• 2020-10-15 04:33:14
  • សុខភាព

ប្រយ័ត្ន! ចំណុចគួរអនុវត្តដើម្បីសុវត្ថិភាព មុន អំឡុងពេល និងក្រោយមានទឹកលិច ឬទឹកជំនន់

  • 2020-10-15 04:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជាបានទទួលរងនូវឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឲ្យខេត្តមួយចំនួនទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ហើយក៏មានតំបន់មួយចំនួននៅទីក្រុងភ្នំពេញ កំពុងប្រឈមមុខនឹងគ្រោះទឹកជន់លិចផងដែរ។ បញ្ហាគ្រោះធម្មជាតិនេះ ពិបាកទប់ស្កាត់ ដូច្នេះ​អ្នកគួរយល់ពីប្រការត្រូវ​អនុវត្ត​​ មុនពេល អំឡុងពេល និងក្រោយពេលមានទឹកលិច ឬ ទឹក​ជំនន់ ដើម្បីធានាបាននូវសុវត្ថិភាព មានសុខភាពល្អ មិនមានជំងឺឈឺថ្កាត់នានា ស្របពេលមានគ្រោះអាសន្ននេះ ដូចជា ៖

(រូប​ចាស់ពីឆ្នាំ ២០១៨)

១. មុនពេលមានទឹកជំនន់

  • តាមដានរាល់ព័ត៌មាននានាពីទឹកជំនន់
  • រៀបចំឯកសារសំខាន់ៗឲ្យបានត្រឹមត្រូវ ក្នុងប្រអប់ជ័របិទជិត
  • ត្រៀមស្តុកទុកអាហារដែលទុកបានយូរ ជៀសវាងមានអាសន្នផ្សេងៗ
  • ត្រៀមសម្ភារផ្ទះបាយមួយចំនួន ជៀសវាងគ្មានរបស់ប្រើនៅពេលគេជម្លៀស
  • ត្រៀមថ្នាំសង្កូវមួយចំនួន ដូចជាថ្នាំរាក ផ្ដាសាយជាដើម
  • សម្រាប់ស្ត្រីពោះធំជិតសម្រាល គួរតែត្រៀមសម្ភារឲ្យបានគ្រប់គ្រាន់
  • ថែរក្សាអនាម័យនៅក្នុង និងជុំវិញផ្ទះ ជៀសវាងមានទឹកជន់ អាចធ្វើឲ្យសំរាមអណ្តែតគ្មានសណ្ដាប់ធ្នាប់
  • សម្រាប់អ្នករស់នៅក្បែរមាត់ទឹកគួរតែ ពូនដី និងយកបាវខ្សាច់មកទប់នៅមាត់ទឹក

២. អំឡុងពេលមានទឹកជំនន់

  • ជៀសវាងការស្នាក់នៅផ្ទះ ឬអាគារចាស់ ដែលអាចបាក់ស្រុតពេលទឹកឡើងខ្លាំង
  • បិទបារ៉េតភ្លើង នៅពេលទឹកជន់ខ្លាំង និងមិនត្រូវប្រើប្រាស់អគ្គិសនីពេលដៃសើម ឬកំពុងឈរក្នុងទឹក
  • បន្តតាមដានព័ត៌មាននានា អំពីទឹកជំនន់ និងត្រូវត្រៀមលក្ខណៈក្នុងការជម្លៀសទៅទីសុវត្ថិភាពគ្រប់ពេល
  • ថែរក្សាសមាជិកគ្រួសារឲ្យបានជាប់លាប់ ពិសេសស្រ្តីពោះធំ និងកុមារតូចៗ
  • មិនត្រូវឲ្យកុមារទៅលេងក្បែរមាត់ទឹកដែលកំពុងឡើងខ្លាំង
  • ត្រៀមពោង ឬកាដុងជ័រ និងខ្សែពួរ ពេលមាននរណាម្នាក់ធ្វើដំណើរកាត់ទឹក
  • ត្រូវតែប្រយ័ត្នសត្វពស់ ដែលវាអាចនឹងបង្កប់ខ្លួននៅស្មៅស៊ុបទ្រប់ ឬគំនរស្លឹកឈើ
  • ត្រូវពាក់ខោអាវដៃវែង ជើងវែង គ្រប់ពេលជៀសវាងមានមុសខាំ និងអាកាសធាតុរងា
  • រក្សាអនាម័យផ្ទាល់ខ្លួន, ផឹកទឹកស្អាត(ទឹកដាំពុះ), ញ៉ាំម្ហូបដែលបានចម្អិនបានល្អ, រៀបចំធុងសំរាម និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ព្រមទាំងថែរក្សាសុខភាពផ្ទាល់ខ្លួនជៀសវាងមានជំងឺកាចសាហាវនានា
(រូបចាស់)

៣. ក្រោយពេលមានទឹកជំនន់

  • តាមដានស្តាប់ព័ត៌មានពាក់ព័ន្ធបន្តទៀត
  • ពិនិត្យមើលជុំវិញផ្ទះ ក្រែងល៎មានកាកសំណល់ជាតិផ្ទុះ អាចហូរមកតាមទឹក
  • ពិនិត្យរកស្នាមបាក់ស្រុត ឬបាក់បែកដោយប្រុងប្រយ័ត្នក្រែងមានសត្វ អសិរពិសផ្សេងៗ នៅក្នុងផ្ទះ
  • ធ្វើអនាម័យជុំវិញផ្ទះ និងក្នុងផ្ទះ មុនពេលចូលស្នាក់នៅ
  • ជួសជុល ឬសាងសង់សម្ភារៈដែលខូចខាត
  • ពិនិត្យសុខភាពឡើងវិញ ដើម្បីជៀសវាងកើតមានជំងឺផ្សេងៗ ដូចជារាគ, កមរមាស់, ព្រូន, គ្រុនចាញ់, និងគ្រុនចាញ់ជាដើម៕

ប្រភព៖ www.unicef.org

សុភារម្យ

មតិយោបល់
អត្ថបទថ្មី