• 2020-05-21 03:53:25
  • ចរាចរណ៍

មានដឹងអត់ថា ! ផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត គ្រោងចំណាយថវិកាប៉ុន្មានទេ?

  • 2020-05-21 03:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត (១៣៤,៨២៦គ.ម) កំពុងស្ថាបនាឡើងវិញបាន៧៤% ហើយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ ពីចោមចៅទៅក្រុងកំពត ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុន ត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែង សរុប១៣៤,៨២៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស ប្រវែង៦៩,៩០ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពតប្រវែង៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។

គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣នេះមានរយៈពេល៤៨ខែ តាមគម្រោងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ប៉ុន្តែដោយសារវឌ្ឍនភាពនៃការសាងសង់បានដំណើរការដោយភាពរលូន ការសាងសង់អាចនឹង ត្រូវបញ្ចប់មុនគម្រោងរយៈពេល៩ខែ ពោលគឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ។

ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន

អត្ថបទ៖ Tep Sovannmoly

មតិយោបល់