• 2021-01-27 09:13:30
  • ជំនឿ

ត្រណមទាំង១២យ៉ាង ក្នុងថ្ងៃចូលឆ្នាំចិន

  • 2021-01-27 09:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រណម ឬការតមជារឿងសំខាន់ សម្រាប់ប្រជាជន ឬអ្នកដែលជាប់ខ្សែស្រឡាយចិន គួរតែបានដឹង និងប្រតិបត្តិឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានសំណាងល្អ ពេញ១ឆ្នាំ។ ពិធីបុណ្យចូលឆ្នាំចិន នឹងធ្វើឡើងនៅថ្ងៃទី ១២ ខែកុម្ភៈ ខាងមុខនេះ យើងមកដឹងពីត្រណមសំខាន់ៗ ទាំង១២ នៅក្នុងថ្ងៃចូលឆ្នាំចិន ដែលគួរតែចៀសវាង ព្រោះនឹងនាំឱ្យអ្នកស៊យពេញ១ឆ្នាំ។

១. ហាមបោសផ្ទះ ៖ ការបោសផ្ទះ នៅក្នុងថ្ងៃចូលឆ្នាំចិន ប្រៀបបីដូចជា ការបោសទ្រព្យ និងលាភសំណាងចេញយ៉ាងដូច្នោះដែរ។ តែបើចាំបាច់ណាស់ បោសពីក្រៅ ចូលមកក្នុង ហើយប្រមូលទុកមួយដុំសិន។

២. ហាមបោកខោអាវ ៖ ការបោកខោអាវ ប្រៀបដូចជាការប្រមាថដល់ព្រះ។

៣. ហាមទិញស្បែកជើងថ្មី ៖ ជនជាតិចិនប្រកាន់គំនិតមួយគឺ មិនទិញស្បែកជើងថ្មីក្នុងខែដំបូងនៃថ្ងៃចូលឆ្នាំទេ ដោយហេតុថា ពាក្យ «ស្បែកជើង» ក្នុងភាសាចិនបញ្ចេញសំឡេងថា «Hai» ដែលពាក្យ «Hai» នេះមានសំឡេងដូចការដកដង្ហើមធំ ដែលជនជាតិចិនជឿថា នោះគឺជានិមិត្តសញ្ញានៃការចាប់ផ្តើមឆ្នាំថ្មីដែលមិនល្អសោះឡើយ។

៤. ហាមមើលសៀវភៅ ៖ សៀវភៅ គឺ Sue តំណាងអោយចាញ់។

៥. ហាមមិនអោយជេរ ឬវ៉ៃគ្នា ៖ ជនជាតិចិនប្រកាន់ណាស់ចំពោះរឿងនេះ ព្រោះធ្វើឲ្យ​អពមង្គលក្នុងឆ្នាំថ្មី និងពេញ១ឆ្នាំតែម្តង។ ពួកគេនឹងមិនបង្កជម្លោះ វាយតប់ ឬជេរគ្នានោះទេ បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ពួកគេនឹងរងចាំរហូតចប់ថ្ងៃចូលឆ្នាំ។

៦. បំណុលប៉ុន្មាន ត្រូវសងឲ្យអស់ ៖ ការជាប់បំណុលឆ្លងឆ្នាំ ជារឿងមិនល្អ ដែលប្រជាជនយល់ឃើញថា ជាការល្អបំផុតដែលយើងសងបំណុលគេឱ្យអស់មុនថ្ងៃចូលឆ្នាំ ព្រោះវានឹងនាំឱ្យមានសំណាង រកស៊ីអ្វីក៏ជោគជ័យ លុយហូរចូល ព្រោះថាអ្នកបានដោះបំណុលជីវិតមុនឆ្នាំថ្មី។ សម្រាប់អ្នកចង់ខ្ចីប្រាក់ ឬឲ្យ​ប្រាក់គេខ្ចី ត្រូវរងចាំរហូតផុតថ្ងៃចូលឆ្នាំ។

៧. ហាមធ្វើឱ្យរបស់បែកបាក់ ៖ ជនជាតិចិនប្រកាន់ណាស់ ព្រោះអាចធ្វើឲ្យ​មានភាពប្រេះឆា ១ឆ្នាំពេញតែម្តង។

៨. ហាមកក់ ឬកាត់សក់ ៖ ការកក់សក់ ឬកាត់សក់ ក្នុងថ្ងៃចូលឆ្នាំ ជាការលាងជម្រះលាភ សំណាងពេញ១ឆ្នាំ។

៩. ហាមបរិភោគបបរ ៖ ជនជាតិចិន យល់ថាការញ៉ាំបបរ នៅព្រឹកថ្ងៃចូលឆ្នាំចិន គឺជាការរារាំងភាពមានបាន ដូច្នេះទើបមានការតមមិនឲ្យ​បរិភោគអាហារប្រភេទនេះ នៅព្រឹកថ្ងៃចូលឆ្នាំចិន។

១០. ហាមប្រើប្រាស់របស់មុតស្រួច ៖ ក្នុងករណីមិនចាំបាច់ (មិនគួរមានវត្តមានរបស់ទាំងអស់នេះទេ ជាពិសេសក្នុងថ្ងៃទី១ នៃថ្ងៃចូលឆ្នាំចិន ព្រោះនាំឱ្យមានសំណាងអាក្រក់ ពេញ១ឆ្នាំ។

១១. ហាមស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ៖ ប្រជាជនចិនតែងនិយមប្រើសម្លៀកបំពាក់ពណ៌ឆើត តួយ៉ាងដូចជាពណ៌ក្រហម ដើម្បីនាំលាភសំណាងពេញ១ឆ្នាំ។

១២. ហាមចូលបន្ទប់អ្នកដ៏ទៃ ៖ ការចូលបន្ទប់នរណាម្នាក់ នៅក្នុងថ្ងៃនេះ ចាត់ទុកជារឿងមិនល្អ។

ទោះបីជាយ៉ាងណា ចិនសែ កុកឡុង ក៏បានបញ្ជាក់បន្ថែមដែរថា សម័យនេះបច្ចេកវិទ្យាទំនើប ជំនឿក៏ត្រូវបានកាត់បន្ថយមួយចំនួនផងដែរ តែទោះជាយ៉ាងណា ការគោរពប្រតិបត្តិបានយ៉ាងខ្ជាប់ខ្ជួននឹងនាំមកនូវលាភសំណាងល្អពេញ១ឆ្នាំ ៕

អត្ថបទ៖​ Art

មតិយោបល់