• 2019-12-04 09:37:52
  • ព័ត៌មាន

ផ្សារទំនើប Big C នៅខ្មែរ ​សម្ពោធ​ជាផ្លូវការនៅថ្ងៃនេះ មានការបញ្ចុះតម្លៃកប់ៗ

  • 2019-12-04 09:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារ​ទំនើប​ Big C ជា​ផ្សារ​ទំនើប​ដែល​ឈាន​មុខ​គេ​មួយ​នៅ​ក្នុង​ប្រទេសថៃ និង​ត្រូវ​បាន​បង្កើត​ឡើង​ជិត​ ៣០​ ​ឆ្នាំ​ហើយ​នោះ ពេល​នេះ​មាន​វត្តមាន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​ហើយ ព្រម​ទាំង​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ ២០១៩​នេះ។

ផ្សារ​ទំនើប​ Big C ​​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ក្រោម​អធីបតី​ភាព ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ លោក Aswin Techajareonvikul ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន BIG C SUPERCENTER និង​អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ រិទ្ធីរ៉ាវង្ស​ផងដែរ។

យោង​តាម​ប្រសាសន៍​របស់​លោក Aswin Techajareonvikul ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ BIG C SUPERCENTER នៅ​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា ៖ «យើង​មាន​កិត្តិយស​ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​នឹង​ការ​ដាក់​សម្ពោធ​ផ្សារ​ទំនើប Big C ជា​លើក​ដំបូង​នៅ​ទីក្រុង​ប៉ោយប៉ែត»។

លោក​បាន​បន្ថែម​ថា ៖ «ដោយ​មើល​ឃើញ​ពី​សក្ដានុពល​របស់​ប្រទេស​កម្ពុជា យើង​ចង់​ក្លាយ​ដៃ​គូ​នៃ​ការ​អភិវឌ្ឍ​នៃ​តំបន់​ប៉ោយប៉ែត​នេះ តាម​រយៈ​ការ​នាំ​យក​មក​នូវ​សេវាកម្ម និង​ផលិតផល​ប្រកប​ដោយ​គុណភាព​មក​ជូន​ប្រជាជន​ក្នុង​តំបន់»។

ផ្សារ​ទំនើប Big C មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ក្បាល​ស្ពាន​មួយ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ មាន​ចម្ងាយ​ប្រមាណ​ជាង ១ ​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ​ពី​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត។ ផ្សារ​ទំនើប​ខ្នាត​យក្ស​មួយ​នេះ បាន​បង្កើត​ការងារ​រាប់ពាន់​កន្លែង​ជូន​ដល់​ប្រជាជន​កម្ពុជា​ថែម​ទៀត​ផង។

នៅ​ក្នុង​ផ្សារ​ទំនើប​ទាំង​មូល មាន​ដាក់​លក់​នូវ​ទំនិញ​ប្រើប្រាស់​រាប់ពាន់​ប្រភេទ​នាំ​ចូល​ពី​បណ្ដា​ប្រទេស​ជា​ច្រើន ដែល​មាន​គុណភាព​ខ្ពស់ និង​តម្លៃ​ធូរ​ថ្លៃ​សមស្រប​ទៅ​តាម​ប្រាក់​ចំណូល​ប្រជាជន​ដែល​មាន​កម្រិត​មធ្យម និង​ទាប។ នៅ​ក្នុង​ផ្សារ​នេះ មាន​ការ​បែងចែក​ដាច់​ដោយ​ឡែក​ពី​គ្នា រវាង​ទីតាំង​លក់​សម្ភារៈ​ប្រើប្រាស់ ទីតាំង​លក់​សំលៀក​បំពាក់ ទីតាំង​លក់​គ្រឿង​សម្អាង ក៏​ដូច​ជា​ចំណី​អាហារ​ជាដើម ។ យ៉ាងណាមិញ ក្រុង​ប៉ោយប៉ែត​នា​ពេល​បច្ចុប្បន្ន​នេះ មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ទាំង​មូល​មាន​ភាព​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត​នោះ វត្ត​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​បំពេញ​តម្រូវ​ការ​បញ្ជា​ទិញ​ទំនិញ​គ្រប់​ប្រភេទ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក៏​ដូច​ជា​តំបន់​ជិត​ខាង​ផង​ដែរ ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ ដើម្បី​អបអរ​សាទរ​ការ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នេះ អតិថិជន​នឹង​ទទួល​បាន​នូវ​ភាព​រីករាយ​ក្នុង​ការ​ទិញ​ទំនិញ​បញ្ចុះ​តម្លៃ​កប់ៗ​តែម្ដង៕

មតិយោបល់