- 2019-04-05 10:26:23
- ជំនឿ
ហុងស៊ុយឆ្នាំកុរ ២០១៩ មិត្តដែលជួយជ្រោមជ្រែងបានគឺ ថោះ និង ច
- 2019-04-05 10:26:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហុងស៊ុយឆ្នាំកុរ ២០១៩ មិត្តដែលជួយជ្រោមជ្រែងបានគឺ ថោះ និង ច
ចន្លោះមិនឃើញ
ក្នុងឆ្នាំ ២០១៩នេះ មនុស្សឆ្នាំកុរទទួលរងឥទ្ធិពលផ្កាយជោគលេខ ៩ ជាសញ្ញាណបង្ហាញពីការបញ្ចប់ និងការចាប់ផ្ដើមអ្វីមួយថ្មី។ រាល់ការផ្លាស់ប្ដូរដែលកើតឡើងក្នុងពេលនេះ គឺជាការប្រែប្រួលដែលឆ្ពោះទៅរកភាពរីកចម្រើន និងរុងរឿងក្នុងឆ្នាំខាងមុខទៀត។ ហេតុនេះមនុស្សឆ្នាំកុរមិនគួររួញរា និងបារម្ភច្រើនពេកនោះទេ ទោះបីជាផលមិនហុចឲ្យភ្លាមៗក៏ដោយ។ នេះបើយោងតាមសៀវភៅ ហោរាសាស្ត្រ និង ហុង ស៊ុយ ឆ្នាំ ២០១៩។
សៀវភៅដដែលបានសរសេរទៀតថា ឆ្នាំនេះថាមពលចក្រវាលមានភាពទន់ខ្សោយ ជាហេតុធ្វើឲ្យសភាពផ្លូវចិត្តរបស់មនុស្សឆ្នាំកុរទន់ជ្រាយមិនសូវរឹងមាំ។ គេងាយបាក់ទឹកចិត្ត មិនរវៀសរវៃ ក្លៀវក្លា និងមានទំនោរគិតទៅរកផ្លូវអវិជ្ជមានច្រើន។ ស្ថានភាពបែបនេះ អាចប៉ះពាល់ដល់ការចាប់យកឱកាសនានាដែលបង្ហាញខ្លួន។
មនុស្សឆ្នាំកុរគួរស្វែងរកដៃគូ និងចូលរួមកិច្ចការជាមួយបុគ្គលឆ្នាំថោះ ឬបុគ្គលឆ្នាំច ព្រោះសម្ព័ន្ធមិត្តទាំង២ អាចជួយជ្រោមជ្រែងផ្ដល់កម្លាំង និងថាមពលដល់រូបគេបាន។ ជាសំណាងល្អដែលសភាពប្រចាំឆ្នាំមិនមានភាពប្រកួតប្រជែងច្រើន ម្យ៉ាងទៀតមនុស្សមានទំនោរជួយគ្នាទៅវិញទៅមក។ លក្ខណៈបែបនេះ អាចមានផលប្រសើរច្រើនសម្រាប់មនុស្សឆ្នាំកុរ ក្នុងការស្វែងរកអ្នកជួយជ្រោមជ្រែងខ្លួន។
កុរ និងថោះ៖ បុគ្គលឆ្នាំថោះគឺជាបង្គោល និងបង្អែករបស់មនុស្សឆ្នាំកុរ។ មនុស្សឆ្នាំកុរត្រូវការការជួយជ្រោមជ្រែង ជាពិសេសផ្នែកស្មារតី និងកម្លាំងចិត្តពីមនុស្សឆ្នាំថោះ។ មនុស្សឆ្នាំថោះដ៏មានឥទ្ធិពលនឹងហុចដៃជួយមិត្តរបស់ខ្លួនដោយក្ដីពេញចិត្តពេញថ្លើម និងស្មោះស្ម័គ្រជាទីបំផុត។ ថោះនិងកុរ គឺជាសម្ព័ន្ធដ៏យូរអង្វែងប្រកបដោយភាពចុះសម្រុងក្នុងចក្ររាសីសត្វចិន។
កុរ និងច៖ បុគ្គលឆ្នាំកុរជាអ្នកដែលត្រូវពឹងពាក់មនុស្សឆ្នាំច។ គេត្រូវការការថែរក្សា លើកទឹកចិត្ត និងការប្រឹក្សាពីដៃគូរបស់ខ្លួន។ បុគ្គលឆ្នាំច គឺជាសម្ព័ន្ធមិត្តដែលផ្ដល់ភាពកក់ក្ដៅ ព្រមទាំងជំនឿដល់មនុស្សឆ្នាំជ្រូក។ គេជាមិត្តភក្ដិដ៏ស្មោះត្រង់ និងស្មោះស្ម័គ្រ អាចជួយជំរុញកិច្ចការទាំងឡាយទាំងពួងឲ្យដំណើរការៅមុខដោយជោគជ័យ។ នេះជាសម្ព័ន្ធរីករាយ។
សូមរំលឹកអំពីដួងផ្កាយរបស់ឆ្នាំកុរ គឺជាផ្កាយជោគលេខ ៩ រះឡើងនាំមកនូវឱកាសច្រើនសន្ធឹកសន្ធាប់សម្រាប់ឆ្នាំកុរ។ ប៉ុន្តែការប្រឹងប្រែងដាំនាពេលនេះ នឹងមិនហុចផលភ្លាមៗនោះទេ។ បុគ្គលនេះគួររៀបចំផែនការ និងសម្លឹងមើលរយៈពេលវែង។ ការវិនិយោគការបណ្ដាក់ទុន ការបើកបរជំនួញអាចធ្វើឡើងបានដោយជោគជ័យ និងមានឫសគល់យូរអង្វែង។ មនុស្សឆ្នាំកុរត្រូវកត់ចំណាំថា ការឧស្សាហ៍ព្យាយាម និងការធ្វើច្រើនរមែងបានផលក៏ច្រើនដែរ។
ការផ្ដោតថែទាំងប្រមែប្រមូលផ្ដុំកម្លាំងចិត្តលើការងាររបស់ខ្លួននឹងកាន់តែធ្វើឲ្យកិច្ចការទាំងឡាយទាំងពួង រីកធំធាត់បន្តបន្ទាប់ទៅមុខទៀត ហើយអាចសម្រេចបានផលច្រើននៅឆ្នាំ ២០២០។ ដោយឡែកឆ្នាំ ២០១៩ នេះមនុស្សឆ្នាំកុរ មានរាសីឡើងក្នុងខែ ពាក់កណ្ដាលឆ្នាំ។ ហេតុនេះគេគួរចាប់ឱកាសទាំងនោះឲ្យជាប់ និងប្រើប្រាស់ឲ្យអស់ពីលទ្ធភាព៕
ប្រភពសៀវភៅ៖ ហោរាសាស្រ្ត និង ហុង ស៊ុយ ឆ្នាំ២០១៩ អ្នកបកស្រាយ និង និពន្ធ៖ តាន់ សូដានី