន និងថ្លៃសំណងរបស់ជនជាតិចិននោះ នៅមិនទាន់គ្រប់ថ្លៃចំណាយនៅឡើយ ព្រោះត្រូវការព្យាបាលរយៈពេលយូរទៀត ម៉្លោះហើយក្រុមគ្រួសារបានអំពាវនាវឲ្យសប្បុរសជនជួយឧបត្ថម្ភបន្ថែមទៀត ដោយអាចទំនាក់ទំនងតាមលេខ៖
រូបថតខាងលើទាំងអស់ផ្ដល់ដោយ លោក ខ្លេង សុខហ៊ ត្រូវជាបងថ្លៃលោកហ៊ិន រតនា