• 2019-04-23 10:47:10
  • សុខភាព

អាការៈទាំង៨ មើលពីខាងក្រៅឃើញរឹងមាំខ្លាំង តែក្នុងចិត្តស្ទើរឆ្កួត ស្ទើរជា

  • 2019-04-23 10:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​អ្នក​ជា​មនុស្ស​ប្រភេទ​ណា ឬ​រឹងមាំ​កម្រិត​ណា​ទេ ជៀស​មិន​ផុត​អ្នក​គង់​តែ​មាន​ពេល​ណា​មួយ ដែល​នឹង​នឿយហត់ ថប់​អារម្មណ៍ បាក់ទឹកចិត្ត និង​ចង់​រក​មិត្ត​យល់​ចិត្ត​ម្នាក់​មក​សារសព្ទ​សុខ​ទុក្ខ​ខ្លួន​ឯង​ប្រាប់​ឲ្យ​ខ្ទេច អស់​ពី​ពោះ ដើម្បី​បាន​ធូរស្រាល​ក្នុង​ចិត្ត។

រូបតំណាង

អ្នក​មាន​ដៃគូ​ទៅ​វា​មិន​អី​ទេ តែ​បើ​អ្នក​នៅ​តែ​ឯង​ម៉ង់ៗ គួរ​ដឹង​សញ្ញា​ទាំង​៨​នេះ ដែល​ប្រាប់​ច្បាស់​ពី​ស្ថាន​ភាព​រាងកាយ​ដ៏​ល្ហិតល្ហៃ ស្រ្តេស​ដល់​កម្រិត​ប្រកាស​អាសន្ន ​ចេញ​ពី​ផ្នែក​ខាង​ក្នុង​នៃ​អារម្មណ៍​របស់​អ្នក​មក​ម្ល៉េះ។

១. គេង​ពេញ​១​យប់​តែ​គ្មាន​អារម្មណ៍​ថា​ស្កប់ស្កល់

រូបតំណាង

វា​ជា​ការ​ពិបាក​សម្រាប់​អ្នក​បំផុត ដើម្បី​ក្រោក​ពី​គេង​ហើយ​ក្រោក​ពី​គ្រែ​ សឹង​តែ​មិន​រួច​នៅ​ពេល​ព្រឹក​។ បើ​​​អ្នក​មិន​ដឹង​សាច់​រឿង ប្រហែល​ជា​យល់​ថា អ្នក​ខ្ជិល​ច្រអូស ប៉ុន្តែ​តាម​ការពិត គឺ​អ្នក​មាន​បញ្ហា​ល្ហិតល្ហៃ​អារម្មណ៍​ខ្លាំង រហូត​ទាញ​ឲ្យ​រាងកាយ​ទៅ​ជា​ស្ពឹក​ស្រពន់ ទោះបានគេងពេញ១​យប់ ៨​ម៉ោង​ហើយ​ក៏ដោយ អ្នក​តែងតែ​មាន​​អារម្មណ៍​ថា ល្វើយ! មិន​ដែល​ស្គាល់​រស​ជាតិ​គេង​ស្រួល​នឹង​គេ។

២. ចង់​គេច​ចេញ​ពី​ការ​ពិត

រឿង​ធំ មិនមែន​លេង​សើច​ទេ! នៅ​ពេល​ខ្លះ​អ្នក​ពិត​ជា​មិន​អាច​យល់​ពី​ខ្លួន​ឯង​ផង ឧទាហរណ៍​ថា អ្នក​មាន​អារម្មណ៍​ប្លែក​ៗ បើ​ភាសា​ធម្មតា ​ថា​យើង​ប្រហែល​ជា​បែក​ៗ ឬ​សតិ​មិន​សូវ​ល្អ​ជា​ដើម។

រូបតំណាង

តាមពិត រាងកាយ​អ្នក​វា​នឿយ​ហត់​ខ្លាំង​ពេក វា​នឹង​ធ្វើ​ឲ្យ​អ្នក​ចង់​ចាកចេញ​ពី​ជីវិត​ប្រចាំថ្ងៃ​ដោយ​គ្មាន​ហេតុផល បើ​ទោះ​អ្នក​មាន​ការងារ​ធំដុំ​ក៏​ដោយ ពេលខ្លះ​អ្នក​ចង់​តែ​ឈប់ ខ្ជិល​ធ្វើការ​បន្ត​ជាដើម។ អ្នក​ស្រមៃ​ថា ​ចង់​ត្រលប់​ទៅ​រស់នៅ​ក្នុង​ជីវិត​កាល​ពី​អតីតកាល ឬ​វ័យ​ពេល​កុមារ​ភាព​ដែល​គ្មាន​ខ្វល់​ពី​អ្វី​គ្រប់​យ៉ាង​ និយាយ​រួម​គឺ​ទៅ​ណា​ក៏បាន ដែល​អាច​រស់នៅ​ឆ្ងាយ​ពី​ស្ថានភាព​រាល់ថ្ងៃ។

៣. រស់​បែប​ក្រៀមក្រោះ គ្មាន​ក្ដី​ប្រាថ្នា ​រួច​១​ថ្ងៃ​ៗ គឺ​ចប់!

រូបតំណាង

អ្នក​តែង​មាន​អារម្មណ៍​ព្រងើយ​កន្តើយ​ចំពោះ​អ្វី​ៗ​ទាំងអស់​ដែល​កើត​ឡើង​នៅ​ជុំវិញ។ អ្នក​បាត់បង់​ចំណាប់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​អ្នក​ធ្លាប់​ចូលចិត្ត​ពីមុន ដោយសារ​តែ​កត្តា​រាងកាយ​ហត់​ គ្មាន​ថាមពល​ដល់​កម្រិត​ប្រកាស​អាសន្ន។ ដូច្នេះ ពេល​ខ្លះ​អ្នក​សឹង​តែ​ទប់​ខ្លួនឯង​មិន​ចង់​រួច​ផង តើ​ឲ្យ​ទៅ​មាន​កម្លាំង​ឯណា​បង្កើត​ក្ដី​ប្រាថ្នា ឬ​មហិច្ឆតា​ក្នុង​​ជីវិត? ជា​ការ​ពិត​វា​មិន​អាច​ទេ។ អ្នក​តែង​មាន​ទឹក​មុខ​ក្រៀមក្រោះ គ្មាន​ពន្លឺ​សុភមង្គល​ដូច​គេ ដូច​ឯង។

៤. អារម្មណ៍​ឡើង​ចុះ ចាប់​មិន​ឈ្នះ!

អ្នក​មាន​អារម្មណ៍​ឡើង​ចុះ​ៗ មិន​នឹង ន ហើយ​វា​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស​ជានិច្ច​ជាប្រចាំ​។ ពេលខ្លះ អ្នក​មាន​ភាព​មិន​ពេញ​ចិត្ត​នឹង​ខ្លួន​ឯង ដែល​អាច​ឲ្យ​អ្នក​ខឹង​នឹង​ខ្លួនឯង សូម្បី​តែ​រឿង​តូចតាច​ក៏​អ្នក​រត់​ទៅ​យំ ឬ​បើ​ពេល​ខ្លះ​អ្នក​សប្បាយ​ចិត្ត​វិញ ទៅ​ជា​សើច​ខុស​រឿង និង​គ្មាន​ហេតុផល។

រូបតំណាង

៥. លាក់​អារម្មណ៍

រូបតំណាង

អ្នក​មាន​បញ្ហា​ស្រ្តេស ឬ​ល្ហិតល្ហៃ​ដល់​កំពូល​មួយ​ចំនួន មិន​បាន​ដឹង​ពី​ខ្លួនឯង។ អ្នកខ្លះ​ទៅ​ជា​ចេញ​រោគសញ្ញា ដោយ​ព្យាយាម​លាក់​អារម្មណ៍ ប្រាប់​គេ​ឯង​ថា​ខ្លួន​ជា​មនុស្ស​រីករាយ ឬ​ខ្លួន​មិន​ចេះ​ពិបាក​ចិត្ត។ តែ​តាម​ការ​ពិត​ខ្លួន​ឯង​សឹង​តែ​ដង្ហើម​ចង្រិត​ម្ដង​ៗ ពេល​នៅ​ម្នាក់​ឯង​។ អាការៈ​នេះ អ្នក​តែង​លួច​យំ​ពេល​នៅ​ក្រោយ​ខ្នង​គេ​ ប៉ុន្តែ​នៅ​មុខ​គេ​វិញ ធ្វើ​ដូច​ខ្លួន​ឯង​ចំណាប់ ឬ​រីករាយ​ជានិរន្តរ៍។

៦. ឯកា​អាជីព

អ្នក​ពិត​ជា​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ម៉េច​ក៏​ចេះ​តែ​ឯកា​គ្រប់​ពេល? បើ​ទោះ​ពេល​ខ្លះ​មាន​មិត្តភ័ក្ដិ​មក​ជជែក​លេង​ជាមួយ​ក៏​ដោយ។ ឯកា​អាជីព​បើ​អ្នក​លេង​ហ្វេសប៊ុក​វិញ គឺ​ថ្ងៃ​ណា​ក៏​ផុស​រឿង​មិន​សប្បាយ​ចិត្ត ប្លែក​ៗ បែប​ស៊ី​អារម្មណ៍ ដាក់ខែ ឧទាហរណ៍៖ គ្មាន​អ្នក​យល់​ចិត្ត អ្នក​ណា​ក៏​បាន​កំដរ​ខ្ញុំ​ផង​បាន​អត់? ចង់​ទៅ​ក្រៅ​ដើរ​លេង តែ​គ្មាន Crush (អ្នក​ស្រឡាញ់) នឹង​គេ? សួរ​ថា បើ​អ្នក​ធម្មតា​ទៅ​សរសេរ Staus បែប​នេះ​ចេញ​អត់​ ប្រាកដ​ណាស់ គឺ​មិន​អាច​ទេ! ទាល់​តែ​អ្នក​ឯកា​អាជីព​។

៧. ចង់​រស់​លាក់​ខ្លួន​ពី​អ្នក​ដទៃ

រូបតំណាង

ជួនកាល​គេ​មិន​ទាំង​បាន​មក​ធ្វើ​អី​ប៉ះពាល់​ដល់​អ្នក​ផង តែ​មិន​ដឹង​យ៉ាង​ម៉េច អ្នក​បែរ​ជា​មាន​បំណង​ចង់​ចាកចេញ ឬ​លាក់​ខ្លួន​ពី​មនុស្ស​ដែល​នៅ​ជុំវិញ មិន​ចង់​ពាក់ព័ន្ធ​ និយាយ​រួម គឺ​ខ្ជិល​ប្រឈម​នឹង​គេ​ឯង នោះ​ហើយ​ជា​សញ្ញា នៃ​រាងកាយ​ដែល​រង​សំពាធ​តានតឹង។

៨. គិត​អ​វិជ្ជមាន

ធ្លាប់​ទេ ដែល​អ្នក​តែង​មាន​គំនិត ដូច​ជា​មាន​ផ្ទាំង​ខ្មៅ មក​បាំង​មុខ មាន​ន័យ​ថា​អ្នក​តែងតែ​មាន​អារម្មណ៍​គិត​តែ​រឿង​អាក្រក់ មិន​ថា​រឿង​តូច ឬ​រឿង​ធំ។ នេះ​ហើយ ដែល​គេ​ហៅថា ការ​គិត​បែប​អវិជ្ជមាន។ ឥទ្ធិពល​សំពាធ​អារម្មណ៍ គឺ​ហុច​ជា​រឿង​ជាច្រើន​ដល់​សុខភាព​អ្នក រៀន​សង្កេត​ពី​ខ្លួនឯង កុំ​ចាំ​ទាល់​តែ​មាន​បញ្ហា​ធំ ទើប​រក​ដំណោះ​ស្រាយ។

រូបតំណាង

មិន​ថា​អ្នក​មាន​រឿង​អ្វី គួរ​ចេះ​និយាយ​ចេញ​មក​ក្រៅ រក​មនុស្ស​ដែល​អាច​ជួយ​ស្ដាប់​ដ៏​ល្អ និង​ជួយ​ជា​កម្លាំង​ចិត្ត នោះ​អ្នក​នឹង​អាច​សប្បាយ​ចិត្ត​ឡើង​វិញ។ ផ្ទុយ​ទៅវិញ​បើ​បណ្ដែតបណ្ដោយ​តាម​យថាកម្ម ខ្ជះខ្ជាយ​ពេលវេលា ព្រងើយ​កន្តើយ​នឹង​ខ្លួន​ឯង មិន​រក​អ្នក​ជួយ នោះ​អ្នក​អាច​នឹង​ក្លាយ​ជា​ទាសករ​នៃ​អារម្មណ៍​ដ៍​ពិបាក​យល់​ដូច​បាន​លើក​ឡើង​ខាង​លើ។

ប្រភព៖ Brightside ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់