• 2018-11-30 04:54:57
  • ស្នេហា

ពេលភ្ញៀវទៅស៊ីការ បើម្ចាស់ការធ្វើចរិត៧យ៉ាងនេះ ដឹងតែគេនិយាយដើមផ្អើលភូមិ

  • 2018-11-30 04:54:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រៀប​ចំ​មង្គលការ​ឲ្យ​កូន​ប្រុស​-ស្រី គឺ​ជា​រឿងសំខាន់​បំផុត​ក្នុង​នាម​ជា​ឪពុក​ម្ដាយ​ទាំង​សងខាង និង​ជា​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធំ​មួយ។ ប៉ុន្តែ​មង្គល​ការ​នីមួយៗ អាច​ប្រព្រឹត្តិ​ទៅ​បាន​យ៉ាង​អធិកអធម​ ក៏​អាស្រ័យ​ដោយ​មាន​ការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស ដែល​បាន​អញ្ជើញ។ ដូច្នេះ​តើ​គួរ​រៀបចំ​ឥរិយា​បទ​បែប​ណា ទើប​ភ្ញៀវ​កោត​សរសើរ​ពេញ​ៗ​មាត់ ហើយ​ទង្វើ​បែប​ណា​ទើប​ភ្ញៀវ​ត្រឡប់​មក​វិញ​និយាយ​ដើម​កប់​ៗ​មាត់?

១. ភ្ញៀវ​ចូល​តុ​មិន​ទាន់​ដើរ​ហុច​ស្រោម​សំបុត្រ

ម្ចាស់​ការ​មួយ​ចំនួន​តូច គឺ​ព្រួយ​បារម្ភ​ខ្លាំង​រឿង​ចំណង​ដៃ​តែ​ម្ដង គ្រាន់​តែ​ភ្ញៀវ​ចូល​តុ​ភ្លាម​ដើរ​ហុច​ស្រោម​សំបុត្រ​ទុក​ចង​ដៃ​ភ្លែត។ ប្រសិន​បើ​ម្ចាស់​ការ​ធ្វើ​ទង្វើ​បែប​នេះ​ហាក់​គិត​តែ​រឿង​លុយ​ខ្លាំង​ពេក មិន​គិត​ដល់​មុខមាត់​កិត្តិយស​ខ្លួន​ឯង ហើយ​ភ្ញៀវ​ដែល​ចូលរួម​គេ​អាច​នឹង​អាក់អន់ចិត្ត​ចំពោះ​កាយ​វិការ​បែប​នេះ​ដែរ។ ដូច្នេះ​ចំណុច​នេះ​គួរ​តែ​ជៀសវាង​ តែ​បើ​ព្រួយ​បារម្ភ​បាត់​ចំណង​ដៃ​គ្រាន់​តែ​ឧស្សាហ៍​ឃ្លាំ​មើល​កន្លែង​កត់​ចំណង​ដៃ​បាន​ហើយ។

រូបតំណាង

២. ពេល​ដើរ​ហៅ​ភ្ញៀវ​និយាយ​ឡើង​ផ្អែម​តែ​ពេល​ទៅ​ដល់​ម្ចាស់​ការ​មិន​ដឹង​បាត់​ស្រមោល​ទៅ​ណា

ចំណុច​នេះ​ក៏​ជា​ការ​ធ្វេស​ប្រហែស​ខ្វះ​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ភ្ញៀវ​ដែល​ចូល​រួម​ដែរ ហើយ​ភ្ញៀវ​អាច​នឹង​អន់​ចិត្ត​បើ​ម្ចាស់​ការ​សម្ដែង​កាយវិការ​បែប​នេះ។ ដូច្នេះ​យក​ល្អ​កុំ​ផ្អែម​ល្ហែម​តែ​ពេល​ដើរ​ហៅ​ភ្ញៀវពេក តែ​ពេល​ភ្ញៀវ​ទៅ​ដល់​រោង​ការ​គួរ​ណាស់​តែ​ចេញ​មុខ​ ដើម្បី​ស្វាគមន៍​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​ភ្ញៀវ។

​៣. ម្ហូប​ការ​ធ្វើ​យក​ចំណេញ

ម្ហូប​ដើម្បី​ទទួល​ភ្ញៀវ​ក៏​ជា​រឿង​សំខាន់ និង​បង្ហាញ​អំពី​កិត្តិយស​មុខមាត់​គ្រួសារ ក៏​ដូច​ជា​បង្ហាញ​ពី​ការ​ឲ្យ​តម្លៃ​ដល់​ភ្ញៀវ​ដែល​ចូលរួម។ ម្ចាស់​ការ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត​ចំពោះ​ចំណុច​នេះ កុំ​ចេះ​តែ​ធ្វើ​ឲ្យ​បាន​ៗ​គ្រាន់​តែ​បង្គ្រប់​កិច្ច​ឲ្យ​សោះ ត្រូវ​ធ្វើ​ឲ្យ​សមរម្យ​តែ​ក៏​មិន​ហូរហៀរ​ដល់​ថ្នាក់​ចាក់​ចោល​ដែរ។ ដូច្នេះ​ដើម្បី​តែ​ចង់​ចំណេញ​សុខ​ចិត្ត​ធ្វើ​ម្ហូប​ឲ្យ​តែ​បាន​ៗ ជៀស​មិន​ផុត​នឹង​ការ​និយាយ​និន្ទា​ពី​អ្នក​អញ្ជើញ​ចូលរួម​ផ្ទាល់។

រូបតំណាង

៤. ជិត​ដល់​ម៉ោង​កាត់​នំ​ម្ចាស់​ការ​ដើរ​កេះ​សួរ​ភ្ញៀវ​ចងដៃ​ហើយ​ឫ​នៅ

ម្ចាស់​ការ​មួយ​ចំនួន​មិន​ត្រឹម​តែ​ដើរ​ហុច​សំបុត្រ​ឲ្យ​ភ្ញៀវ​តាម​តុ​ទេ តែ​ពេល​ដល់​ម៉ោង​កាត់​នំ​ មើល​តែ​ភ្ញៀវណា​មិន​ទាន់​ចង​ដៃ គឺ​ដើរ​ហុច​ និង​សួរ​ត្រង់​ៗ​តែ​ម្ដង​ថា ចង់​ដៃ​ហើយ​ឫ​នៅ? នេះ​ក៏​ជា​ទង្វើ​មួយ​គួរ​ជៀសវាង​ដែរ តែ​បើ​សិន​ជា​ដើរ​ផុត​ពី​រោង​ទាំង​មិន​ទាន់​ចង​សឹម​សារ៉េ​តាម​ក្រោយ។

៥. ភេសជ្ជៈ និង​ស្រា​មិន​ដែល​ស្គាល់​ម៉ាក

ភេសជ្ជៈ និង​ស្រា​ល្អៗ ម៉ាក​ល្បី​មាន​គេ​ស្គាល់​ច្រើន ដើម្បី​យក​ទៅ​ទទួល​ភ្ញៀវ​ឲ្យ​សក្ដិសម​នឹង​កិត្តិយស​គ្រួសារ​ក៏​ត្រូវ​គិត​ពិចារណា​ដែរ។ ប៉ុន្តែ​ម្ចាស់​ការ​មួយ​ចំនួន​តូច​មិន​ដឹង​ជា​យក​ភេសជ្ជៈ​ឫ​ស្រា​តម្លៃ​ធូរ​ថ្លៃ​និង​ម៉ាក​មិន​ល្បី​មក​ទទួល​ភ្ញៀវ ព្រោះ​ចង់​ចំណេញ។ ដូច្នេះ​បើ​គិត​ថា ចង់​ឱ្យ​ភ្ញៀវ​សរសើរ​ពេល​ត្រឡប់​ទៅ​វិញ​គួរ​គិត​ចំណុច​នេះ​ដែរ។

រូបតំណាង

៦. តាម​ឃ្លាំ​មើល​ភ្ញៀវ​គ្រប់ពេល​មិន​ឱ្យ​បាត់​មួយ​ពព្រិច​ភ្នែក

ទទួល​ស្គាល់​ថា ភ្ញៀវ​មួយ​ចំនួន​មិន​ត្រឹម​តែ​មក​ហូប​ខ្លួន​ឯង​ទេ ឆ្លៀត​វេច​ស្រា​ថ្លៃៗ ឫ​ភេសជ្ជៈ​ត្រឡប់​ទៅ​វិញ​ទៀត។ តែ​ក្នុង​នាម​ជា​ម្ចាស់​ការ​កុំ​គិត​តែ​លើ​រឿង​ខ្លាច​ភ្ញៀវ​វេច​ពេក តែ​អ្នក​ដែល​ត្រូវ​ព្រួយ​បារម្ភ​គឺ​អ្នក​ពិធីការ (ក្រុម​បម្រើ​សេវាកម្ម) ទៅ​វិញ​ទេ អាច​ផ្សំ​គំនិត​គ្នា​លួច​របស់​ចេញ​ពី​រោង​បាន។ ចំណែក​ភ្ញៀវ​បើ​ទោះ​ជា​វេច​ក៏​មិន​ដល់​ថ្នាក់​យក​ទាំង​កេស​ដែរ។

៧. ពេល​ហែ​ជំនូន​ហើយ​មិន​ដាក់​ផ្លែឈើ​ទទួល​ភ្ញៀវ

តាម​ធម្មតា​បន្ទាប់​ពី​ហែ​ជំនូន​ហើយ តែង​ហូប​បបរ​ពេល​ព្រឹក ក្នុង​នោះ​ផ្លែ​ឈើ​ក៏​ត្រូវ​ដាក់​ទទួល​ភ្ញៀវ​ដែរ មិន​ត្រូវ​យក​លាក់​ទុក​ទេ។ តែ​បើ​ករណី​គ្រួសារ​ខាង​ស្រី និង​ខាង​ប្រុស​យក​ផ្លែ​ឈើ​ទុក​រៀង​ខ្លួន​មិន​ទទួល​ភ្ញៀវ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ចូលរួម​អន់​ចិត្ត និង​អាច​និយាយ​មិន​ល្អ​ពេល​ត្រឡប់​ទៅ​វិញ៕​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់