• 2019-03-17 03:44:00
  • សុខភាព

ហេតុ​អ្វី​បាន​ប្រជាជន​អាស៊ី​ចង់​បាន​ស្បែក​ស?

  • 2019-03-17 03:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​អាស៊ី​ពិសេស​អាស៊ី​បូព៌ា វា​មិន​ចម្លែក​ទេ​នៅ​ពេល​ស្ត្រី​ស្លៀកពាក់​ជិតៗ លាប​ឡេ ឬ បាំង​ឆាំង​ការពារ​កម្ដៅ​ថ្ងៃ​នៅ​ឆ្នេរ​សមុទ្រ​ដើម្បី​រក្សា​ស្បែក​របស់​គេ​ឲ្យ​ស​ម៉ត់​រលោង ផ្ទុយ​ពី​អឺរ៉ុប​ដែល​ដេក​សំដឹលអាំង​ថ្ងៃ។

ប៉ុន្តែ​តើ​នេះ​បណ្ដាល​មក​ពី​អ្វី?

បណ្ដាញ​ផ្សាយ​ព័ត៌មាន​បស្ចិម​ប្រទេស​មួយ​ចំនួន​បាន​រាយការណ៍​ថា​មក​ពី​ពួកគេ​ចង់​ឲ្យ​​ខ្លួន​ឯង​មើល​ទៅ​ស​ដូច​ពួក​អឺរ៉ុប។ ប៉ុន្តែ​​ដូច​អឺរ៉ុប​យ៉ាង​ម៉េច​ បើ​ស​ស្លេក​បែប​ហ្នឹង​មិន​មែន​ជា​ស្តង់ដារ​សម្រស់​របស់​បស្ចិមប្រទេស​ផង។

នៅ​ប្រទេស​ចិន​ ជប៉ុន និង កូរ៉េ ​យូរយារ​ណាស់​មក​ហើយ​​តាំង​ពី​មុន​ពេល​មាន​​​មាន​ការ​បែងចែក​ស្តង់ដារ​សម្រស់​ស្បែក​អឺរ៉ុប ឬ អាស៊ី​ម្ល៉េះ សម្បុរ​ខ្មៅ​ស្រអាប់​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​ការងារ​វាល​ស្រែ​ថ្នាក់​ទាប ខណៈ​អ្នក​ដែល​មាន​ស្បែក​ស​បង្ហាញ​ពី​កិត្យានុភាព​សង្គម។

សម្រាប់​ហេតុផល​ស្រដៀង​គ្នា​នេះ​​សូម្បី​ស្ត្រី​អឺរ៉ុប នៅ​សម័យ​អរិយធម៌​រុងរឿង​នៅ​អឺរ៉ុប​ (Renaissance) អំឡុង​សតវត្ស​ទី​១៤ ក៏​ប្រើប្រាស់​វិធី​លាប​​ស្បែក​ លាប​មុខ​ពួកគេ​ឲ្យ​ស​ដើម្បី​បង្ហាញ​ថា​ខ្លួន​ជា​ស្រ្តី​មាន​វណ្ណៈ​​ថ្លៃថ្នូរ​ក្នុង​សង្គម​ដែរ។

យោង​តាម​ក្រុម​អ្នក​វិភាគ​ឧស្សាហកម្ម​សកល​បាន​ឱ្យ​ដឹង​ថា ប្រជាជន​​ចិន​ប្រមាណ​៤០%​ពិសេស​ស្រ្តី​​ប្រើប្រាស់​ផលិតផល​ធ្វើ​ឲ្យ​ស្បែក​ស​​ ជប៉ុន​២១% និង កូរ៉េ ១៨% ពីព្រោះ​ប្រទេស​ទាំង​៣​នេះ​សុទ្ធតែ​មាន​ការ​ប្រែប្រួល​នៃ​ការ​អនុវត្ត និង ប្រវត្តិសាស្ត្រ​ដែល​ទាក់ទង​នឹង​ស្តង់ដារ​សម្រស់​របស់​ពួកគេ។

​​​​ចិន

ស្បែក​ស​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ការ​ចង់​បាន​របស់​ស្ត្រី​ជនជាតិ​ចិន​តាំង​ពី​សម័យ​រាជវង្ស​ហាន (អំឡុង ឆ្នាំ​២០៦ មុន​គ.ស ដល់​ឆ្នាំ ២២០ នៃ​គ.ស)។

ស្តង់ដារ​សម្រស់​ទាំង​នេះ​ក៏​មាន​ឥទ្ធិពល​លើ​ម្ហូបអាហារ​ចិន​ផង​ដែរ​។ ក្នុង​កំឡុង​រាជវង្ស​ម៉េង (ឆ្នាំ ១៣៦៨ ដល់ ១៦៤៤) សៀវភៅ​វេជ្ជសាស្ត្រ​ចិន​បាន​ណែនាំ​ឱ្យ​ញ៉ាំ​ចំណី​អាហារ​ខ្លះ​ដើម្បី​ឱ្យ​ស្បែក​មាន​ពណ៌​ស្រាល។ ក្នុង​ចំណោម​មុខ​ម្ហូប​ទាំង​នេះ​ក៏​មាន​មួយ​​ឈ្មោះ "ស៊ុប​ពណ៌​ស​បី three white soup" ដែល​ផ្សំ​ពី​ឬស​ប្រទាល​ស ដើម​ឈើ​ឯម ជា​ដើម។ ជាង​នេះ​ ក៏មាន​ការ​ណែនាំ​ប្រើ​ម្សៅ​គុជខ្យង​ជា​ដើម។

ចិន​មាន​ភាសិត​មួយ​ថា "ស្បែក​ស​អាច​ជួយ​បិទបាំង​ពិការ​ភាព ១០០ ផ្សេង​ទៀត​នៅ​ក្នុង​រូប​រាង​កាយ​របស់​អ្នក"។

ជប៉ុន

ស្រដៀង​គ្នា​នឹង​ភាសិត​ចិន ជប៉ុន​មាន​ពំនោល​មួយ​ថា "សម្រស់​ស្បែក​ស្រស់​ស្អាត​ លាក់​បាំង​កំហុស​ចំនួន​ ៧ របស់​អ្នក"។

ក្នុង​កំឡុង​សម័យ​ណារ៉ា (៧១០-៧៩៤) និង អំឡុង​សម័យHeian (៧៩៤ - ១១៨៥) ផលិតផល​ធ្វើ​ឲ្យ​ស្បែក​ស​ត្រូវ​បាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ពួក​​អភិជន។ ស្ត្រី​តែងតែ​ប្រើ​ម្សៅ​ពណ៌​ស​ដែល​គេ​ឲ្យ​ឈ្មោះ​ថា oshiroi។

កូរ៉េ

តារា K -Pop និង​តារា​សម្ដែង​កូរ៉េ​ត្រូវ​បាន​គេ​ស្គាល់​ជា​ញឹកញាប់​សម្រាប់​ការ​បង្ហាញ​ពន្លឺ​ពណ៌​ស្បែក​របស់​ពួកគេ​នៅ​ក្នុង​រូបថត​ដូចជា​តារា​ល្បី​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ទូទាំង​ទ្វីប​អាស៊ី​ផង​ដែរ។

ទំនោរ​ចង់​បាន​ស្បែក​ស​របស់​កូរ៉េ​មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ​ ពោល​គឺ​តាំង​ពី​សម័យ គោជូសៀន (Gojoseon) ចន្លោះ​ ឆ្នាំ​ ២៣៣៣ មុន​គ.ស ដល់​ឆ្នាំ​ ១០៨​ នៃ​គ.ស ដែល​ជា​រាជវង្ស​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កូរ៉េ។

ហេតុផល​ស្រដៀង​គ្នា​ទៅ​នឹង​ប្រទេស​ចិន​ និង​ជប៉ុន​ ជនជាតិ​កូរ៉េ​បុរាណ​ដែល​មាន​ស្បែក​ស​ត្រូវ​បាន​គេ​មើល​ទៅ​ដោយ​សេចក្តី​ថ្លៃថ្នូរ ហើយ សព្វថ្ងៃ​នេះ​កូរ៉េ​ល្បី​ល្បាញ​បំផុត​ក្នុង​ឧស្សាហកម្ម​វះកាត់​កែសម្ផស្ស​៕

ប្រភព៖ nextshark ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់