
- 2019-09-25 09:08:22
- ចរាចរណ៍
ចំណុចគួរដឹងបើមិនចង់ឲ្យឡានជាប់ខ្នោះរបស់សមត្ថកិច្ចពេលឈប់ឬចត
- 2019-09-25 09:08:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចគួរដឹងបើមិនចង់ឲ្យឡានជាប់ខ្នោះរបស់សមត្ថកិច្ចពេលឈប់ឬចត
ចន្លោះមិនឃើញ
មួយរយៈនេះអាជ្ញាធរក្នុងរាជធានីភ្នំពេញកំពុងរឹតបន្តឹងចំពោះអ្នកចតយានជំនិះនៅតាមដងផ្លូវដែលថាបំពានទៅនឹងការកំណត់នៃច្បាប់។
អ្នកបើកបរជាច្រើនទំនងជាបានយល់ដឹង តែក៏មានអ្នកបើកបរខ្លះទំនងជាភ្លេច ឬចាំមិនអស់ពីការឈប់ចតលើដងផ្លូវដែរ។ ដើម្បីចៀសវាងការចតខុសហើយត្រូវសមត្ថកិច្ចចាក់សោររថយន្ត ឬស្ទូចយកទៅកាន់ស្នងការឬអធិការដ្ឋាននគរបាលខណ្ឌនោះ ថ្ងៃនេះ Sabay សូមរំឭកខ្លះពីកន្លែងដែលអ្នកបើកបរមិនគួរឈប់ ឬចតយានជំនិះរបស់ខ្លួនដោយផ្អែកតាមមាត្រា២៣ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៥។
សម្រាប់អ្នកល្មើសនឹងចំណុចក្នុងមាត្រា២៣នេះ សម្រាប់រថយន្តធុនស្រាលត្រូវពិន័យជាប្រាក់២៥ ០០០រៀល និងរថយន្តធុនធំពិន័យជាប្រាក់៥០ ០០០រៀល។ នេះបើតាមអនុក្រឹត្យពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចារាចរណ៍ផ្លូវគោកឆ្នាំ២០១៧ ត្រង់មាត្រា៦។
បើតាមមាត្រាខាងលើ អ្នកបើកបរហាមចត ឬឈប់នៅកន្លែងមួយចំនួនដូចខាងក្រោម៖
- លើទ្រូងផ្លូវ ចិញ្ចើមផ្លូវទុកសម្រាប់អ្នកថ្មើរជើង និងក្នុងចន្លោះតិចជាងប្រាំម៉ែត្រពីមុខគំនូសឆ្នូតកាត់ទទឹងទ្រូងផ្លូវសម្រាប់ថ្មើរជើង ឬនៅលើគំនូសនេះ ឬនៅលើផ្លូវសម្រាប់អ្នកថ្មើរជើង។
- កន្លែងបម្រុងទុកសម្រាប់ការឈប់ ឬចតនៃយានប្រភេទខ្លះ
- នៅជិតបង្គោលភ្លើងសញ្ញាចរាចរណ៍ ឬផ្លាកសញ្ញាចរាចរណ៍ដែលធ្វើឲ្យបាំងភ្នែកអ្នកប្រើប្រាស់ផ្លូវមិនអាចមើលឃើញសញ្ញាទាំងនេះបាន។
- នៅគ្រប់កន្លែងដែលរាំងស្ទះដល់ច្រកចេញចូល ការចត ឬការឈប់របស់យានដទៃទៀត
- លើស្ពាន លើផ្លូវក្រោមដី លើផ្លូវរូង ផ្លូវប្រសព្វ លើផ្លូវកាត់ផ្លូវរថភ្លើង លើផ្លូវក្នុងរង្វង់មូល ផ្លូវកោងខ្លាំង ឬផ្លូវចោតខ្លាំង ដែលមិនអាចមើលឃើញយានផ្សេងទៀតពីចម្ងាយបាន។
- ជាពីរជួរទន្ទឹមគ្នា
- លើទ្រូងផ្លូវមុខច្រកចេញចូលផ្ទះឯកជន លើកលែងតែយានជារបស់ម្ចាស់ផ្ទះដែលជាកម្មសិទ្ធតែមួយ
- កន្លែងដែលមានសញ្ញាហាមឈប់ ឬចត និង
- ផ្លូវប្រសព្វឬផ្លូវបត់ ជាដើម។
គួរបញ្ជាក់ថាចំណុចទាំងនេះ គ្រាន់ជាចំណុចខ្លះៗក្នុងមាត្រា២៣ ស្ដីពីការឈប់ និងចតនៅលើផ្លូវថ្នល់ប៉ុណ្ណោះ៕