• 2020-09-03 07:00:45
  • ជំនឿ

ជឿអត់ ការធ្វើ​បុណ្យ​ជា​មួយ​គ្នា ស្រលាញ់​គ្នា​?​

  • 2020-09-03 07:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​កាល​បុណ្យ​ភ្ជុំ​បិណ្ឌ​ មនុស្ស​ម្នា​នាំ​គ្នា​ឈូរ​ឆរ​ទៅ​វត្ត​ សន្សំ​ចិត្ត​ធ្វើ​ទៀន។ តែ​Sabay លឺ​ល្ហៀង​ៗ​ថា​អ្នក​ខ្លះ​មិន​ត្រឹម​អញ្ចឹង​ទេ នៅ​លួច​ផ្សង​អី​ណា​ទៀត​។ បបួល​មនុស្ស​ដែល​ខ្លួន​កំពុង​ចាប់​អារម្មណ៍​ទៅ​ធ្វើ​បុណ្យ​ដែរ​។ កំពុង​ចាប់​អារម្មណ៍​គ្នា​តិច​ៗ​ផង ដល់​បាន​ទៅ​វត្ត​ជាមួយ​គ្នា​ទៀត ក៏​ស្រលាញ់​គ្នា​ ហើយ​អ្នក​ខ្លះ​មិន ​ដែល​ចាប់​អារម្មណ៍​គ្នា​ពី​មុន​អី​តិច​ ដល់​បាន​ធ្វើ​បុណ្យ​ព្រម​គ្នា ក៏​ស្រលាញ់​គ្នា​ដែរ​ទៅ។

​​​អញ្ចឹង​សាក​អាន​ខាង​ក្រោម​នេះ​មើល​ថា ស្នេហា​បែប​នេះ​អាច​កើត​ឡើង​មែន​ដែរ​ឬ​អត់​​?​

“ពិត​មែន​ហើយ​ ! ខ្ញុំ​ជឿ​ហើយ​គិត​ថា ​វា​អាច​កើត​ឡើង​បាន។ ពេល​ទៅ​ធ្វើ​បុណ្យ​ មនុស្ស​ពីរ​នាក់​អាច​ស្រលាញ់​គ្នា​បាន​ពិត​មែន ។ ស្នេហា​មិន​មែន​មាន​ន័យ​ថា ទាល់​តែ​ស្គាល់​គ្នា​រាប់​ខែ​ទើប​អាច​លង់​ស្រលាញ់​គ្នា​បាន​ទេ វា​អាច​កើត​ឡើង​បាន​គ្រប់​ពេល​គ្រប់​ទី​កន្លែង​។ ខ្ញុំ​ជឿ​១០០% ថា​ស្នេហា​ប្រភេទ​នេះ​អាច​កើត​ឡើង​បាន​ ហើយ​ថែម​ទាំង​ពេល​ទៅ​ធ្វើ​បុណ្យ​អាច​ឆ្លៀត​បញ្ជាក់​ស្នេហ៍​ស្មោះ​បាន​ទៀត​ផង“។ លោក កុសល​ និស្សិត​រៀន ​ITអះ​អាង​ប្រាប់​ Sabay ។

ប្រហាក់​ប្រហែល​​នេះ​ដែរ ស្រី​និច​ សិស្ស​រៀន​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា និយាយ​ថា៖ “ទៅ​ធ្វើ​បុណ្យ​ជាមួយ​គ្នា ពេល​ខ្លះ​ពិត​ជា​អាច​បណ្ដុះ​ចិត្ត​ឲ្យ​កួច​ប្រតិព័ទ្ធ​គ្នា​បាន។ គេ​អាច​យល់​ថា​ មាន​និស្ស័យ​នឹង​គ្នា​ព្រោះ​បាន​មក​ធ្វើ​អំពើ​ល្អ​ជាមួយ​គ្នា ពិសេស​ សុភាព​នារី​ច្រើន​យល់​ថា​ បុរស​ដែល​ចេះ​ធ្វើ​បុណ្យ​ទាន​ជា​មនុស្ស​ ដែល​អាច​ទុក​ចិត្ត​បាន​ សុភាព​រាប​សារ​ព្រោះ​ចេះ​ចូល​វត្ត​វ៉ា​នឹង​គេ​ដែរ​ ” ។

សម្រាប់​កញ្ញា​ ចាន់​ណាក់ អតីត​និស្សិត​សង្គមវិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ប្រាប់​ថា​ ៖ ”ពេល​ទៅ​វត្ត​ម្ដង​ៗ មិន​ថា​នារី​ ឬ​បុរស​សុទ្ធ​តែ​តែង​ខ្លួន​ស្រស់​ស្អាត ពួក​គេ​កំពុង​តែ​មានចិត្ត​លើ​គ្នា​ស្រាប់​ផង ដល់​ឃើញ​មនុស្ស​ខ្លួន​ចាប់​អារម្មណ៍​ស្លៀក​ពាក់​បែប​ប្រពៃណី​ទៅ​វត្ត​ធ្វើ​ បុណ្យ​ទៀត ប្រាកដ​ជា​ដឹង​តែ​ស្រលាញ់​មិន​ខាន។ លើស​ពី​នេះ វា​ក៏​អាច​បង្កើន​នូវ​អនុស្សាវរីយ៍​ល្អ​ៗ​ជា​មួយ​គ្នា​ថែម​ទៀត​” ។​

និស្សិត​អាហារូបករណ៍​ផ្នែក​គណិតវិទ្យា​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ លោក ​ខុម សុ​ជាតិ​ រៀប​រាប់​ថា៖​ ”ខ្ញុំ​ជឿ​ថា​ស្នេហា​ពិត​ជា​កើត​ឡើង​តាម​រយៈ​បែប​នេះ​មែន​។ សង្ស័យ​ព្រះ​អង្គ​ក្នុង​អារាម​ជួយ​បន្ទន់​ចិត្ត​ទេ​ដឹង ​ធ្វើ​បុណ្យ​សន្សំ​កុសល​ផ្សង​រក​គូរ​ព្រេង ឲ្យ​មនុស្ស​ដែល​ខ្លួន​លួច​ស្រលាញ់​សារភាព​ស្នេហ៍​ឆាប់​ៗ​ ហេ​ហេ​… តែ​ទោះ​ជា​យ៉ាង​ណា​យុវជន​មិន​គួរ​យក​ទី​​វត្ត​​ដើម្បី​រក​សង្សារ​នោះ​ឡើយ​” ។

ចុះ​ប្រិយ​មិត្ត​អ្នក​អាន​ជឿ​ថា​ទៅ​ធ្វើ​បុណ្យ​ទៀន​ជា​មួយ​គ្នា អាច​ស្រលាញ់​គ្នា​បាន​ទេ​ ?

អត្ថបទ៖ លឹម សុនា

មតិយោបល់