• 2020-09-07 06:22:15
  • ជំនឿ

បរាភវសូត្រ ហេតុដែលនាំឱ្យវិនាស ទាំង១២ប្រការ

  • 2020-09-07 06:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀងរាល់ពេលព្រឹកព្រលឹមថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ (ចាប់ផ្តើមពីថ្ងៃ ១រោច ដល់ ១៥រោច ខែភទ្របទ) គេតែងបានឮព្រះសង្ឃសូត្រធម៌ ដែលគេហៅថា បរាភវសូត្រ។ បរាភវសូត្រ គឺជាធម៌របស់សម្មាសម្ពុទ្ធដាស់តឿនដល់ប្រជាពុទ្ធបរិស័ទនូវមូលហេតុ ១២ ប្រការនាំដល់ក្តីវិនាសក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ បរាភវសូត្រ ទាំង១២ រួមមាន ៖

  • បរាភវសូត្រគាថាទី1 ៖ " អ្នកប្រាថ្នាធម៌ល្អិតល្អក្នុងចិត្ត ហើយខំប្រព្រឹត្តនឹងបានចម្រើន ។ អ្នកដែលទ្រុស្តធម៌ឥតកើន ឥតកើនចម្រើនវិនាសទៅមុខ " ។ នេះជាហេតុនៃសេចក្តីវិនាសទី1

  • បរាភវសូត្រគាថាទី 2៖ អ្នកដែលស្រឡាញ់ពេញចិត្តសេ្នហា.....តែនឹងមនុស្សណាអសប្បុរស តែងមិន ស្រឡាញ់ពេញចិត្តទាំងអស់.....នឹងអ្នកសប្បុរសមកធ្វើជាមិត្រ ។ សេចក្តីស្រឡាញ់ពេញចិត្តគំនិត.....ហើយទៅគប់មិត្រអសប្បុរស គាប់ចិត្តក្នុងធម៌ឬមួយរបស់.....ហេតុនោះទាំងអស់នាំឲ្យវិនាស ។ នេះជាហេតុនៃសេចក្តីវិនាសទី 2

  • បរាភវសូត្រគាថាទី៣៖ អ្នកដេកច្រើន១និយាយច្រើន១...និងអ្នក​ឥតព្រួយឥតគិតប្រឹងប្រែង អ្នកខ្ជិលប្រអូសមិនមានខ្នះខ្នែង.....ខឹងច្រើនសម្តែងឲ្យគេឃើញបាន ។ ហេតុធម៌ទាំងនោះ​មិន ជាកល្យាណ .....នាំឲ្យខកខានខាតខូចប្រយោជន៍ មានជាប្រធានតិចច្រើន​ ដោយហោច...នាំបង់ប្រយោជន៍ហើយឲ្យវិនាស។ នេះជាហេតុនៃសេចក្តីវិនាសទី ៣

  • បរាភវសូត្រគាថាទី៤ ៖ នរជនណាមានទ្រព្យធនធាន.....ហើយខ្លួនមិនបានចិញ្ចឹមរក្សា មាតាបិតាដែលចាស់ជរា.....ហេតុនោះទៅជានាំឲ្យវិនាស ។ នេះជាហេតុនៃសេចក្តីវិនាសទី ៤

  • បរាភវសូត្រគាថាទី៥ ៖ អ្នកពោលពាក្យកុហកបោកប្រាស់ចំពោះអ្នកមានសីល អ្នកក្រក្សត់ ឬពួកអ្នកប្រាជ្ញរាជបណ្ឌិតព្រឹទ្ធាចារ្យ។នេះជាហេតុនៃសេចក្តីវិនាសទី៥

  • បរាភវសូត្រគាថាទី៦ ៖ អ្នកមានរបស់របរទ្រព្យសម្បត្តិបរិបូរណ៍ហូរហៀហើយលបលួចលាក់ស៊ីចុកធ្វើមានធ្វើបានតែម្នាក់អែង ឬក្រុមគ្រួសារបក្ខពួកខ្លួនឯង។ នេះជាហេតុនៃសេចក្តីវិនាសទី៦

  • បរាភវសូត្រគាថាទី៧ ៖ អ្នកដែលប្រកាន់ជាតិ វង្សត្រកូល អំបូរពូជពង្សហើយមិនប្រមូលរាប់អានញាតិសន្តាន ព្រៀងលាន អ្នកភូមិផងរបងជាមួយ។ នេះជាហេតុនៃសេចក្តីវិនាសទី៧

  • បរាភវសូត្រគាថាទី៨ ៖ អ្នកប្រព្រឹត្តល្បែងស្រីស្រាល្បែងស៊ីសងគ្រប់ប្រភេទដែលធ្វើទ្រព្យរបស់ឲ្យវិនាសដោយឥតប្រយោជន៍។នេះជាហេតុនៃសេចក្តីវិនាសទី៨

  • បរាភវសូត្រគាថាទី៩ ៖ បុរស ស្ត្រី ដែលមិនពេញចិត្ត មិនគាប់ចិត្ត ភរិយាស្វាមីរបស់ខ្លួន ហើយទៅលបលួចប្រព្រឹត្តកាមគុណជាមួយនិងស្រ្តី បុរសខាងក្រៅ។ នេះជាហេតុនៃសេចក្តីវិនាសទី៩

  • បរាភវសូត្រគាថាទី១០ ៖ បុរស ស្រ្តី ដែលមានវ័យចាស់ហួសពេកទៅហើយ ទៅមានទំនាក់ទំនងស្នេហាផ្លូវកាមគុណជាមួយបុរសស្រ្តី ដែលមានវ័យក្មេងពេក។ នេះជាហេតុនៃសេចក្តីវិនាសទី១០

  • បរាភវសូត្រគាថាទី១១ ៖ បុរស ស្រ្តីណាដែលតែងតាំងអ្នកមិនចេះសន្សំសំចៃ ខ្ជះខ្ជាយមិនដឹងខាតបង់ឲ្យមើលការខុសត្រូវទ្រព្យសម្បត្តិរបស់របរ។ នេះជាហេតុនៃសេចក្តីវិនាសទី១១

  • បរាភវសូត្រគាថាទី១២ ៖ ស្តេចប្រមុខដឹកនាំប្រធានមេកោយអ្នកជាប្រមុខដែលមិនមាននូវទ្រព្យសម្បត្តិគ្រប់គ្រាន់ (រូបសម្បត្តិ ចរិយាសម្បត្តិ វិជ្ជាសម្បត្តិ និងគុណសម្បត្តិ)។ នេះជាហេតុនៃសេចក្តីវិនាសទី១២

ប្រភព៖ ហ្វេសប៊ុក sokunmelea yim

មតិយោបល់