• 2020-06-02 07:11:21
  • ជំនឿ

ដំណាំហូបផ្លែ ៨មុខនេះ ដាំជុំវិញផ្ទះ នាំលាភនាំសំណាងដល់គ្រួសារ

  • 2020-06-02 07:11:21
  • ចំនួនមតិ 14 | ចំនួនចែករំលែក 221

ចន្លោះមិនឃើញ

ដំណាំ​ហូប​ផ្លែ​នានា ត្រូវ​បាន​គេ​និយម​ដាំ​នៅ​ក្បែរ​ផ្ទះ បាន​ជា​ម្លប់​ត្រជាក់ និង​ផ្ដល់​ផ្លែ​ដ៏​មាន​រសជាតិ​ឆ្ងាញ់​តាម​ការ​និយម​ចូលចិត្ត​រៀង​ៗ​ខ្លួន។ តាម​ជំនឿ​ពី​បរម​បុរាណ​មក ការ​ដាំ​ដំណាំ​នៅ​ក្បែរ​ផ្ទះ​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​ជីវិត​គ្រួសារ​ដែរ បើ​ដាំ​ផ្លែ​ឈើ​មិន​ល្អ នោះ​គ្រួសារ​ក៏​ចេះ​តែ​ជួប​បញ្ហាមិនចេះចប់។ ខាង​ក្រោម​នេះ​ជា​ដំណាំ​ហូប​ផ្លែ​៨​មុខ ត្រូវ​បាន​ចាស់ៗ​ជឿ​ថា​នាំ​លាភ​សំណាង និង​សិរី​សួស្ដី​ដល់​គ្រួសារ៖ ​

១. ដើមត្របែក

តាមជំនឿ ប្រសិន​បើ​យក​ត្របែក​មក​ដាំ​នៅ​ក្បែរ​ផ្ទះ​ក៏​នឹង​​ផ្ដល់​សិរី​មង្គល មាន​បារមី និង​ភាព​ចម្រុងចម្រើន ជួយ​ឲ្យ​រួច​ផុត​ពី​គ្រោះថ្នាក់​ដោយ​ការ​ធ្វើ​អំពើ​ផ្សេង​ៗ​ទៀត​ផង។ តាម​ក្បួន​តម្រា​របស់​ចាស់​បុរាណ​គួរ​ដាំ​ត្របែក​នៅ​ទិស​ខាង​ជើង​នៃ​ផ្ទះ។ តាម​ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​ត្របែក ជាផ្លែ​ឈើ​ដែល​មាន​ជាតិ​វីតាមីន C ខ្ពស់​និង​ផ្ដល់​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​រាង​កាយ​ទៀត​ផង។

២. ដើម​ទទឹម

តាម​ជំនឿ​ដូនតា​ខ្មែរ ​ ជឿ​ថា​ជា​ដើម​តំណាង​​ឲ្យ​ភាព​សម្បូរសប្បាយ បើ​ដាំ​នៅ​មុខ​ផ្ទះ​នឹង​ជួយ​ការពារ​ពី​គ្រោះ​អាក្រក់​ផ្សេង​ៗ។ ដើម​ទទឹម​មាន​ពណ៌​សម្បុរ​ស្រស់​ស្អាត ចំណែក​ឯ​គ្រាប់​របស់​វា​ប្រៀប​ដូចជា​ត្បូង​ពេជ្រ​មាន​តម្លៃ ដែល​ត្រូវ​បាន​គេ​ច្នៃ​ម៉ូត​ទៅ​ជា​ត្បូង​ទទឹម។ ហេតុ​ដូច​នេះ​ហើយ ទើប​គេ​ជឿ​ថា វា​ជា​ផ្លែ​ឈើ​នាំ​ភាព​សម្បូរ​រុងរឿង​ដល់​គ្រួសារ។

៣. ដើម​ចេក

ដើម​ចេក​មាន​អត្ថប្រយោជន៍​គ្រប់​បែប​យ៉ាង​តាំង​ពី​ស្លឹក ត្រយ៉ូង ដើម​របស់​វា រហូត​ដល់​ផ្លែ​មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ តែ​អាច​យក​កែច្នៃ​ធ្វើ​ជា​អាហារ​បាន​យ៉ាង​សម្បូរ​បែប។ តាម​ជំនឿ​ពី​សង្គម​បុរាណ ចាស់​ៗ​តែង​ឲ្យ​ដាំ​ដើមចេក​ក្បែរ​ផ្ទះ ព្រោះ​ជឿ​ថា នាំ​ឲ្យ​ជីវិត​ក្នុង​គ្រួសារ​ជួប​តែ​ភាព​រលូន មិន​រកាំរកូស​បែកបាក់​គ្រួសារ ធ្វើ​អ្វី​ ប៉ង​អ្វី ច្រើន​តែ​សម្រេច​ដូច​បំណង។ ជំនឿ​ពី​បុរាណ​ឲ្យ​ដាំ​នៅ​ទិស​ខាង​កើត ជា​ទិស​ល្អ​បំផុត។

៤. ដើម​ខ្នុរ

ខ្នុរ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ថែម​ទាំង​មាន​ក្លិន​ក្រអូប​ឈ្មុយ​ពេល​ដែល​វា​ចាប់​ផ្ដើម​ទុំ។ ចំណែក​ដើម​របស់​វា គេ​អាច​ច្នៃ​ទៅ​ជា​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ទៀត​ផង។ តាម​ជំនឿ​បើ​ដាំ​ដើម​ខ្នុរ​ក្បែរ​ផ្ទះ​នឹង​នាំ​ឲ្យ​គ្រួសារ​មាន​សិរី​មង្គល រួច​ផុត​ពី​ការ​ច្រណែន​និន្ទា​ សត្រូវ​ជិត​ឆ្ងាយ​ប្រែក្លាយ​ជា​មិត្ត។ គួរ​ដាំ​នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​លិច នឹង​ជួយ​ឲ្យ​ការងារ​ឆាប់​ទទួល​បាន​ជោគជ័យ​ដែល​ខំ​ប្រឹង​ប្រែង​មក​ជាយូរ​ហើយ​នោះ។

៥. ដើម​ស្វាយ

ចាស់​បុរាណ​មាន​ជំនឿ​ថា ដាំ​ដើម​ស្វាយ​ក្បែរ​ផ្ទះ​នឹង​ជួយ​បណ្ដេញ​គ្រោះ​អាក្រក់ មនុស្ស​អាក្រក់ និង​រឿង​មិន​ល្អ​ឲ្យ​ខ្ចាត់ខ្ចាយ​ពី​គ្រួសារ។ បើ​ដាំ​នៅ​ខាង​ត្បូង​ផ្ទះ នឹង​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​ឆាប់​ឡើង​តំណែង​ ប្រកប​ការងារ​ និង​មុខ​របរ​ផ្សេងៗ​មាន​ចម្រុង​ចម្រើន។

៦. ដើម​កន្ទួត

កន្ទួត​ជា​ផ្លែ​ឈើ​អាច​ហូប​ធ្វើ​ជា​ម្ជូរ​លាង​មាត់​យ៉ាង​ឆ្ងាញ់​ពិសា។ ស្លឹក​របស់​វា​ក៏​អាច​ច្នៃ​ធ្វើ​ជា​បន្លែ​ផ្ទាប់​ៗ​ជាមួយ​មុខ​ម្ហូប​ផ្សេង​មាន​រសជាតិ​ឆ្ងាញ់។ ដាំ​នៅ​ក្បែរ​ផ្ទះ​ជួយ​ឲ្យ​មាន​​អ្នក​ស្រឡាញ់​រាប់​អាន​ច្រើន ជួយ​ការពារ​ពី​សត្រូវ ខ្មោច​ព្រាយ​តាម​យាយី​អ្នក​នៅ​រស់​នៅ​ក្នុង​ផ្ទះ។ គួរ​ដាំ​នៅ​ទិស​ខាង​លិច​​ដើម្បី​ជួយ​លើក​រាសី។

៧. ផ្លែ​ក្រូច

បើ​យក​មក​ដាំ​ក្នុង​ទី​ធ្លា​ផ្ទះ​នឹង​ជួយ​ឲ្យ​គ្រួសារ​មាន​ភាព​ត្រជាក់​ត្រជំ ស្រឡាញ់​សាមគ្គី​គ្នា មាន​ជោគ​លាភ រួច​ផុត​ពី​គ្រោះ​អាក្រក់​ទាំង​ពួង។

៨. ពុទ្រា

ដំណាំ​ពុទ្រា​ក៏​ជា​និមិត្ត​សញ្ញា​តំណាង​ភាព​ជោគជ័យ និង​ជួយ​បង្កើន​ទ្រព្យ​សម្បត្តិ​និង​ជោគ​លាភ ក៏​ដូច​ជា​ការពារ​គ្រោះថ្នាក់​ អន្តរាយ​ផ្សេង​ៗ​សម្រាប់​អ្នក​រស់​នៅ​ក្នុង​ផ្ទះ។ ជា​ពិសេស​ជា​ផ្លែ​ឈើ មាន​រសជាតិ​ជូរ​អែម​ ត្រូវ​មាត់​មនុស្ស​ភាគ​ច្រើន​ចូលចិត្ត​ពិសា៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់