• 2020-08-11 03:51:23
  • សេដ្ឋកិច្ច

ម៉ាស្ទ័រកាតនិម្មិតរបស់ធនាគារហ្វីលីព នាំយកមកជូនអតិថិជននូវ “ជម្រើសទូទាត់ឌីជីថលដ៏សំបូរបែប”

  • 2020-08-11 03:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ហ្វីលីព (Phillip Bank) បានរៀបចំព្រឹត្តិការណ៍មួយ ដែលជាកម្មវិធី “ជម្រើសទូទាត់ឌីជីថលដ៏សំបូរបែប” កាលពីថ្ងៃទី១០ ខែសីហា សម្រាប់អតិថិជន ដៃគូ និងបុគ្គលិករបស់ខ្លួន។ ពិធីនេះប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលក្នុងរាជធានីភ្នំពេញ ដែលទើបតែបានកែលម្អតាមស្តង់ដារថ្មី ចាប់តាំងពីធនាគារ ហ្វីលីព បានរួមបញ្ចូលគ្នាជាមួយ គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត កាលពីដើមឆ្នាំនេះ។

ក្រោមអធិបតីភាព ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបូរី ប្រចាំនៅកម្ពុជា ព្រឹតិ្ដការណ៍នេះ ផ្ដោតសំខាន់លើការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាតនិម្មិតឥណពន្ធ ម៉ាស្ទ័កាត (Virtual Debit MasterCard) ប្រភេទថ្មីរបស់ ធនាគារ ហ្វីលីព ដែលនឹងផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ដល់អតិថិជនទាំងអស់របស់ ធនាគារ ហ្វីលីព ក្នុងការទិញទំនិញ ឬសេវាតាមអនឡាញ។

កាតនិមិ្មត ដែលអាចប្រើបានដោយស្វ័យប្រវត្តិតាមរយៈកម្មវិធីទូរសព័្ទចល័ត Phillip Mobile app ជំនាន់ថ្មី ផងដែរនោះ នឹងត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ នឹង មិនគិតកម្រៃបន្ថែមលើសេវាផ្សេងៗ ដូចកម្មវិធីដទៃទៀតឡើយ ដែលពេលខ្លះ បូកបន្ថែមថ្លៃសេវាប្រតិបត្តិការមិនពេញលេញ ឬសម្រាប់ “ថ្លៃសេវាប្រើកម្មវិធី” ឫ ខ្លះទៀតបានយកកម្រៃបន្ថែម នៅពេលភ្ជាប់កាតទៅក្នុងកម្មវិធីទិញទំនិញតាមអនឡាញណាមួយ។

លោក ចាន់ ម៉ាច អគ្គនាយក ធនាគារ ហ្វីលីព បានមានប្រសាសន៍ក្នុងពិធីនោះថា៖ «ថ្ងៃនេះ យើងមានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឲ្យប្រើប្រាស់ កាតនិម្មិតឥណពន្ធ ម៉ាស្ទ័កាត របស់ធនាគារ ហ្វីលីព ដោយយើងសង្ឃឹមថាអាចជម្រុញ និងពង្រឹងប្រព័ន្ធពាណិជ្ជកម្ម អេឡិចត្រូនិកនៅកម្ពុជា។ ទំហំអាជីវកម្ម ដែលបានកំពុងធ្វើប្រតិបត្តិការ តាមរយៈប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក បានកំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយយើងមានបំណងចូលរួមចំណែកបន្ថែមទៀតក្នុងដំណើរលូតលាស់នេះ។ យើងមើលឃើញថា ពាណិជ្ជកម្ម អេឡិចត្រូនិចគឺជាគោលដៅថ្មី សម្រាប់ការធ្វើអាជីវកម្ម ហើយយើងចង់ក្លាយជាផ្នែកមួយនៃវិស័យនេះតាំងពីដំបូងដៃ។ យើងសូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនម៉ាស្ទ័រកាត ដែលបានធ្វើជាដៃគូក្នុងគម្រោងនេះ ហើយយើងមានជំនឿចិត្តថា តាមរយៈកិច្ចសហការនេះ យើងអាចនាំយក ជម្រើសដ៏សំបូរបែប ដើម្បីជីវភាពទាន់សម័យជូនដល់អតិថិជនយើង។»

លោកស្រី Winnie Wong នាយកគ្រប់គ្រង ក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំតំបន់ វៀតណាម កម្ពុជា និងឡាវ ក៏បានថ្លែងក្នុងពិធីនេះតាមរយៈវីដេអូ និងបានស្វាគមន៍ ធនាគារ ហ្វីលីព មកក្នុងគ្រួសារ កាតនិមិ្មតម៉ាស្ទ័រកាត។

លោកស្រី Wong បានមានប្រសាសន៍ថា៖ “ប្រជាពលរដ្ឋ និងអាជីវកម្មនៅកម្ពុជា កំពុងតែមានទំនោរផ្តោតខ្លាំងទៅរកផលិតផលឌីជីថលថ្មីៗចុងក្រោយ ដូចជា កាតនិម្មិតឥណពន្ធ ម៉ាស្ទ័រកាត ជាដើម។ កាតនិម្មិតឥណពន្ធ ម៉ាស្ទ័រកាត របស់ ធនាគារ ហ្វីលីព គឺជា ការចាប់ផ្តើមជំហានដំបូងរបស់ធនាគារទៅក្នុងវិស័យទូទាត់តាមកាតអេឡិចត្រូនិច ហើយ ក៏ជាកិច្ចការដំបូងក្នុងភាពជាដៃគូ របស់ ម៉ាស្ទ័រកាត ជាមួយនឹងធនាគារហ្វីលីពផងដែរ។ កាតនេះជាសក្ខីភាពបង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនទាំងពីរ ក្នុងការនាំមកជូនការទូទាត់បែបឌីជីថលដ៏ទាន់សម័យ ប្រកបដោយភាពងាយស្រួល និង សុវត្ថិភាព សម្រាប់ការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។ ម៉ាស្ទ័រកាត មានសេចក្ដីរីករាយដែលបានចាប់ដៃគូជាមួយនឹង ធនាគារហ្វីលីព ដែលជាធនាគាររឹងមាំ និងបម្រើសេវាពេញលេញ ជូនអតិថិជន ហើយយើងត្រៀមលក្ខណៈក្នុងការសហការជាមួយនឹងធនាគារនេះក្នុងការដាក់ឲ្យប្រើប្រាស់សេវាកាតទូទាត់ និងផលិតផលឌីជីថលផ្សេងទៀតនាពេលខាងមុខឆាប់ៗនេះ”។

ក្រោយពេលពិធីប្រកាសដាក់ឲ្យប្រើប្រាស់កាតនិម្មិតនេះជាផ្លូវការរួចរាល់ហើយ អង្គពិធីក៏ផ្ដោតលើទិដ្ឋភាពវប្បធម៌វិញម្តង នៅពេលដែលឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបុរីប្រចាំកម្ពុជា ឯកឧត្តម Michael Tan បានបង្ហាញស្នាដៃសិល្បៈថ្មីចំនួនពីរ ដែលបង្កើតឡើងដោយវិចិត្រករល្បីឈ្មោះរបស់សឹង្ហបុរី លោក Yip Yew Chong អំឡុងពិព័រណសិល្បៈ មិត្តភាពកម្ពុជា-សិង្ហបុរី ដែលបានប្រព្រឹត្តទៅកាលពីដើមឆ្នាំនេះ ដើម្បីជាការអបអរខួប ៥៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ស្នាដៃសិល្បៈទាំងពីរនោះសុទ្ធតែឆ្លុះបញ្ចាំងពីទំនាក់ទំនងរឹងមាំរវាងប្រទេសកម្ពុជា និងសឹង្ហបុរី៖ ដូចជា រូបគំនូរ“ទន្លេមិត្តភាព” ពណ៌នាអំពីទេសភាពដ៏ត្រកាលរបស់ទន្លេសាប ទន្លេមេគង្គ និង Marina Bay របស់សឹង្ហបុរី ព្រមជាមួយនឹងទីស្ថាននិមិត្តរូបរបស់ប្រទេសទាំងពីរ ចំណែកឯរូបគំនូរឈ្មោះថា “វិបុលភាព” ត្រូវបានច្នៃជាក្រដាសប្រាក់ មួយសន្លឹកដែលផ្សំចេញពីលក្ខណៈពិសេសៗរបស់ក្រដាសប្រាក់ ៥ ដុល្លារសឹង្ហបុរី ជាមួយនឹងក្រដាសប្រាក់៥ ម៉ឺនរៀលរបស់កម្ពុជា។ នៅអំឡុងពេលពិធីពិព័រណសិល្បៈមិត្តភាពនោះ ធនាគារហ្វីលីពបានបរិច្ចាគទឹកប្រាក់ជាង ៣ ម៉ឺនដុល្លារ ក្នុងនាមជាអ្នកឧបត្ថម្ភកម្មវិធីធំមួយ ហើយបានជាវស្នាដៃសិល្បៈទាំងពីរនោះ។ ទឹកប្រាក់ទាំងនេះ ត្រូវបាន គណៈកម្មការរៀបចំពិធី បរិច្ចាគបន្តទៅឲ្យអង្គការចំនួនពីរ គឺអង្គការមូលនិធិកុមារកម្ពុជា (CCF) និងអង្គការសិល្បៈខ្មែរអមតៈ (CLA)។

អំពីធនាគារហ្វីលីព

ធនាគារ ហ្វីលីព ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ក្រោមឈ្មោះជាធនាគារ ហ្វ័ង ឌីប៊ីអេស ហើយនៅឆ្នាំ២០១៤ ក្រុមហ៊ុន PhillipCapital បានទិញយក និងបានប្តូរឈ្មោះជាធនាគារ ហ្វីលីព។នៅដើមឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តជាផ្លូវការលើការរួមបញ្ចូលគ្នារវាងធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត។ ក្រោមការរួមបញ្ចូលគ្នា ធនាគារ ហ្វីលីព ភីអិលស៊ី ជាធនាគារពាណិជ្ជលំដាប់ទី៣ ដែលមានសាខាច្រើនជាងគេទូទាំងប្រទេស(៨៩សាខា)។

ធនាគារ ហ្វីលីព បាននិងកំពុងផ្តល់ជូនសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ហ្វីលីពកាពីតាល់គ្រុប ផ្តល់ជូនសេវាកម្មពេញលេញប្រកបដោយគុណភាព និង ភាពច្នៃប្រឌិតជូនដល់អតិថិជន ទាំងបុគ្គល ទាំងគ្រប់ប្រភទសាជីវកម្ម នៅច្រើនជាង១៥ ប្រទេស។

អំពីម៉ាស្ទ័រកាត (NYSE: MA)

ម៉ាស្ទ័រកាត គឺជាក្រុមហ៊ុនបច្ចេកវិទ្យាសកលលោកមួយដែលធ្វើប្រតិបត្តិការនៅក្នុងឧស្សាហកម្មទូទាត់។ បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ និងផ្ដល់ថាមពលដល់សេដ្ឋកិច្ចបែបបរិយាប័ន្ន និងឌីជីថល ដែលផ្ដល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់រូប និងគ្រប់ទីកន្លែង តាមរយៈការធ្វើឲ្យប្រតិបត្តិការសាច់ប្រាក់មានសុវត្ថិភាព សាមញ្ញ ឆ្លាតវ័យ និងងាយចូលប្រើ។ តាមរយៈការប្រើប្រាស់ទិន្នន័យ និងបណ្ដាញដែលមានសន្តិសុខ ភាពជាដៃគូ និងការប្ដេជ្ញាចិត្ត ធ្វើឲ្យនវានុវត្តន៍ និងដំណោះស្រាយរបស់យើងជួយដល់បុគ្គលនានា គ្រឹះស្ថានហិរញ្ញវត្ថុ រដ្ឋាភិបាល និងអាជីវកម្មផ្សេងៗ អាចសម្រេចបាននូវសក្ដានុពលខ្លាំងបំផុតរបស់ខ្លួន។ គោលការណ៍សុភាវធម៌បែប Decency Quotient (DQ) របស់យើង ជាកត្តាជួយអភិវឌ្ឍដល់វប្បធម៌ការងារ និងគ្រប់កិច្ចការដែលយើងធ្វើទាំងនៅក្នុង និងក្រៅក្រុមហ៊ុន។ ជាមួយនឹងបណ្ដាញតភ្ជាប់នៅក្នុងប្រទេស និងដែនដីចំនួនជាង ១២០ យើងកំពុងតែកសាងពិភពលោកមួយដែលមាននិរន្តរភាព ហើយដែលផ្ដល់ឱកាសមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់គ្នា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.mastercard.com

មតិយោបល់