• 2019-04-12 03:02:35
  • ជំនឿ

ចង់​ឲ្យ​កើត​សិរីសួស្ដី​នៅ​ឆ្នាំ​ថ្មី​គួរ​ធ្វើ​រឿង​បី​យ៉ាង

  • 2019-04-12 03:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះភិក្ខុ សតិបាលោ សុខ សុផៃ គង់​នៅ​វត្ត​និគ្រោធវ័ន ហៅ​វត្ត​គល់​ទទឹង បាន​លើក​យក​ចំណុច​បី​យ៉ាង ដែល​ព្រះ​ពុទ្ធ​បាន​ត្រាស់​សម្ដែង​មក​បរិយាយ​ថា បើ​ចង់​ឲ្យ​កើត​សិរីសួស្ដី​ពិត​ប្រាកដ​ទាំង​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី និង​ជីវភាព​ប្រចាំ​ថ្ងៃ ជន​ប្រុស​ស្រី​ត្រូវ​ធ្វើ៖

ទី១-ធ្វើ​ការ​គោរព​ប្រតិបត្តិ​ឪពុក​ម្ដាយ និង​អ្នក​មានគុណ។ ជូន​ជា​ទេយ្យទាន​មាន ម្ហូប​អាហារ​នំ​ចំណី ថ្នាំ​សង្កូវ សំលៀក​បំពាក់ និង​ជួយ​សម្រាល​បន្ទុក​ការងារ​ពួក​គាត់ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ស្រណុក​សុខ​ស្រួល សប្បាយ​រីករាយ​។ ព្រះ​អង្គ​មាន​សង្ឃដីកា​ថា កុំ​អាល័យ​តែ​បន់​ទេវតា​លើ​មេឃ បន់​ព្រះ​ដទៃ ភ្លេច​ព្រះ​ខ្លួន​ឯង​ក្នុង​ផ្ទះ​។ ព្រោះ​ថា គ្មាន​ទេវតា​ណា​ឲ្យ​ជីវិត បី​បាច់​រក្សា បង្រៀន​ទូន្មាន ក្រៅ​ពី​ឪពុក​ម្ដាយ​ទេ​។ បើ​ចង់​បាន​សិរីសួស្ដី​ត្រូវ​គោរព​ប្រតិបត្តិ ថ្វាយ​បង្គំ ឪពុកម្ដាយ​ទាន់​មាន​ឱកាស​។ ត្រង់​នេះ​ព្រះ​អង្គ​មិន​បាន​ហាម​មិន​ឲ្យ​កាន់​យក​នូវ​ទំនៀម​ប្រពៃណី​ឡើយ​។ ទំនៀម​ទម្លាប់​ជាតិ​ខ្មែរ ពលរដ្ឋ​ខ្មែរ​ត្រូវ​រក្សា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

ទី២-ចៀសវាង ឬ​កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​។ គ្រឿង​ស្រវឹង​មិន​បាន​នាំ​ឲ្យ​កើត​មង្គល​ទេ ផ្ទុយ​មក​វិញ​គឺ​ជា​គ្រឿង​កាត់​នូវ​សិរីសួស្ដី នាំ​ឲ្យ​មនុស្ស​អន្តរាយ​ខូច​សុខភាព បាត់​បង់​ជីវិត ថោកទាប បាត់​កិត្តិយស​។

ទី៣-ការ​មិន​ប្រមាទ បាន​ដល់​ស្មារតី​ប្រុងប្រយ័ត្ន​ជា​ប្រក្រតី កុំ​ធ្វេស​ប្រហែស​។ ពុទ្ធភាសិត​មួយ​ឃ្លា​ពោល​ថា អបមាទោ អមតំ បទំ បាន​ន័យ​ថា ការ​មិន​ធ្វេស​ប្រហែស ជា​ផ្លូវ​ចៀស​នូវ​សេចក្ដី​ស្លាប់​។ ព្រះ​ភិក្ខុ សតិបាលោ មាន​សង្ឃដីកា​ពន្យល់​ថា ការ​មិន​ស្លាប់​គឺ មិន​ស្លាប់​ជីវិត​មួយ មិន​ស្លាប់​គុណធម៌​មួយ និង​មាន​សិរីសួស្ដី​ជ័យ​មង្គល​ផង។ ជាក់​ស្ដែង​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​មាន​រាល់​ថ្ងៃ សាហាវ​ព្រៃ​ផ្សៃ​ក៏​ព្រោះ​តែ សេចក្ដី​ប្រមាទ គឺ​ការ​ធ្វេស​ប្រហែស​នេះ​ឯង សង្ឃដីកា​ព្រះ​អង្គ​សុខ សុផៃ​។

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់