• 2019-04-23 05:05:45
  • សុខភាព

អ្នក​ជំនាញ​អំពាវនាវ​ ឲ្យ​មាន​ការ​ដំឡើង​ពន្ធ​ថ្នាំ​ជក់ ក្រោម​ហេតុ​ផល​មួយ​នេះ

  • 2019-04-23 05:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​មក​ពី​សម្ព័ន្ធ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​អាស៊ីអាគ្នេយ៍​ (SEATCA) អង្គការ​សុខភាព​ពិភព​លោក និង​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​អំពាវ​នាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំ​ជក់​បន្ថែម​ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំ​ជក់ បង្ការ​កុំ​ឲ្យ​មាន​អ្នក​ស្លាប់​បន្ត និង​បង្កើន​ប្រាក់​ចំណូល​ពន្ធ​បន្ថែម​ ដែល​ត្រូវការ​ជា​ចាំបាច់​សម្រាប់​ពង្រឹង​ការ​ថែ​ទាំ​សុខភាព​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួបជុំ​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ថ្នាំ​ជក់ និង​អ្នក​សារព័ត៌មាន​បាន​មក​ជួបជុំ​គ្នា​នៅ​សណ្ឋាគារ​សាន់​វ៉េ កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​មេសា ២០១៩​នេះ។

ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សង្គម​ស៊ីវិល​​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​កម្ពុជា​លើសពី​២​លាន​នាក់​ បាន​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ ក្នុង​នោះ​មាន​អ្នក​ជក់​បារី​ជាង ១,៥​លាន​នាក់ និង​អ្នក​ចុក​ថ្នាំ​ជក់​ជិត​០,៥​លាន​នាក់។ រីឯ​ការ​ប្រើប្រាស់​ថ្នាំ​ជក់​ក្នុង​ចំណោម​យុវជន ក៏​កំពុង​កើន​ឡើង​ដែរ។

គោល​នយោបាយ​ពន្ធលើ​ថ្នាំជក់ ត្រូវ​បាន​ពង្រឹង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​គោល​នយោបាយ​ទាំង​នេះ ពុំទាន់​ឆ្លើយ​តប​ទាំង​ស្រុង​ចំពោះ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំ​ជក់ ​និង​ការ​បង្កើន​ប្រាក់​ចំណូល​ពន្ធ​របស់​រាជរដ្ឋាភិបាល​ សម្រាប់​កម្មវិធី​អភិវឌ្ឍ​សង្គម​នៅ​ឡើយ។ កម្ពុជា ​ហូត​ពន្ធ​តែ​២៥%-៣០%​ធៀប​នឹង​តំលៃ​លក់​រាយ​រាល់​ផលិតផល​ថ្នាំជក់ ហើយ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អត្រាពន្ធ​លើ​ថ្នាំ​ជក់​ទាប​ជាង​គេ​បំផុត ក្នុង​បណ្តា​ប្រទេស​អាស៊ាន”។ នេះ​ជា​ការ​លើក​ឡើង​របស់​ វេជ្ជបណ្ឌិត Ulysses Dorotheo, នាយក​ប្រតិបត្តិ សម្ព័ន្ធ SEATCA.   “ការ​ដំឡើង​ពន្ធ​ថ្នាំ​ជក់​ឲ្យ​ខ្ពស់ គឺជា​វិធាន​ការ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ ប៉ុន្តែ​មិន​ចំណាយ​ច្រើន​ទេ ដែល​វិធាន​ការ​នេះ​ត្រូវ​បាន​ផ្តល់​អនុសាសន៍​ដោយ​អង្គការ​សុខភាព​ពិភពលោក​ ថា​ជា​វិធាន​ការ​ឈ្នះឈ្នះ ព្រោះ​វា​មិន​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​ចំណាយ​អ្វី​ទាំងអស់​ ផ្ទុយ​ទៅ​វិញ វា​បាន​ផ្តល់​នូវ​ប្រាក់​ចំណូល​ពន្ធ​សម្រាប់​ទ្រទ្រង់​ការ​ថែទាំ​សុខភាព​ប្រជាពលរដ្ឋ​គ្រប់រូប ព្រម​ទាំង​កាត់​បន្ថយ​អ្នក​ជក់បារី និង​បង្ការ​កុំ​ឲ្យ​មាន​ជម្ងឺ​ដែល​បង្ក​ដោយ​ថ្នាំ​ជក់ នោះ​ជា​ការ​បង្ការ​កុំ​ឲ្យ​មាន​អ្នក​ស្លាប់ និង​ទទួល​បាន​ប្រាក់​ចំណូល​ពន្ធ​បន្ថែម”។ នេះ​ជា​ ប្រសាសន៍​ លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាង​អង្គការ​សុខភាព​ពិភពលោក។

លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាង​អង្គការ​សុខភាព​ពិភពលោក

លោក​វេជ្ជបណ្ឌិត មុំ​ គង់ នាយក​ប្រតិបត្តិ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​បន្ថែម​ថា “អ្នក​ជំនាញ​ផ្នែក​សុខភាព និង​សេដ្ឋកិច្ច បាន​ឯកភាព​គ្នា​ថា យើង​អាច​ទទួល​បាន​ផល​ប្រយោជន៍​សុខភាព​សាធារណៈ​បាន លុះ​ត្រា​តែ​ពន្ធ​លើ​ផលិត​ផល​ថ្នាំ​ជក់​ត្រូវ​បាន​គេ​ដំឡើង​ជា​ទៀងទាត់ ឲ្យ​ទាន់​កម្រិត​អតិផរណា និង​ការ​កើន​ឡើង​នៃ​ប្រាក់​ចំណូល​ក្នុង​គ្រួសារ។ រាជ​រដ្ឋាភិបាល​គួរ​តែ​មាន​ទិស​ដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​ផលិតផល​ថ្នាំ​ជក់​មាន​តម្លៃ​ថ្លៃ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់”។​

រូបខាងស្ដាំ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ​ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា

ការ​សិក្សា​បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទិញ​បារី ២​ដង​ច្រើន​ជាង បើ​ប្រៀបធៀប​រវាង​ឆ្នាំ ២០១៦ ទៅ​នឹង​ឆ្នាំ​២០០២។ ការ​អង្កេត​លើ​មតិ​យុវជន ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  នៅឆ្នាំ២០១៨ បាន​បង្ហាញ​ថា យុវជន​ភាគច្រើន នឹង​ឈប់​ទិញ​បារី​ជក់ បើ​តម្លៃ​បារី​ឡើង​ដល់ ១០ ០០០រៀល​ក្នុង​១កញ្ចប់។ បារី​ដែល​មាន​ពេញ​និយម​ជាង​គេ មាន​តម្លៃ​ត្រឹមតែ​ ២ ០០០​រៀល​ប៉ុណ្ណោះ បច្ចុប្បន្ន។

ស្រប​តាម​ការ​ណែនាំ​អន្តរជាតិ ស្តីពី​ការ​ហូត​ពន្ធ​ថ្នាំ​ជក់ អ្នក​ជំនាញ​ក៏​បាន​ផ្តល់​អនុសាសន៍​ថា រចនា​សម្ព័ន្ធ​ពន្ធ​របស់​កម្ពុជា គួរតែ​ផ្លាស់ប្ដូរ​ទៅ​ប្រព័ន្ធ​ជាក់​លាក់ (uniform specific tax system) ដែល​ងាយ​ស្រួល​ជាង​សម្រាប់​រដ្ឋបាល​សារពើពន្ធ ជាង​ប្រព័ន្ធ​បច្ចុប្បន្ន។ ទន្ទឹម​នឹង​នោះ គួរតែ​តម្រូវ​ឲ្យ​មាន​អាជ្ញាប័ណ្ណ​សម្រាប់​គ្រប់​អ្នក​ផលិត អ្នក​នាំ​ចូល អ្នក​ចែកចាយ និង​អ្នក​លក់​រាយ​ផលិតផល​ថ្នាំ​ជក់ ដើម្បី​សម្រួល​ដល់​ការ​ប្រមូល​ពន្ធ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផលិត​និង​ការ​នាំ​ចូល​ខុស​ច្បាប់ នូវ​ផលិត​ផល​ថ្នាំ​ជក់។

ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំ​ជក់ ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ ២០១៥ ចង្អុល​បង្ហាញ​វិធាន​ការ​សំខាន់ៗ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្គត់ផ្គង់ និង​ការ​កាត់​បន្ថយ​តម្រូវ​ការ​ថ្នាំ​ជក់ រួម​ទាំង​វិធាន​ការ​ពន្ធដារ​ផងដែរ​ ដោយ​សមស្រប​ជាមួយ​នឹង​អនុសញ្ញា​ស្តីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំ​ជក់ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​នៅ​ឆ្នាំ ២០០៥។

ការ​ប្រើប្រាស់​ថ្នាំ​ជក់​នៅ​តែ​ជា​មូលហេតុ​ចម្បង ដែល​បណ្ដាល​ឲ្យ​ស្លាប់ ដែល​អាច​ជៀស​វាង​បាន នៅ​ក្នុង​ពិភពលោក។​​ នៅ​កម្ពុជា ប្រជាពលរដ្ឋ​ប្រមាណ ​១០ ០០០​នាក់​ ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​បណ្ដាល​មក​ពី​ជំងឺ​ដែល​បង្ក​ដោយ​ការ​ប្រើប្រាស់​ថ្នាំ​ជក់ ខណៈ​ដែល​ការ​ព្យាបាល​ជំងឺ​ទាំង​នេះ ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់​ក៏​ ១៦២,៧០​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​១​ឆ្នាំៗ៕ 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់