- 2018-12-14 06:30:00
- សុខភាព
ជំងឺ១ប្រភេទកើតច្រើនលើកុមារក្រោម២ឆ្នាំ រោគសញ្ញាចេញមកច្រឡំគ្នានឹងរលាកបំពង់ ក
- 2018-12-14 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំងឺ១ប្រភេទកើតច្រើនលើកុមារក្រោម២ឆ្នាំ រោគសញ្ញាចេញមកច្រឡំគ្នានឹងរលាកបំពង់ ក
ចន្លោះមិនឃើញ
ជំងឺប្រភេទថ្មី១ ប្រភេទកំពុងយាយីសុខភាពកុមារតូច នោះគឺជំងឺផ្លូវដង្ហើមផ្នែកខាងក្រោម។ ជំងឺនេះតែងកើតមានចំពោះកុមារក្រោមអាយុ២ឆ្នាំ។ ជំងឺនេះ ច្រើនកើតមានចំពោះកុមារ នៅរដូវធ្លាក់ខ្យល់ ដែលអាចមាន ចាប់ពីខែវិច្ឆិកា ដល់ខែមិនា។ នេះបើតាមវេជ្ជបណ្ឌិតឯកទេសរោគកុមារ។
លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេសរោគកុមារ និងទារក ធ្វើការនៅមន្ទីរពេទ្យកុមារជាតិ បានបញ្ជាក់ប្រាប់ ថា វាបង្កដោយមេរាគម្យ៉ាង ដែលមានឈ្មោះថា Virus Respiatoire Syncytiale (VRS) ស្ទើរតែ 90%។ វាឆ្លងតាមផ្លូវដង្ហើម និងការប៉ះទឹកមាត់ សំបោររបស់អ្នកជំងឺ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមប្រាប់ Sabay តាមទូរសព្ទថា មនុស្សចាស់ក៏អាចឆ្លងក្រោយបានប៉ះកុមារឈឺផងដែរ។ មួយវិញទៀត កុមារដែលកើតជំងឺនេះ ១ឆ្នាំ៣ដង នៅមុនកុមារអាយុ២ឆ្នាំ នឹងអាចមានភាគរយវិវត្តជំងឺទៅជារលាកទងសួតធ្ងន់ធ្ងរ ឬកើតហឺត ដែលពិបាកក្នុងការព្យាបាលឲ្យជា។ ករណីខ្លះ ក៏អាចនាំគ្រោះថ្នាក់ដល់ជីវិត។
លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា បានបញ្ជាក់បន្ថែមទៀតតាមរយៈអត្ថបទសុខភាពមួយ ដែលបានចុះផ្សាយថាៈ ជាដំបូងវាឲ្យកុមារមានរោគសញ្ញាដូចជា: ក្ដៅខ្លួន ហៀរសំបោរ តឹងច្រមុះ ហៀរទឹកមាត់ ក្អក ឈឺសន្លាក់ សាច់ដុំ។ ស្ថានភាពទូទៅកុមារ ដូចប្រក្រតីមិនមានអ្វីធ្ងន់ធ្ងរនោះទេ ដែលឪពុកម្ដាយ សូម្បីតែពេទ្យខ្លះ ក៏គិតថាវាជាជំងឺរលាកបំពង់ ក ធម្មតាដែរ។
ដំណាក់បន្ទាប់កុមារចាប់ផ្ដើមមានអាការៈ ហត់ដង្ហក់ ក្អកខ្លាំង និងញឹកញាប់ជាងមុន ជាពិសេសនៅពេលយប់។ កុមារអស់កម្លាំង រញ៉ាំរញ៉ូវ មិនសូវបរិភោគ ឬបៅទឹកដោះ។ ជាពិសេសម្ដាយកត់ សំគាល់ថាកុមារមានសំឡេងដូចឆ្មាស្រមុកនៅក្នុងសួតកុមារ និងមានស្នាមផឺតផតក្នុងទ្រូងកុមារ។
ចំណែកឯករណីធ្ងន់ធ្ងរ កុមារអាចស្វាយ បបូរមាត់ ឈប់ដកដង្ហើម ប្ដូរសម្បុរស្បែកស្លាក់ឈាមទៀតផង។
ចំពោះការព្យាបាល លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា ណែនាំថា គឺទៅតាមរោគសញ្ញា។ គ្រូពេទ្យអាចប្រើថ្នាំឆ្ពង់ដើម្បីបន្ថយការហត់ របស់កុមារ បន្ថែមជាតិទឹកនៅពេលកុមារមិនអាចបរិភោគបាន។ ចំពោះថ្នាំផ្សះគ្រូពេទ្យអាចប្រើបានលុះត្រាតែគាត់សង្ស័យ ឬបូមឈាមបញ្ជាក់ថាមានឆ្លងបាក់តេរីបន្ថែមទៀត។
សូមបញ្ជាក់ថា គ្រូពេទ្យនឹងធ្វើចលនាសួតដើម្បីយកស្លេសចេញ ហើយកុមារមួយចំនួនប្រឈមនឹងការសម្រាកនៅមន្ទីរពេទ្យ។ ឪពុកម្ដាយ បើសង្កេតឃើញកុមារហត់ខុសប្រក្រតីសូមប្រញាប់យកកុមារមកពិគ្រោះជាមួយពេទ្យជំនាញ។ នេះបើតាមការបញ្ជាក់របស់លោក វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេសរោគកុមារ និងទារក ធ្វើការនៅមន្ទីរពេទ្យកុមារជាតិ។