• 2019-01-26 06:00:00
  • សុខភាព

កុំគិតតែភ័យ! ៦រឿងគួរដឹង ជួយកូនទាន់ពេល បើឈឺធ្មេញ ឬមានដង្កូវស៊ីស្រែកយំផ្អើលគេ

  • 2019-01-26 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ​កុមារ​ចាប់​ផ្ដើម​ដុះ​ធ្មេញ​ពី​អាយុ​៦ខែ គឺ​ធ្មេញ​ខាងមុខ​ និង​ខាង​ក្រោម​ពីរ។ ពាក្យ​សាមញ្ញ​ដែល​បាន​ប្រើ​សម្រាប់​ហៅ​ធ្មេញ​នេះ​ គឺ​ធ្មេញ​ទឹក​ដោះ​ ឬ​ធ្មេញ​ព្រៃ។ កុមារ​ដុះ​ធ្មេញ​អស់​នៅ​អាយុ ២​ឆ្នាំ​កន្លះ ឬ​៣​ឆ្នាំ សម្រាប់​ធ្មេញ​ទឹក​ដោះ​ ដែល​មាន ​ចំនួន​២០​ធ្មេញ គឺ​ខាង​លើ​ ១០​ធ្មេញ និង​ខាង​ក្រោម​ ១០​ធ្មេញ។

រូបតំណាង

ប្រភព​ពី​ទំព័រ​ហ្វេសប៊ុក មន្ទីរ​ពេទ្យ​កាល់​ម៉ែត បាន​បញ្ជាក់​ថា ធ្មេញ​ទាំង​អស់​នេះ​ នឹង​ចាប់​ផ្ដើម​រង្គើ​ផ្លាស់​ប្ដូរ​ទៅ​ជា​ធ្មេញ​ស្រុក ចាប់​ពី​អាយុ​ ៦​ឆ្នាំ (ពេល​វេលា​នៃ​ការ​ផ្លាស់​ប្ដូរ​ធ្មេញ​ទឹក​ដោះ​នីមួយ​ៗ គឺ​ខុស​ៗ​គ្នា​ទៅ​តាម​ប្រភេទ និង​ទីតាំង​ធ្មេញ)។

៦សំណួរ ចម្លើយ ខាងក្រោម សម្រាប់អ្នក​មាន​កូន​តូច​ដែល​ឈឺ​ធ្មេញ ឬ​បញ្ហា​ដង្កូវ​ស៊ី តែង​ចង់​ដឹង ដើម្បី​អស់​ចម្ងល់ និង​យក​កូន​ទៅ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា។

រូបតំណាង

១) ហេតុអ្វី​បាន​ជា​ការ​ថែរក្សា​ធ្មេញ​កុមារ​មាន​សារៈសំខាន់?

  • ធ្មេញ​បាន​ផ្ដល់​នូវ​សោភ័ណភាព

  • មិន​ឈឺ​ធ្មេញ នាំ​អោយ​ការ​ទំពា​អាហារ​ល្អ

  • ជួយ​អោយ​សុខភាព​រាងកាយ​ទាំង​មូល​ល្អ

  • បើ​បណ្ដាល​អោយ​ពុក​ខូច នាំ​អោយ​ក​ខ្ទុះ ហើម​មុខ​មាត់ និង​គ្រោះថ្នាក់

  • ធ្មេញ​ទឹក​ដោះ​ជា​លំនាំ​អោយ​ធ្មេញ​ស្រុក​ដុះ​ត្រូវ​ជួរ

  • ថែរក្សា​ធ្មេញ​ទឹកដោះ គឺ​កាត់​បន្ថយ​នូវ​ការ​ដុះ រឺ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន (ធ្មេញ​ដុះ​ខុស​ទីតាំង​ជាដើម)។

២) នៅ​ពេល​ធ្មេញ​កុមារ​ឈឺ តើ​ត្រូវ​តែ​ដក​ធ្មេញ​នោះ​ចេញ​ឬទេ?

រូបតំណាង

ពេល​ដែល​កុមារ​ឈឺ​ធ្មេញ គ្រូពេទ្យ​ធ្មេញ​អាច​ជ្រើសរើស​យក​វិធី​ព្យាបាល​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង​របស់​ធ្មេញ និង​អាយុ​កុមារ។

• បើ​មិន​ទាន់​ដល់​អាយុ​ដូរ​ធ្មេញ ហើយ​ឫស​ធ្មេញ​នៅ​ល្អ គ្រូពេទ្យ​អាច​ប្រើ​នូវ​វិធី​ព្យាបាល​ធ្មេញ​ដោយ Pulpotomy (ការ​ព្យាបាល​ដោយ​យក​បណ្ដូល​ធ្មេញ​ខាង​លើ​ចេញ) ឬ Pulpectomy (ការ​ព្យាបាល​ដោយ​យក​បណ្ដូល​ធ្មេញ​ចេញ​ទាំង​អស់)

• បើ​ធ្មេញ​នោះ​ពុក​ខូច​ខ្លាំង រឺ​កៀក​នឹង​អាយុ​ដូរ​ធ្មេញ គ្រូពេទ្យ​អាច​ដក​ធ្មេញ​នោះ​ចេញ។​

៣) តើ​ធ្មេញ​កុមារ​អាច​ប៉ះ ឬ​ព្យាបាល​បាន​ដូច​ធ្មេញ​មនុស្ស​ធំ​ ដែរ​ឬ​ទេ?

ជា​ការ​ពិត​ណាស់​ធ្មេញ​កុមារ​ពេល​ដែល​ពុក ឬ​ប្រហោង គឺ​ត្រូវ​ប៉ះ ឬ​ព្យាបាល​បាន។ ករណី​ដែល​ពុក​ខូច​ធំ គឺ​អាច​ស្រោប​ធ្មេញ​នោះ​បាន​ទៀត​ផង។

៤) តើ​ការ​ដក​ធ្មេញ​កុមារ​មុន​ពេល​កំណត់​ដែល​ត្រូវ​ដូរ បង្ក​បញ្ហា​ឬ​ទេ?

ការ​ដក​ធ្មេញ​ទឹកដោះ​មុន​ពេល​កំណត់​យូរ នាំ​អោយ​ធ្មេញ​ស្រុក​ដុះ​ខុស​ទី​តាំង ធ្មេញ​ជិត​ខាង​ទ្រេត​ចូល នាំ​អោយ​ធ្មេញ​ថ្មី​ដុះ​ខុស​ជួរ​ក្នុង​ករណី​ធ្មេញ​ដក​មុន​ពេល​កំណត់ គ្រូ​ពេទ្យ​ធ្មេញ​អាច​មាន​វិធី​ធ្វើ​ឧបករណ៍​ពាក់​ក្នុង​មាត់​សម្រាប់​រក្សា​ចន្លោះ​ទុក​អោយ​ធ្មេញ​ស្រុក​ដុះ ដែល​គេ​ហៅថា Space Maintainer appliance។

៥) តើ​ត្រូវ​ទុក​ធ្មេញ​កុមារ​អោយ​រង្គើ​ជ្រុះ​តាម​ធម្មជាតិ ឬ​យ៉ាង​ណា?

រូបតំណាង

ក្នុង​ករណី​ដល់​ពេល​ត្រូវ​ផ្លាស់​ធ្មេញ​ថ្មី ហើយ​ធ្មេញ​ទឹក​ដោះ​ មិន​រង្គើ គឺ​ត្រូវ​ដក​ធ្មេញ​ទឹកដោះ​នោះ​ចេញ ដើម្បី​​កុំ​អោយ​ធ្មេញ​ថ្មី​ដុះ​ចូល​ក្នុង រឺ​ចេញ​ក្រៅ។ ការ​តាម​ដាន​ដោយ​ការ​ថត​កាំ​រស្មី X-ray គឺ​សំខាន់​ ដើម្បី​ពិនិត្យ​លើ​ពន្លក​ធ្មេញ​ស្រុក។

៦) អនុសាសន៍​មួយ​ចំនួន​សម្រាប់​ថែរក្សា​ធ្មេញ​ទឹក​ដោះ

  • យក​កន្សែង​ស្អាត ដោយ​ផ្សើម​ជាមួយ​ទឹក​ស្អាត រួច​ជូត​ធ្មេញ​ទឹក​ដោះ​ក្រោយ​ពេល​បំបៅ ឬ​ញ៉ាំ​អាហារ​រួច (ចំពោះ​កុមារ​មិន​ទាន់​ចេះ​ដុស​ធ្មេញ)

  • កុំ​អោយ​កុមារ​បៀម​ក្បាល​ដប​ទឹក​ដោះ​គោ​ក្នុង​មាត់​រយៈ​ពេល​វែង

  • ចាប់ពីអាយុ៣ឆ្នាំ គួរ​តាម​ដាន​ជាមួយ​ទន្ត​បណ្ឌិត រាល់​៦​ខែ​ម្ដង ឬ​អាយុ​តិច​ជាង​នេះ បើ​មាន​បញ្ហា​ក្នុង​មាត់ សូម​មក​ពិគ្រោះ​ជាមួយ​ទន្ត​បណ្ឌិត​ឯកទេស​ជំនាញ​ធ្មេញ។

មុនពេលប៉ះ (រូបតំណាង)

សូម​បញ្ជាក់​ថា សូម​យក​កូន​របស់​លោក​អ្នក​មក​តាម​ដាន​ឲ្យ​ញឹកញាប់​ចាប់​ពី​អាយុ ៥​ឆ្នាំ​ឡើង រហូត​ដល់​ពេល​ដូរ​ធ្មេញ​ទឹក​ដោះ​អស់​នៅ​អាយុ ១១ ឬ ១២ឆ្នាំ។ ធ្មេញ​កុមារ​ ត្រូវ​ការ​ថែរក្សា​ដូច​ធ្មេញ​ស្រុក​ដែរ ហើយ​អាច​ព្យាបាល ឬ​ប៉ះ​បាន។

ក្រោយពេលប៉ះ (រូបតំណាង)

អត្ថបទ៖ ពៅ រក្សា

មតិយោបល់