• 2019-11-28 02:39:34
  • ចរាចរណ៍

ប៉ូលិសចរាចរណ៍​ខេត្ត​កណ្ដាល​ម្នាក់​ត្រូវ​ម្ចាស់ឡានបើក​បំបុក​បាក់ជើង​ទាំងពីរពេល​បំពេញការងារ

  • 2019-11-28 02:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​នគរបាលជាន់​ខ្ពស់​ខេត្ត​កណ្ដាល​ឲ្យ​ដឹងថា​ប៉ូលិស​ចរាចរណ៍​ម្នាក់​រង​របួស​ធ្ងន់​ពេល​កំពុង​បំពេញ​ភារកិច្ចសម្រួល​ចរាចរណ៍​​ត្រង់ចំណុច​ស្តុប​ព្រែកហូរ ដោយ​រថ​មួយ​គ្រឿង​បានបើក​បុក​បណ្ដាល​ឲ្យ​បាក់ជើងទាំងពីរ និង​របួស​​ត្រង់​ក្បាល​ផង។

(សមត្ថកិច្ច​ដែល​រងរបួស/ រូបភាព៖ស្នងការ​ដ្ឋាន​ខេត្ត​កណ្ដាល)

ស្នងការ​នគរបាល​ខេត្ត​កណ្តាល​លោក អៀវ ចំរើន បាន​សរសេរ​លើទំព័រ​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​យប់​មិញ​ថា​ហេតុការណ៍នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​៨​ និង​៣២​នាទី​យប់​ថ្ងៃទី​២៧​ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ​ចំណុច​ស្តុប​ព្រែក​ហូរ។ ប្រភព​បន្តថា​ហេតុការណ៍នេះ​កើត​ឡើង​ដោយ​ម្ចាស់​រថយន្ត​Tacoma មួយ​គ្រឿង​មិន​ស្តាប់​តាម​ការ​បញ្ជា​របស់​សមត្ថកិច្ច​ឲ្យ​អែប​ខាង តែ​បែរជា​បើក​បំបុក​សមត្ថកិច្ច​ឈ្មោះ ទូច សៅ​ហេង ខ្ទាតចម្ងាយ​ប្រាំម៉ែត្រ បណ្តាល​ឲ្យ​បាក់ជើង​ទាំងសងខាង និង​រងរបួស​ក្បាល​ផង។​

លោក អៀវ ចំរើន បញ្ជាក់ថា​ជនបង្ក​បានព្យាយាម​បើក​រថយន្ត​រត់គេច​ខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​ដេញ​ស្ទាក់ និង​បាន​ទុក​រថយន្ត​ចោល​រួច​គេច​ខ្លួន​បាត់។ លោក​បន្ថែមថា៖ «យើងសង្ឃឹមថាទោះម្ចាស់រថយន្តរត់ទៅដល់ទីណាក៌មិនរួចផុតពីសំណាញ់សមត្ថកិច្ចឡើយ សូមអញ្ជើញម្ចាស់រថយន្តចូលខ្លួនសារភាពកំហុសជាបន្ទាន់ យើងជឿថាលោកអាចស្គាល់ពីសមត្ថភាពរបស់មន្ត្រីនគរបាលខេត្តកណ្តាលរួចហើយ។ យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរួមអាជីពជាមួយលោកអនុ.ឯក ទូច សៅហេង សូមចូលរួមសោកស្តាយដែលត្រូវជនពាលអវិជ្ជាប្រមាថដល់ជីវិតក្នុងពេលបំពេញបេកម្មបែបនេះ យើងខ្ញុំសូមចូលរួមរំលែកនៅទុក្ខដ៏ធ្ងន់ធ្ងរនេះផង»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់