• 2019-12-13 02:22:49
  • សេដ្ឋកិច្ច

​របាយការណ៍​៖ កម្ពុជា​​កំពុង​ប្រ​ឈម​​បញ្ហា​​ចំនួន​៤ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​

  • 2019-12-13 02:22:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ថា កម្ពុជា​កំពុង​ប្រឈម​បញ្ហា​ចំនួន​ ៤ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​​ទី​ក្រុង។ ​របាយការណ៍​ដែល​ត្រូវ​បាន​លើក​ឡើង​ នៅ​ក្នុង​វេទិកា​ស្តី​ពី​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​​សម្ព័ន្ធ​ទីក្រុង (Forum on Urban Infrastructure Development) ដែល​រៀប​ចំ​ដោយ​​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ​ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ២០១៩​ នៅ​សណ្ឋាគារ​សូហ្វីតែល ភូគីត្រា មាន​ការចូលរួម​ពី​ លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំ​ការ​ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​និង​លោក​ស្រី ហ្វ.ក្លេអូ កាវ៉ាវ៉ាគី (F. Cleo Kawawaki) អគ្គនាយក​រង ADB ទទួល​បន្ទុក​នាយកដ្ឋាន​អាស៊ីអាគ្នេយ៍។   លោក វង្សី វិស្សុត បាន​ថ្លែង​​ថា​ ​ការ​រៀប​ចំ ​និង​ការ​អភិវឌ្ឍ​ទីក្រុង ​ត្រូវ​តែ​ឈរ​លើ​គោលការណ៍

  • ​ទី១​. ការ​ត​ភ្ជាប់ ​និង​ច្រក​របៀង​សេដ្ឋកិច្ច​ទីក្រុង ​ដោយ​ផ្អែក​លើ​ខ្សែ​សង្វាក់​តម្លៃ ​នៃ​ផលិតកម្ម ​និង​សេវាកម្ម

  • ​ទី២​. ​ការ​បង្កើត​ការងារ

  • ​ទី៣​. ការ​ធ្វើ​សមាហរណកម្ម​សង្គម និង​បរិយាប័ន្ន (Social Integration and Inclusiveness)

  • ​ទី៤​. ការ​គ្រប់​គ្រង​បរិស្ថាន និង​ការ​ទប់​ទល់​បាន​ទៅ​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ ​

  • ទី៥​. ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​វៃ​ឆ្លាត​ ក្នុង​ការ​គ្រប់​គ្រង​ទីក្រុង​។​

យ៉ាង​ណា​មិញ​លោក វង្សី វិស្សុត ​បាន​បន្ថែម​ថា​ ​​ការ​សិក្សា​ថ្មី​ៗ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​កំពុង​ប្រឈម​នូវ​បញ្ហា ​​៤ ក្នុង​ការ​អភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ​ទីក្រុង ​គឺ​៖

  • ១​. បញ្ហា​ធនធាន​មនុស្សនិង​សមត្ថភាព​ស្ថាប័ន​ដែល​នៅ​មិន​ទាន់​អាច​ឆ្លើយ​តប​នឹង​ទៅ​នឹង​កំណើន​ដ៏​ឆាប់​រហ័ស​នៃ​ការ​អភិវឌ្ឍ​ទីក្រុង។
  • ​២​. ការ​ខ្វះ​ខាត​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ចាំ​បាច់​មួយ​ចំនួន ​សម្រាប់​បម្រើ​ឱ្យ​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទីក្រុង ​និង​តម្រូវ​​ការ​ធន​ធាន​វិនិយោគ​ដ៏​ធំធេង ខណៈ​ដែល​ប្រភព​ចំណូល​នៅ​មូលដ្ឋាន​មាន​ភាព​តិច​តួច​នៅ​ឡើយ។
  • ​៣​. ការ​កើន​ឡើង​នៃ​ការ​តាំង​ទី​លំ​នៅ​ថ្មី​នៅ​ក្នុង​ទីក្រុង​យ៉ាង​គំហុក អាច​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​វិសមភាព​ផង​ដែរ ​ទាំង​នៅ​ក្នុង​ទីក្រុង​ និង​ទាំង​រវាង​ទីក្រុង ​និង​ទី​ជនបទ។ ​
  • ៤​. បញ្ហា​ភាព​ធន់​របស់​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង ​នឹង​ទៅ​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​ ដូច​ជា​ការ​ជន់​លិច​ទឹក​ក្នុង​ក្រុង​ជា​ដើម​។​   លោក វង្សី វិស្សុត ​លើក​ឡើង​ទៀត​ថា ​ការ​កសាង​ទីក្រុង​គួរ​ឱ្យ​ចង់​រស់​នៅ​ ជា​និន្នាការ​មួយ ​ដែល​បាន​ និង​កំពុង​រៀប​ចំ​ ​ហើយ​មាន​ការ​អនុវត្ត​ពាស​ពេញ​ពិភព​លោក ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ​ដែល​មាន​ភាព​ធន់ និង​ប្រកប​ដោយ​ចិរភាព​។ លោក​បាន​សង្កត់​ធ្ងន់​ថា​ ដើម្បី​អាច​សម្រេច​បាន​នូវ​ការ​កសាង​ទីក្រុង​ដែល​ចង់​រស់​នៅ ​ប្រកប​ដោយ​ជោគជ័យ ​កម្ពុជា​​ចាំបាច់​ត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របៀប​ចាស់​ទាំង​ប្រជាពលរដ្ឋ​ទូទៅ ​និង​ទាំង​អ្នក​ដឹក​នាំ ក្នុង​វិស័យ​សាធារណៈ ​និង​វិស័យ​ឯកជន​ ហើយ​សម្រប​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​ថ្មី ​ដើម្បី​ធ្វើ​ឱ្យ​ការ​រស់​នៅ​កាន់​តែ​ប្រសើរ​ឡើង​។ ​ទាំង​គ្នា​ត្រូវ​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​នេះ ​ទាំង​តាម​រយៈ​ការ​អប់រំ​នៅ​ ក្នុង​ថ្នាក់​រៀន ​និង​នៅ​ក្នុង​គ្រួសារ​ ក៏​ដូច​ជា​តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ផងដែរ ​ដើម្បី​សម្លឹង​មើល​ការ​រស់​នៅ​ក្នុង​រយៈ​ពេល​ពី​១០ ទៅ​២០ ឆ្នាំខាងមុខ នៅ​ក្នុង​បរិការណ៍​នៃ​នវានុវត្តន៍​ផ្នែក​បច្ចេកវិទ្យា, ការ​ប្រែ​ប្រួល​អាកាសធាតុ,​ ការ​លេច​ឡើង​នូវ​ប្រភព​កំណើន​ថ្មី​ ​និង​បញ្ហា​ជំនាញ ​និង​ការងារ​ជាដើម។​

ជាមួយ​គ្នា​នោះ ​លោក វង្សី វិស្សុត ​បាន​​រំលេច​នូវ​មូលដ្ឋាន​ជា​យុទ្ធសាស្ត្រ​ចំនួន​០៣ សម្រាប់​​ត្រី​វិស័យ​បង្ហាញ​ផ្លូវ​ពាក់ព័ន្ធ​ ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង ​ដែល​រួម​មាន​ ​ទី១​. ត្រូវ​តែ​រៀប​ចំ​ផែន​ការ​មេ​អភិវឌ្ឍន៍​ទីក្រុង ហើយ​ផ្អែក​លើ​ផែន​ការ​មេ​នេះ ​ត្រូវ​រៀប​ចំ​ផែន​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ប្រទាក់​ក្រឡា​ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ដោយ​រួម​បញ្ចូល​ទាំង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ,​ អគ្គិសនី, ទឹក​ស្អាត, ​ប្រព័ន្ធ​បណ្តាញ​ឌីជីថល, ​និង​ការ​គ្រប់​គ្រង​កាក​សំណល់​រឹង​ ​និង​ទឹក​កខ្វក់​ជាដើម​។ ​ទី២​. ត្រូវ​មាន​ការ​រៀប​ចំ​ស្ថាប័ន ​ដើម្បី​កំណត់​តួនាទី​ភារកិច្ច​របស់​ស្ថាប័ន​នីមួយ​ៗ​ ឱ្យ​បាន​ច្បាស់​លាស់​ ក្នុង​គោល​ដៅ​គ្រប់​គ្រង​,​ ប្រតិបត្តិការ ​និង​ថែទាំ ​សមិទ្ធផល​ទទួល​បាន​ពី​ការ​វិនិយោគ​ ព្រម​ទាំង​ការ​កសាង​សមត្ថភាព​មន្ត្រី​ទទួល​បន្ទុក​ផង​ដែរ ​និង​ទី៣​. ការ​រៀប​ចំ​យន្តការ​ប្រមូល​ចំណូល ​(cost recovery) ប្រកប​ដោយ​សម​ធម៌​ និង​និរន្តរភាព ​សម្រាប់​ទូទាត់​លើ​ចំណាយ​វិនិយោគ។   ទាក់​ទង​បញ្ហា​នេះ ​លោក វង្សី វិស្សុត ​អះអាង​ថា​ រាជរដ្ឋាភិបាល​កំពុង​គិត​គូរ​រៀប​ចំ​យន្តការ​ហិញ្ញប្បទាន​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​រួម​បញ្ចូល​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ផង​ដែរ​ ដើម្បី​ធានា​ដល់​និរន្តរភាព​នៃ​ប្រភព​ហិរញ្ញប្បទាន​ផង ​ហើយ​ធានា​បាន​នូវ​យុត្តិធម៌​សង្គម​ផង។​ ​ជា​ទស្សន​ទាន​រួម ​នៃ​ការ​អភិវឌ្ឍ​ទីក្រុង ​គឺ​ទីក្រុង​ត្រូវ​តែ​រ៉ាប់​រង​ការ​ចំណាយ​អភិវឌ្ឍន៍​នេះ​ដោយ​ខ្លួន​ឯង ​ហើយ​យើង​មិន​ចង់​ឃើញ​ប្រជាពលរដ្ឋ​នៅ​ទី​ជន​បទ​ត្រូវ​រែក​ពន់​នូវ​អម្រែក​នៃ​ការ​ចំណាយ​នេះ​ដែរ​ឡើយ​។ ​   ​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោក​រដ្ឋលេខាធិការ​ប្រចាំ​ការ​បាន​ស្នើ​ដល់ ​ADB ឱ្យ​ពន្លាត​​​ការ​ចូល​រួម​នៅ​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​របស់​ខ្លួន​ឱ្យ​បាន​ទៅ​ដល់​ទីក្រុង​ផ្សេង​ៗ​ទៀត ​ដោយ​ពុំ​គួរ​​ផ្តោត​តែ​ទៅ​លើ​ទីក្រុង​ធំ​ៗ​ ឬ​ទីក្រុង​ថ្នាក់​ទី​១ (Metropolitan or First Tier City) ​ទេ ​ពោល​គឺ​ត្រូវ​ផ្តោត​ទៅ​លើ​ទីក្រុង​ថ្នាក់​ទី២ (Second Tier City) និង​ថ្នាក់ទី៣ (Third Tier City) ផង​ដែរ​។ ​ការ​ធ្វើ​ដូច​នេះ ​គឺ​ដើម្បី​ចូល​រួម​ចំណែក​កាត់​បន្ថយ​អត្រា ​តាំង​ទី​លំ​នៅ​ថ្មី ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​ហើយ​បង្វែរ​ទិស​ដៅ​ឱ្យ​ទៅ​កាន់​តំបន់​ ឬ​ទីក្រុង​ផ្សេងៗ​ទៀត​ តាម​រយៈ​យុទ្ធសាស្ត្រ​បង្កើត​ការងារ ​និង​ការ​បង្កើត​លំនៅឋាន​គួរ​ឱ្យ​ចង់​រស់​នៅ​។   វេទិកា​នេះ​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ​ក្នុង​ការ​ផ្ដល់​ជា​ធាតុ​ចូល​ដល់​កិច្ច​អភិវឌ្ឍ​កម្ពុជា ​ហើយ​ក្រប​ខ័ណ្ឌ​យុទ្ធ​សាស្ត្រភាព​ជា​ដៃ​គូ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ ២០១៩-២០២៣ (CPS) រវាង ADB និង​កម្ពុជា ដែល​ទើប​ត្រូវ​បាន​អនុម័ត​ថ្មី​ៗ​នេះ ​ក៏​នឹង​ផ្តោត​ទៅ​លើ​ការងារ ​ការ​កសាង​ទីក្រុង​គួរ​ឱ្យ​ចង់​រស់​នៅ​​ (Building livable cities) ដែល​ស្រប​គ្នា​ទៅ​នឹង​គោល​ដៅ​ជា​យុទ្ធសាស្ត្រ ក្នុង​ការ​ពង្រឹង​ការ​រៀប​ចំ​ដែន​ដី ​និង​នគររូបនីយកម្ម ដែល​ជា​វិស័យ​អាទិភាព​មួយ ​ដូច​មាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​កាលទី៤ របស់​រាជរដ្ឋាភិបាល​ផង​ដែរ​។ ​ក្រប​ខ័ណ្ឌ​ភាព​ជា​ដៃ​គូ​ថ្មី​នេះ​ នឹង​ចូល​រួម​ចំណែក​ជួយ​កម្ពុជា​ឱ្យ​អាច​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ​និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕

 

មតិយោបល់
អត្ថបទពេញនិយម