- 2019-03-28 09:50:43
- សុខភាព
ពេទ្យគន្ធបុប្ផាចំណាយថវិកាលានដុល្លារសង់អគារវះកាត់បេះដូង និងប្រព័ន្ធប្រសាទ គ្រោងនឹងដំណើរឆាប់ៗនេះ
- 2019-03-28 09:50:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេទ្យគន្ធបុប្ផាចំណាយថវិកាលានដុល្លារសង់អគារវះកាត់បេះដូង និងប្រព័ន្ធប្រសាទ គ្រោងនឹងដំណើរឆាប់ៗនេះ
ចន្លោះមិនឃើញ
អគារដ៏ធំស្កឹមស្កៃមួយកំពុងសាងសង់ឡើង លើដីអតីតមន្ទីរពេទ្យគន្ធបុប្ផាទី១ ជិតវត្តភ្នំ មានទទឹងប្រហែល ៤០ម៉ែត្រគុណ ៥០ម៉ែត្រ កម្ពស់៣ ជាន់។ ទីនេះហើយជាទីតាំងថ្មីបន្ថែមទៀត សម្រាប់ជួយសង្គ្រោះដល់អាយុជីវិតកុមារមកពីគ្រប់ទិសទី ដែលមានបញ្ហាបេះដូង និងប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ អាគារថ្មីនេះ មានបន្ទប់ ចំនួន៦ និងអាចដាក់គ្រែបានចំនួន ២០០កន្លែង។ ការវះកាត់បេះដូង និងប្រព័ន្ធប្រសាទបានដំណើរការជិត ១០ឆ្នាំមកហើយ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧។
ការសាងសង់អគារថ្មីនេះចំណាយថវិកាជិត ៨លានដុល្លារអាមេរិក។ ថវិកាទាំងអស់បានមកពីមូលនិធិគន្ធបុប្ផាស្វីស មូលនិធិគន្ធបុប្ផាកម្ពុជា និងបានមកពីព្រះរាជទាន១លានដុល្លារអាមេរិកពីព្រះមហាក្សត្រកម្ពុជា និងសម្ដេចម៉ែ។
លោកវេជ្ជបណ្ឌិត គី សន្ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញបានថ្លែងឱ្យដឹងថា ការសាងសង់អគារថ្មី ដោយសារកុមារកើតជំងឺបេះដូង និងប្រព័ន្ធប្រសាទមានចំនួនច្រើន ហើយត្រូវសង្គ្រោះជារៀងរាល់ថ្ងៃ ទើបតម្រូវឱ្យមន្ទីរពេទ្យសម្រេចសាងសង់អាគារនេះ លើទីតាំងចាស់ នៃអាគារមន្ទីរពេទ្យគន្ធបុប្ផាទី១ ដើម្បីបម្រើដល់ការវះកាត់ជំងឺបេះដូងកុមារ និងវះកាត់ប្រព័ន្ធប្រសាទ នៅរាជធានីភ្នំពេញ ខណៈសេវាវះកាត់នេះនឹងអាចចាប់ផ្ដើមពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។
“អញ្ចឹងការសាងសង់អាគារថ្មីនេះ ជាតម្រូវការចាំបាច់សម្រាប់ការវះជំងឺបេះដូងកុមារ និងកាត់បន្ថយអត្រាស្លាប់របស់កុមារកម្ពុជា ។ ដូចនេះជំហានដំបូងយើងនឹងចាប់ផ្ដើមផ្ដល់សេវាព្យាបាលវះកាត់បេះដូង និងសង្រ្គោះបន្ទាន់សិននៅខែសីហាខាងមុខ”។
លោកវេជ្ជបណ្ឌិតបន្ថែមទៀតថា មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ដែលបានដំណើរការជិត ១០ ឆ្នាំមកនោះកំពុងផ្ដល់សេវាវះកាត់បេះដូង ក្នុងមួយសប្ដាហ៍ វះបានបីនាក់ ដោយវេជ្ជបណ្ឌិតខ្មែរសុទ្ធសាធ និងទទួលបានជោគជ័យច្រើន ដោយសារក្រុមគ្រូពេទ្យបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមានសមត្ថភាពអាចវះកាត់បានកាន់តែប្រសើរជាងមុន។
មន្ទីរពេទ្យ គន្ធបុប្ផា មានវត្តមាននៅអំឡុងទសវត្សឆ្នាំ ១៩៧០ ហើយត្រូវបានបិទទ្វារទៅវិញនៅ ពេលខ្មែរក្រហមឡើងកាន់អំណាច និង បានចាប់ដំណើរការឡើងវិញនៅឆ្នាំ នាំ ១៩៩២ ក្រោមព្រះរាជ្យតម្រិះរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រខ្មែរ និងលោកវេជ្ជបណ្ឌិត Beat Richner ជនជាតិស្វីសជាស្ថាបនិក៕