/5f4c6dc526a1c_1598844300_medium.jpg)
- 2020-08-31 03:29:09
- ជំនឿ
មានដឹងថា សែនក្បាលទឹក ត្រូវត្រណមអ្វីខ្លះអត់?
- 2020-08-31 03:29:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងថា សែនក្បាលទឹក ត្រូវត្រណមអ្វីខ្លះអត់?
ចន្លោះមិនឃើញ
សែនក្បាលទឹក ជាពិធីប្រពៃណីចិនដែលគេធ្វើឡើងដើម្បីឧទ្ទិសកុសលជូនអ្នកដែលបានស្លាប់។ ប្រជាជនចិន និងអ្នកកាត់សែស្រឡាយចិននៅតាមប្រទេសនានា បូករួមទាំងកម្ពុជាផង បានប្រារព្ធពិធីនេះមិនដែលខានរៀងរាល់ឆ្នាំ។ តាមជំនឿរបស់ចិន គេជឿថាមានខែនៃព្រលឹងខ្មោច ដែលគេដោះលែងមកពីឋាននរក និងឋានសួគ៌ ឲ្យចុះមកស្វែងរកអាហារ និងជួបជុំសាច់ញាតិបងប្អូន។
ជំនឿមួយចំនួនក្នុងពិធីបុណ្យ នៅក្នុងថ្ងៃសែន គេនឹងឃើញមានសកម្មភាពមួយចំនួនដែលជាជំនឿ ដូចជាការដុតក្រដាស ការអុជធូបទៀន ការដាក់អាហារនៅតាមកន្លៀតផ្លូវក្បែរផ្ទះ។ គេជឿថាការដុតក្រដាសលុយខ្មោច ទំនិញមួយចំនួន ដូចជាឡាន ទូរសព្ទ សំលៀកបំពាក់ និងផ្ទះធ្វើពីក្រដាស គឺអាចបញ្ជូនរបស់ទាំងនោះ ទៅព្រលឹងបុព្វបុរស ញាតិសន្ដានបានប្រើប្រាស់។ ចំណែកឯការអុជទៀន និងគោម គឺដើម្បីបំភ្លឺផ្លូវឲ្យព្រលឹងខ្មោចអាចរកផ្លូវទៅកាន់ទីកន្លែងដើមរបស់ពួកគេវិញ។ ដោយឡែកសំណែន ផ្លែឈើ សាច់ និងនំ គឺតំណាងឲ្យការផ្ដល់អាហារជូនព្រលឹងខ្មោចជាញាតិកា ហើយក៏ដើម្បីឲ្យព្រលឹងខ្មោចផ្សេងទៀតពុំមានការខឹងសម្បារដោយការស្រេកឃ្លាន។ នៅក្នុងជំនឿសាសនា គេជឿថាមានទីឋានផ្សេងសម្រាប់ព្រលឹងខ្មោចរស់នៅ តែក៏មានព្រលឹងខ្មោចមួយចំនួនដែលនៅតែលតោល អនាថា ដោយសារមិនមានគេធ្វើបុណ្យឲ្យតាមប្រពៃណីត្រឹមត្រូវ។ ការសែនក្បាលទឹក ក៏ជាការជួយដល់ព្រលឹងខ្មោចទាំងនោះផងដែរ។
ប្រវត្តិទាក់ទងមួយចំនួន
មានការលើកឡើងច្រើនពីប្រវត្តិពិធីបុណ្យនោះ ប៉ុន្តែមានការលើកឡើងមួយចំនួនថារយៈកាលជាង២ពាន់ឆ្នាំមុន នៅក្នុងសាសនាតាវ ឬលទ្ធិតាវ ពិធីបុណ្យនេះធ្វើឡើងក្នុងពិធីចម្រើនព្រះជន្ម អាទិទេព Qingxu ដែលជាអ្នកកាត់ទោសមនុស្សសាងបាបកម្ម។ នៅថ្ងៃចម្រើនព្រះជន្ម អាទិទេពដោះលែងព្រលឹងខ្មោចដែលរងកម្មឲ្យមានសេរីភាព ក្នុងខែនៃខ្មោចបិសាច។
ត្រណមក្នុងពិធីបុណ្យ
គេមានត្រណមថា សកម្មភាពមួយចំនួនគួរជៀសវាងអំឡុងពេលនៃថ្ងៃបុណ្យ ជាពិសេសនៅពេលយប់ ដែលអាចនាំសំណាងមិនល្អ៖
មិនឲ្យហាលសំលៀកបំពាក់ខាងក្រៅ ព្រោះថាអាចនឹងមានព្រលឹងខ្មោចបិសាច មកស្លៀកសំលៀកបំពាក់នោះ ដែលនាំឲ្យមានសំណាងមិនល្អ។
មិនឲ្យហែលទឹក ព្រោះថាអាចមានព្រលឹងខ្មោចទឹកទាញយកទៅ។
មិនឲ្យបត់ជើងតូចដាក់ដើមឈើ ដែលធ្វើឲ្យព្រលឹងរស់នៅទីនោះខឹង និងនាំសំណាងមិនល្អមក ហើយមិនត្រូវដើរលេងនៅជិតដើមឈើពេលយប់នោះទេ។
មិនឲ្យថតរូបពេលយប់ព្រោះអាចថតជាប់ព្រលឹងខ្មោចព្រាយបិសាចបាន។
ហាមមិនឲ្យរៀបការនៅក្នុងខែនៃពិធីបុណ្យ ដែលអាចឲ្យមានទុក្ខសោកនៅថ្ងៃក្រោយ។
មិនឲ្យនិយាយអំពីរឿងខ្មោចនៅក្នុងខែនៃពិធីបុណ្យដែលអាចបង្កជាសំណាងអាក្រក់៕
ប្រភព៖ South China Morning Post