- 2020-04-03 12:30:00
- សុខភាព
បណ្តុំមេរោគ៤កន្លែង អាចចាត់ចែងសម្អាតចោលឲ្យហើយ មុនពេលចូលឆ្នាំថ្មីខាងមុខ
- 2020-04-03 12:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្តុំមេរោគ៤កន្លែង អាចចាត់ចែងសម្អាតចោលឲ្យហើយ មុនពេលចូលឆ្នាំថ្មីខាងមុខ
ចន្លោះមិនឃើញ
នៅតែប៉ុន្មានថ្ងៃខាងមុខនេះ ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងខិតចូលមកដល់គឺ នៅក្នុងថ្ងៃទី ១៣ ដល់១៦ ខែមេសា។ ជាទម្លាប់មនុស្សមួយចំនួន ពិសេសសម្រាប់អ្នកដែលមានពេលវេលាទំនេរៗច្រើន អាចប្រមែប្រមូល និងត្រួតពិនិត្យសម្ភារៈទាំងនោះ ដែលកំពុងតែប្រើប្រាស់នៅផ្ទះ។ ភាគច្រើនយើងតែងយកវាមកលាង ឬផ្លាស់ប្ដូរថ្មីតែម្ដងទៅតាមលទ្ធភាព ដើម្បីកម្ចាត់ចោលមេរោគដែលតោងជាប់ ដើម្បីរក្សាបាននូវសុខភាពល្អ ស្របពេលដែលជំងឺ Covid-19 កំពុងរាតត្បាតពិភពលោក រួមទាំងប្រទេសយើងផងដែរ។
កញ្ញា សូមណែនាំ របស់ប្រើប្រាស់ ៤ប្រភេទ ដែលយើងចាប់កាន់ដោយដៃជារៀងរាល់ថ្ងៃ តែមិនចាប់អារម្មណ៍ថាវាមានផ្ទុកមេរោគច្រើនរាប់មិនអស់ហើយ៖
១. វាំងនន
ជាទូទៅ គឺយើងតែងនិយមដាក់វា ដើម្បីតាំងលម្អក្នុងផ្ទះផង និងដើម្បីបិទបាំងតាមទ្វារ ឬបង្អួចជាដើម។ វាំងនន គឺជាប្រភព មេរោគ បើយើងមិនបានបោកសម្អាតឲ្យទៀងទាត់។ វាំងនន គឺងាយជាប់ធូលី ឬកម្ទេចល្អិតនានា បង្កជាមេរោគ ឬជះក្លិនអាក្រក់ ដែលអាចងាយសាយភាយរំខានដល់ខ្យល់ដង្ហើមយើងបំផុត នៅពេលយើងបើកកង្ហារ ឬម៉ាស៊ីនត្រជាក់ជាដើម។
បើអ្នកមានលទ្ធភាព អាចផ្លាស់ប្ដូរវាចេញក៏បាន ប្រសិនបើវាចាស់ខ្លាំង និងដើម្បីងាយស្រួលបោកសម្អាត ព្រោះបើវាចាស់ពេក អ្នកក៏ពិបាកបោកគក់ខ្លាំងៗដែរ។
២. ម៉ាស៊ីនបោកខោអាវ
កុំរវល់តែដាក់បោកខោអាវចូលម៉ាស៊ីន ហើយចុចកុងតាក់ បោកយកៗ! ម៉ាស៊ីនបោកខោអាវ ក៏ត្រូវការបោកសម្អាតវាដូចគ្នានឹងខោអាវយើងដូចគ្នាដែរ។ បើអ្នកមិនដែលសម្អាតម៉ាស៊ីនសោះ នោះវានឹងឡើងស្នឹម ឬកំណកលឿងៗ ឬខ្មៅ ជាប់ម៉ាស៊ីន ដែលជាប្រភពនាំមេរោគ។
ចៀសវាងនាំបញ្ហាសុខភាព សូមលាងសម្អាតម៉ាស៊ីន និងពិនិត្យការកំណត់ នៃការប្រើប្រាស់របស់ប្រភេទម៉ាស៊ីនបោកខោអាវរបស់អ្នក ព្រោះថាជាទូទៅ គ្រឿងអេឡិចត្រូនិក ក៏មានអាយុកាលកំណត់ដូចនឹងរបស់ផ្សេងៗដូចៗគ្នា។
៣. កុងតាក់ភ្លើង
ប្រាកដណាស់! វាជារបស់ដែលអ្នកប៉ះមុនពេលចូលផ្ទះ និងចុងក្រោយគេមុនពេលគេង ហើយវាក៏ជាបណ្ដុំនៃមេរោគផងដែរ។ ដើម្បីកុំឲ្យឆ្លងរោគគួរបាញ់ទឹកសម្អាតដាក់ក្រណាត់សើមតិចៗបំផុត ហើយយកមកជូតជាប្រចាំដើម្បីបង្ការមេរោគឆ្លងដល់សមាជិកគ្រួសារ។ តែសូមប្រុងប្រយ័ត្នខ្ពស់ផង ប្រយ័ត្នឆក់នាំគ្រោះថ្នាក់ស្លាប់។
៤. ធុងសំរាម
ពួកយើងតែងតែច្រកស្បោងចូលធុងសំរាមហើយយកសំរាមទៅចោលតែម្ដង ដោយមិនសូវខ្វល់ពីការលាងសម្អាតធុងឡើយ។ ប្រការនេះធ្វើឲ្យធុងក្លាយជាកន្លែងដែលផ្ទុកមេរោគច្រើនបំផុត និងមានក្លិនស្អុយផ្អួលពិបាកទ្រាំ។ តាមការណែនាំ អ្នកគួរសម្អាតធុងសំរាមរាល់ពេល ឬដាក់ហាលថ្ងៃឲ្យស្ងួត ក្រោយការដកសំរាមយកទៅបោះចោល។