• 2021-04-13 05:13:12
  • ជំនឿ

ក្រោកទទួលទេវតាស្អែកផង! មក​ដឹងពីចំនួនធូបដែលខ្មែរតែងអុជ និងអត្ថន័យធូបនីមួយៗ

  • 2021-04-13 05:13:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីដ្បិត​តែ​ទម្លាប់​នៃ ការ​អុជទាន​ធូប​នេះ ​មាន​ប្រវត្តិ​ និង​ការ​ប្រតិបត្តិ​មក​ជា​យូរលង់​ហើយ​យ៉ាង​ណា​ក្តី ​ក៏​ប្រជា​ជន​ខ្មែរភាគ​ច្រើន​ នៅតែ​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ ​នោះ​ទេ អំពី​អត្ថន័យ​នៃ​ ចំនួន​សរសៃ​ធូប​ ដែល​យើង​តែង​អុជ ​ទៅ​តាម​ពិធី​នីមួយៗ​។ ជារួម​យើងមិន​មែន​ ចេះ​តែ​អុជ​ផ្តេស​ផ្តាស​នោះ​ទេ ព្រោះ​ចំនួន​ធូប​ដែល​យើង​អុជ សុទ្ធ​តែ​មាន​អត្ថន័យ​ ផ្សេងៗគ្នា។

ស្អែកនេះសង្ក្រាន្តនឹងចូលមកដល់នៅវេលាម៉ោង ០៤:០០​នាទី ​ទៀបភ្លឺ ថ្ងៃពុធ​ ៣កេីត​ ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២១ ។ ប្រជាពលរដ្ឋមិនថាប្រុស មិនថាស្រី មិនថាចាស់ មិនថាក្មេង នឹងក្រោកពីព្រលឹមដើម្បីអុជធូបទទួលទេវតាឆ្នាំថ្មី។ ខាងក្រោមគឺជាអត្ថន័យនៃការអុជធូបរបស់ខ្មែរតាំងពីបុរាណមក៖

១. កា​រអុជ​ធូប​ចំនួន​១សរសៃ៖ គឺ​តំណាង​ឲ្យ​ ការកើត​មកមាន​តែមួយ​ ទៅ​វិញក៏​តែមួយ​។

២. ការអុជ​ធូប​ចំនួន​៣សរសៃ៖ គឺ​​ដើម្បី ​រំលឹក​នឹងគុណ នៃព្រះ​រតនត្រ័យ ​ទាំង​៣ មានគុណ​ព្រះពុទ្ធ​ ព្រះធម៌​ និង​ព្រះសង្ឃ។ មួយ​វិញ​ទៀត​គឺរំលឹក​នឹកគុណ​ដល់ ​ព្រះទាំង​៣​ព្រះអង្គ ដែល​លោកបាន​ត្រាស់​ដឹង​ជា ​ព្រះ​សម្មាសម្ពុទ្ធ​នឹង​មួយ​ទៀត​ តំណាង​ឲ្យ ​សច្ចពិត​នៅក្នុង​លោក ដែល​មាន​អនិច្ចំ ទុក្ខំ អនត្តា។

៣. ការ​អុជ​ធូប​ចំនួន​៤សរសៃ៖ គឺ​តំណាង​ឲ្យ ​ធាតុ​របស់​មនុស្ស​យើង​ មាន​ធាតុ​ទឹក ដី ភ្លើង​ ខ្យល់​។

៤. ការ​អុជ​ធូប​ចំនួន​៥សរសៃ៖ គឺតំណាង​ឲ្យ ​បញ្ចខ័ណ​ទាំង​៥ ​រួម​មាន៖​ រូប វេទនា បញ្ញា សង្ឃា និង​វិញ្ញាណ​។ ម្យ៉ាង​វិញ​ទៀត ​អុជ​ធូប​៥សរសៃនេះ ក៏​តំណាង​ឲ្យ ​ព្រះ​ទាំង​៥​ព្រះអង្គផងដែរ​។

៥. ការ​អុជ​ធូប​ចំនួន​៨សរសៃ៖ គឺតំណាង​ឲ្យ​អដ្ឋង្គិមគ្គ​ ដែល​ជា​ផ្លូវមួយ ធ្វើ​ឲ្យ​ដឹង​និង​យល់​ច្បាស់ នូវអ្វី​ដែល​ជាធម៌ពិត​ យល់ពី​ភាព​សច្ចពិត ​របស់​មនុស្ស​លោក ជា​ផ្លូវ​នូវ​សេចក្តី​រំលត់​ទុក្ខ ហើយ​ក៏​អាច​នាំ ​ទៅកាន់​និពាន្វ​ជាដើម​។

៦. ការ​អុជ​ធូប​ចំនួន​ ១២ សរសៃ៖ គឺ​ដើម្បី​នឹករលឹក​ ទៅដល់​គុណ​មាតា ​ព្រោះមាតាគឺជា​តំណាង​ឲ្យ គុណ​ធាតុ​ទន់​ខ្សោយ ជា​មនុស្សស្រី ​ដែល​មាន​ចិត្ត​ទោរទន់ ចំពោះ​បុត្រាបុត្រី​ទាំងអស់​។

៧. ការ​អុជ​ធូប​ចំនួន​ ២១​ សរសៃ៖ គឺ​ដើម្បី​នឹក​រលែក​ ទៅដល់គុណ​បិតា ព្រោះ​បិតា​តំណាង​ឲ្យ​ធាតុ​រឹង​ បាន​ផ្តល់​កំណើតទៅ​ដល់ កូន​មាន​ក្តី​ស្រលាញ់​ចំពោះ​កូនប្រុស​ស្រី​ទាំងឡាយ។

៨. ការ​អុជ​ធូប​ចំនួន​៣៨សរសៃ៖ គឺ​ដើម្បី​រំលឹក​នឹកគុណ​ដល់​ ព្រះ​សម្មាសម្មពុទ្ធ​ដែល​ព្រះអង្គ​បាន​ត្រាស់​សម្តែង​ ឲ្យ​ពពួក​មនុស្ស​ ទេវតា ឥន្ទ្រព្រហ្ម​ទាំងអស់ បាន​យល់ដឹង​ នូវ មង្គល​ទាំង​៣៨​ប្រការ​។

​យ៉ាងណាក្នុងឱកាសបុណ្យចូលឆ្នាំនេះ Sabay សូមក្រើនរម្លឹកដល់បងប្អូនប្រជាជនខ្មែរយើងមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំអុជធូបចោល និងសូមជ្រើសយកការអុជធូបឲ្យបានតិចបំផុត ដើម្បីបង្ការគ្រោះអគ្គីភ័យផ្សេងៗដែលអាចកើតមានជាយថាហេតុ។ ក្នុងឱកាសឆ្នាំថ្មីសូមជូនពរប្រជាជនខ្មែរ សូមជួបតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ៕

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី