• 2020-01-23 07:46:39
  • ជំនឿ

អ្នកសែនជ្រូកខ្វៃរួច កុំភ្លេច​កាត់ផ្នែក​ទាំង​៥នេះ​ទុក ព្រោះ​​អាច​​នាំ​លាភ​ដល់​អ្នកបាន

  • 2020-01-23 07:46:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​​ពេល​ប្រារព្ធ​​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ចិន​​ម្ដង​ៗ​ បន្ទាប់​ពី​សែន​ជ្រូក​ខ្វៃ​រួច​ហើយ​​​​ គេ​សង្កេត​ឃើញ​ថា​ ម្នាក់​ៗ​​​សង្វាតជាមួយការ​​​បរិភោគ​​សាច់ជ្រូក​ខ្វៃ​​យ៉ាង​ឆ្ងាញ់ ជាមួយ​ក្រុម​គ្រួសារ​ សាច់ញាតិ​ និង ​មិត្តភ័ក្ដិ​ជា​ដើម។​ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ពី​ផ្នែក​សំខាន់​ៗ​ នៃ​ជ្រូក​ខ្វៃ​​ ហើយ​បានកាត់​វា​យក​ទៅ​ឆ្អើរ​ភ្លើង​ឲ្យ​ក្រៀមទុក​គ្រាន់ដាក់​នៅ​កន្លែង​រក​ស៊ី​។​ មូល​ហេតុ​ គឺ​​​គេ​មាន​ជំនឿ​​ថា​ ​​វា​នឹង​អាច​នាំ​លាភ​ដល់​​ការ​ប្រកប​របរ​រក​ស៊ី​​ទៀត​ផង​។​ អ្នក​ស្រី​ ជា​ អ៊ីម៉េង ដែល​​ជាប់​សែស្រឡាយ​ចិន​ និង​ដឹង​ច្បាស់​ពី​​ជំនឿ​នេះ​​ត​ពី​ដូច​តា​មក បាន​ប្រាប់​ពី​កន្លែង​សំខាន់​ទាំង​៥ ត្រូវ​កាត់​ទុក។

១ ​ខួរ​ជ្រូក​

ខួរ​គឺ​តំណាង​អោយ​ប្រាជ្ញា​ ស្មារតី​ និង​​ភាព​ឈ្លាស​វៃ​។​ ​តាម​ជំនឿ​​ វា​គឺ​​ជា​របស់​ពិសេស​ជាង​គេ​ ដែល​អាច​អោយ​អ្នក​​ជួញ​ដូរ​​មាន​ភាព​វៃ​ឆ្លាត​​ និង គំនិត​ថ្មី​ៗ​ក្នុង​ការ​រក​ស៊ី​​​ឈ្នះ​គេ​​ក្នុង​ឆ្នាំ​ថ្មី​​ជា​ដើម​។​ ប៉ុន្តែ​គេ​ច្រើនតែកាត់​​មួយ​​ដុំ​​តូច​ប៉ុណ្ណោះ​​នៃ​ខួរ​ជ្រូក​ដើម្បី​រក្សា​ទុក​។

២ ត្រចៀក​ជ្រូក​

​ត្រចៀក​ជ្រូក​ទាំង​ពីរគឺ​ជា​ផ្នែក​មួយ​សំខាន់​ផង​ដែរ​​ ដែល​គេ​តែង​កាត់​វា​ទុក​ ព្រោះ​គេ​ជឿ​ថា​ត្រចៀក​គឺ​ជា​​សរីរាង្គ​មួយ​ដែល​អាច​លឺ​ដំណឹង​ផ្សេង​ៗ​​ជិតរឺឆ្ងាយ ហើយ​បើ​អ្នក​រក​ស៊ី​​វិញ​គឺ​គេ​ចាំ​​ស្ដាប់​ដំណឹង​​ដែល​ភ្ញៀវ​មក​រក​ទិញ​​ជា​ដើម​​​​។​

៣ ច្រមុះជ្រូក

ជា​ធម្មតា​សត្វ​ជ្រូក​​តែង​ប្រើ​ច្រមុះ​របស់​វា​ សម្រាប់​ហិតក្លិន​ និង ដើម្បីឈ្មុសឈ្មុលរកចំណីស៊ី ប្រៀប​ដូច​ជា​អ្នក​ជួញដូរដែលត្រូវខិត​ខំ​ស្វះ​​ស្វែង​រក​អតិថិជន​របស់​ខ្លួន​ដូច្នោះ​​​ដែរ​។​

៤ ក្រចក​ជើង​ទាំង​បួន

​មិន​តែ​ប៉ុណ្ណោះ​ ​ក្រចក​ជើង​ទាំង​បួន​របស់​ជ្រូក​ ត្រូវគេជឿ​ថា​អាច​នាំអោយមុខរបររកស៊ីដើរឆ្ពោះទៅមុខ ព្រោះជ្រូក​អាចដើរទៅមុខបានក៍ដោយសារតែជើងទាំងនេះដែរ។ ម្យ៉ាងពេលដែលជ្រូកខ្វៃដេក គឺ​ជើងខាងមុខរបស់វាបត់ចូល ប្រៀបដូចជាកាយនាំទ្រព្យដល់ម្ចាស់​ផ្ទះ​អ៊ីចឹង​ដែរ​។

៥ ​​​កន្ទុយ​ជ្រូក​

សត្វជ្រូក​ប្រើ​កន្ទុយ​របស់​វា​សម្រាប់​បក់​ដេញ​រុយ​ រឺ​ សត្វ​ល្អិត​ជា​ដើម​។​ ដូច្នេះ អ្នក​រក​ស៊ី​ទុក​កន្ទុយជ្រូក​សម្រាប់​អោយ​វាដេញ​​ឧបសគ្គ​​ និង ឧបទ្រព​ចង្រៃ​​នានា​ចេញ​​ពី​ហាង​លក់​ដូរ​​របស់​ពួក​គាត់​។​​

បន្ថែមលើជំនឿទាំង ៥ចំណុច​នេះ លោកតា កុក ឡុង ហោរាចិនល្បីនៅរាជធានីភ្នំពេញ​ដោយមិនបានជំទាស់នឹងជំនឿទាំង​៥ចំណុច ហើយបន្ថែម​ថា ប្រសិន​បើ​យើង​ជា​មេដឹកនាំ ពេលសែនជ្រូកខ្វៃរួច គឺក្បាត់ក្បាល​តែម្ដង​ឲ្យ​មេ តំណាង​ឲ្យ​អ្នក​ធំ ។ «ចិនជឿណាស់ បើគោរព​មេ គោរព​អ្នក​ធំ គេកាត់ក្បាល​តែម្ដង តំណាង​ឲ្យ​អ្នកធំ ហើយ​រកស៊ីកាន់តែ​មានបាន»

អត្ថបទ៖ ចន្ថា

មតិយោបល់