• 2019-12-04 01:00:00
  • សេដ្ឋកិច្ច

ABA ជាប់ឈ្មោះជា ធនាគារឆ្នើមបំផុត ប្រចាំឆ្នាំ 2019 នៅកម្ពុជា ពី The Banker

  • 2019-12-04 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំទីបីនៅកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ត្រូវបានប្រសិទ្ធនាមជា ធនាគារឆ្នើមបំផុតប្រចាំឆ្នាំ 2019 នៅកម្ពុជា ដោយទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker របស់ Financial Times Group (ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស)។ ពានរង្វាន់ ត្រូវបានផ្តល់ជូនដល់ធនាគារ ABA ក្នុងអំឡុងពេលប្រារព្ធពិធីប្រចាំឆ្នាំនៅក្នុងទីក្រុងឡុងដ៍ ដែលចូលរួមដោយនាយកប្រតិបត្តិធនាគារល្បីៗជាច្រើននៅទូទាំងពិភពលោក។

គណៈវិនិច្ឆ័យបានកោតសរសើរយ៉ាងខ្លាំង ចំពោះយុទ្ធសាស្ត្ររបស់ធនាគារ ដែលផ្តោតសំខាន់ទៅលើបច្ចេកវិទ្យា ភាពរីកចម្រើនរបស់កម្មវិធីទូរស័ព្ទ ABA Mobile និងការផ្តល់ជូននូវមុខងារងាយស្រួលប្រើជាច្រើនដូចជា ការបង្កើតកាតនិម្មិតនៅក្នុងកម្មវិធីទូរស័ព្ទ ការផ្ញើប្រាក់សម្រាប់ដកតាមម៉ាស៊ីន ATM និងសេវាផ្សេងៗដោយឥតគិតថ្លៃ ក៏ដូចជាការពង្រីកបណ្តាញសាខាធំទូលាយ និងភាពជោគជ័យផ្នែកប្រព័ន្ធទូទាត់ប្រាក់សម្រាប់អាជីវកម្មអនឡាញ PayWay របស់ខ្លួននៅក្នុងទីផ្សារ។

លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA បានមានអនុសាសន៍នៅក្នុងឱកាសនេះថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ABA ច្បាស់ណាស់ បានក្លាយជាធនាគារឈានមុខគេនៅក្នុងទីផ្សារ ដោយសារយើងប្រើយុទ្ធសាស្ត្រផ្តោតលើអតិថិជនជាអាទិភាព និងឈានចូលទៅក្នុងវិស័យធនាគារតាមទូរស័ព្ទមុនគេ។ ធនាគារបានវិនិយោគច្រើនទៅលើបច្ចេកវិទ្យាថ្មីៗ ប្រកាន់ភ្ជាប់យុទ្ធសាស្ត្រឆ្លើយតបរហ័ស ហើយជាលទ្ធផល សម្រេចបាននូវលទ្ធផលយ៉ាងល្អនៅក្នុងវិស័យឌីជីថលហិរញ្ញវត្ថុ។ ឧត្តមភាពផ្នែកឌីជីថលរបស់យើង ត្រូវបានដំណើរការបានយ៉ាងល្អជាមួយនឹងយុទ្ធសាស្ត្រផ្តល់ឥណទានមានផលិតភាព ទៅដល់អាជីវកម្មតូចៗ និង សហគ្រាសខ្នាតតូចនិងមធ្យម នៅក្នុងវិស័យសេដ្ឋកិច្ចជាក់ស្តែង។”

វាជាកិត្តិយសណាស់ ដែលយើងត្រូវបានទទួលស្គាល់ពីទស្សនាវដ្ដីហិរញ្ញវត្ថុដ៏គួរឲ្យគោរពបំផុតមួយ ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជនរបស់យើង សម្រាប់ការជឿជាក់របស់ពួកគេ និងក្រុមការងារសម្រាប់ការតាំងចិត្តដើម្បីសម្រេចបានភាពជោគជ័យនេះ” លោកបានបន្ថែម។

នៅក្នុងសំណេរអំពីពានរង្វាន់សម្រាប់ឆ្នាំនេះ ការីនិពន្ធរបស់ The Banker បានមានប្រសាសន៍ថា “ធនាគារ ABA បានអនុវត្តកម្មវិធីពង្រីកបណ្តាញ ដើម្បីនាំយកនូវផលិតផលនិងសេវារបស់ធនាគារ ទៅជិតអតិថិជននៅទូទាំងប្រទេសកម្ពុជា។

ការពង្រីកវិសាលភាព មិនសំដៅតែលើវត្តមានរបស់ធនាគារប៉ុណ្ណោះទេ គឺថែមទាំងវិសាលភាពធំទូលាយផ្នែកបណ្តាញឌីជីថលផងដែរ។ កម្មវិធី ABA Mobile របស់ធនាគារ បានរីកលូតលាស់យ៉ាងខ្លាំងក្នុងអំឡុងឆ្នាំនេះ ដែលរួមមានការពង្រីកកាតនិម្មិត ដោយអនុញ្ញាតឲ្យអតិថិជនអាចបង្កើតកាតនិម្មិត បានរហូតដល់ទៅ 10កាត សម្រាប់ប្រើប្រាស់ និងការទូទាត់អនឡាញផ្សេងៗ។ ដើម្បីលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ឲ្យផ្លាស់ប្តូរពីការប្រើប្រាស់ក្រដាសប្រាក់ ធនាគារក៏បានពង្រីកអានុភាព PayWay របស់ខ្លួនសម្រាប់វិស័យអាជីវកម្មអនឡាញផងដែរ។”

ពានរង្វាន់ “ធនាគារឆ្នើមបំផុតប្រចាំឆ្នាំ 2019” គឺបន្ថែមពីលើពានរង្វាន់កំពូលពីរទៀត ដែលធនាគារ ABA បានទទួលពីទស្សនាវដ្ដី The Banker កាលពីឆ្នាំ 2014 និងឆ្នាំ 2016។ ធនាគារក៏បានទទួលពានរង្វាន់ “ធនាគារឆ្នើមបំផុតនៅកម្ពុជា” ប្រាំឆ្នាំជាប់គ្នា ពីទស្សនាវដ្តី Global Finance និង ពានរង្វាន់ “ធនាគារឆ្នើមបំផុតនៅកម្ពុជា” ប្រាំមួយឆ្នាំជាប់គ្នាពីទស្សនាវដ្តី Euromoney។

ធនាគារ ABA មាន ទ្រព្យសកម្មសរុបចំនួន 4.11 ប៊ីលានដុល្លារ (គិតមកត្រឹមថ្ងៃទី31 ខែតុលា ឆ្នាំ2019) ហើយបច្ចុប្បន្នផ្តល់សេវាជូនដល់អតិថិជនជាង 700 000 នាក់ តាមរយៈបណ្តាញសាខាចំនួន 74សាខា កន្លែងស្វ័យសេវាធនាគារជាង 550កន្លែង និងប្រព័ន្ធធនាគារអនឡាញនិងធនាគារតាមទូរស័ព្ទឈានមុខជាច្រើនទៀត។

អំពីទស្សនាវដ្តី The Banker

ទស្សនាវដ្តី The Banker គឺជាធនធានធនាគារ និងហិរញ្ញវត្ថុពិភពលោករបស់ក្រុមហ៊ុន Financial Times Group។ ចាប់ផ្តើមបោះពុម្ពផ្សាយនៅក្នុងឆ្នាំ 1929 ទស្សនាវដ្តីបានក្លាយជាប្រភពព័ត៌មានអំពីវិស័យធនាគារដ៏មានទំនុកចិត្ត និងអានដោយនាយកប្រតិបត្តិ នាយកហិរញ្ញវត្ថុ ហេរញ្ញិករបស់សាជីវកម្ម ទេសភិបាលធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុនៅជាង 180ប្រទេស ទូទាំងពិភពលោក។

ជារៀងរាល់ខែ ទស្សនាវដ្តីនេះបានចេញផ្សាយទាំងនៅក្នុងប្រទេស និងនៅក្នុងតំបន់ នូវរបាយការណ៍អំពីទីផ្សារមូលធន និងហិរញ្ញវត្ថុមានរចនាសម្ព័ន្ធ ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងមូលធនបង្វិល និងសេវាមូលបត្រ ហិរញ្ញវត្ថុបរិស្ថាន ហិរញ្ញវត្ថុពាណិជ្ជកម្ម និងគម្រោង ការធ្វើពាណិជ្ជកម្ម បច្ចេកវិទ្យា បញ្ហាគ្រប់គ្រង និងអភិបាលកិច្ច ក៏ដូចជាតាមដានយ៉ាងដិតដល់ នូវដំណើរការរបស់ធនាគារពិភពលោកកំពូលៗ ចំនួន 1 000 ធនាគារ។

អត្ថបទ៖ វិបុត្រ

មតិយោបល់