• 2021-09-18 01:00:00
  • ជំនឿ

រឿង៣យ៉ាងមិនគួរធ្វើ នាំបញ្ហាអាក្រក់ដល់ខ្លួនពេលកាន់បិណ្ឌ

  • 2021-09-18 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ ជា​បុណ្យ​ប្រពៃណី​ដ៏​ផូរ​ផង់​ដែល​​រៀង​រាល់​ឆ្នាំ ​ខ្មែរ​យើង​តែង​ប្រារព្ធ​ធ្វើ​មិន​ដែល​ខាន។ ​​លើស​ពី​នេះ ​​ប្រជាជន​ខ្មែរ​តែ​ង​មាន​ជំ​នឿ​​និង​ហាម​កូន​ចៅ​កុំ​ឲ្យ​ធ្វើ​សកម្មភាព​មិន​ល្អ​មួយ​ចំនួន ​ចៀស​វាង​បង្ក​ជា​បញ្ហា​អាក្រក់​ដល់​ខ្លួន​បាន​។

១. មិន​ត្រូវ​ផឹក​ស្រា ឬលេង​ល្បែង​ស៊ី​សង​ពេល​ចូល​វត្តអារាម

​ចាស់​បុរាណ​ហាម​ណាស់​រឿង​ផឹក​គ្រឿង​ស្រវឹង ពិសេស​នៅ​ទី​វត្ត​អារាម​តែ​ម្តង។ ​សកម្មភាព​បែប​នេះ​ បាន​ប៉ះពាល់​ដល់​​សាសនា និង​ធ្វើ​ឲ្យ​ខូច​ទំនៀម​ទំលាប់​ដ៏​ល្អ​​​ថែម​ទៀត​ផង។ ​ក្នុង​វត្ត​អារាម​ គួរ​ជា​ទី​រក្សា​សីល​ទាន មិន​គួរ​ជុំ​គ្នា​ផឹក​ស្រា ​ឬ​លែង​ល្បែង​ស៊ី​សង​នោះ​ទេ។ ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​បាន​ប្រព្រឹត្ត​ទង្វើរ​ទាំង​នេះ ​នឹង​ត្រូវ​​បាន​គេ​ចាត់​​ទុក​ជា​មនុស្ស​មិន​ល្អ ​​​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កិត្តិយស​ដល់​គ្រួសារ​និង​សង្គម​យ៉ាង​ខ្លាំង។

​២. មិន​​យក​ការ​បោះ​បាយ​បិណ្ឌ​ជា​ការ​កម្សាន្ត​លេង

​ដោយសារ​តែ​សាច់​ញាតិ​ដែល​ស្លាប់​ទៅ អាច​កើត​ជា​ប្រេត ដូច្នេះ​ហើយ​តាម​ប្រពៃណីសាសនា ​ការ​បោះ​បាយ​បិណ្ឌ​ត្រូវ​បាន​គេ​និយម​ធ្វើ​ឡើង​នៅ​វេលា​ទាប​ភ្លឺ គ្រប់​វត្ត​អារាម។ ​​យុវវ័យ​មួយ​ចំនួន ​ខំ​ងើប​ពីព្រលឹម​មក​បោះ​បាយ​បិណ្ឌ ​តែ​ពេល​មក​ដល់​បែរ​ជា​គប់​បាយ​បិណ្ឌ​ចំអន់​គ្នា​លេង ​ធ្វើ​ឲ្យ​ខូច​ដល់​ប្រពៃណី និង​សាសនា​​ទៅ​វិញ ដែល​ទង្វើរ​នេះ​គួរ​តែ​ចៀស​វាង។

​៣. មិន​បន្លំ​លួច​ស្បែក​ជើង ចានស្រាក់ ឬ​ របស់​របរ​របស់​អ្នក​ដទៃ

ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​​ម្តង​ៗ ​នៅ​តាម​ទី​អារាម​សម្បូរ​ដោយ​ពុទ្ធបរិស័ទ​ជិ​ត​ឆ្ងាយ​មក​យក​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ និង​បុព្វការីជន​របស់​ខ្លួន​ផង។ ​តែ​បើ​បុគ្គល​ណា​មក​ទី​អារាម បែរ​ជា​ឆ្លៀត​មាន​គំនិត​អាក្រក់​លួច​ បន្លំ ​ដើម្បី​កេង​ចំណេញ​ជា​ផល​ប្រយោជន៍​ខ្លួន​ឯង ​​គឺ​ជា​ទង្វើ​ខុស​ឆ្គង​​យ៉ាង​ខ្លាំង។

​​​ យ៉ាង​ណា​ក្តី ដោយសារបរិបទនៃការរស់នៅក្នុងអំលុងពេលការរាលដាលនៃជំងឺកូវីដ ១៩ យើងទាំងអស់គ្នាក៏មិនភ្លេចការការពារខ្លួន និងវិធានការណ៍សុខភាព គឺ ៣កុំ ៣ការពារ ដើម្បីធានាថាសុខសប្បាយទាំងអស់គ្នា រាល ​ពេល​ទៅវត្ត​អា​រាម​ម្តង​ៗ៕

អត្ថបទ៖ លឹម សុនា

មតិយោបល់