• 2022-03-23 02:58:24
  • សេដ្ឋកិច្ច

មិនធម្មតា មុខរបរផលិតសំបកណែមរបស់អ្នកខេត្តបាត់ដំបង មានអាយុកាលជាង ១០០ឆ្នាំហើយ!

  • 2022-03-23 02:58:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិដូនទាវ ក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថាជាភូមិមួយល្បីល្បាញខាងផលិតសំបកណែមដែលមានគុណភាពខ្ពស់សម្រាប់ធ្វើណែមស្រស់ៗនិងណែមបំពង។ គ្រួសារជាច្រើនក្នុងភូមិមួយនេះ បានផលិតសំបកណែមពីអង្ករយ៉ាងល្អឥតខ្ចោះ ហើយបានយកវាធ្វើជាអាជីវកម្មគ្រួសារជាយូរណាស់មកហើយ។

អ្នកភូមិជាច្រើននាក់ដែលបានផ្តល់សម្ភាសន៍បាននិយាយថា មុខរបរធ្វើសំបកណែម គឺជាជម្រើសមួយសម្រាប់អ្នកភូមិ និងក្រុមគ្រួសាររបស់ពួកគេក្នុងការមិនធ្វើចំណាកស្រុក ដោយពួកគាត់បានសង្កត់ធ្ងន់ថាទោះបីជាអាជីវកម្មនេះមិនទទួលបានប្រាក់ចំណូលច្រើនក៏ដោយ ក៏គ្រប់គ្រាន់សម្រាប់ពួកគេដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។

អ្នកស្រុកមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញអត្តសញ្ញាណរបស់ពួកគេតាមរយៈផលិតផលដែលពួកគេបានផលិត និងលក់ជូនភ្ញៀវទេសចរ ក្រៅពីលក់ជូនឈ្មួញដើម្បីបង្កើតប្រាក់ចំណូលបន្ថែម។ លោក រឿន ហ៊ិន ដែលជាមេភូមិបានមានប្រសាសន៍ថា គាត់កំពុងព្យាយាមនាំអ្នកភូមិរួមគ្នាធ្វើសំបកណែមជាសកម្មភាពសហគមន៍ ព្រោះគាត់មានបំណងដើម្បីលើកកម្ពស់អត្តសញ្ញាណរបស់ភូមិដូនទាវតាមរយៈផលិតផលនេះ។

“រយៈពេលជិត ១០០ ឆ្នាំមកហើយដែលប្រជាជនក្នុងភូមិនេះធ្វើការផលិតំបកណែម អ្វីដែលពិសេសនោះនៅក្នុងខេត្តបាត់ដំបងនេះមានតែភូមិនេះតែប៉ុណ្ណោះដែលផលិតសំបកណែម។ ហើយកាលពីឆ្នាំមុនប៉ុលពតមានថៅកែម្នាក់ជាអ្នកទទួលទិញសំបកណែមពីភូមិខ្ញុំ ហើយចែកចាយទៅកាន់ប្រទេសវៀតណាម ប្រទេសថៃ ជាដើម។”

ក្រោយមកក្នុងសម័យប៉ុល ពត ការផលិតត្រូវបានផ្អាកអស់មួយរយៈ មុនពេលចាប់ផ្តើមមកវិញនៅឆ្នាំ១៩៨០ ដែលមានជាង៨០គ្រួសារប្រកបរបរនេះដើម្បីគ្រួសារ។ តែថា របរផលិតសំបកណែមគឺហត់ណាស់ ប្រជាជនត្រូវក្រោកតាំងពីម៉ោង៤ឬ៥ព្រឹក នាំគ្នាផលិតសំបកណែមរហួតដល់ម៉ោង១០យប់ ទើបបានសម្រាក។

“ខ្ញុំប្រកបរបរមួយនេះតាំងពីជំនាន់ឪពុកម្តាយខ្ញុំមកម្លេស ពេលនោះខ្ញុំនៅអាយុ 13 ឆ្នាំ។ ខ្ញុំអត់បានធ្វើសំបកណែមទេ ក្នុងសម័យ ប៉ុល ពត។ ខ្ញុំចាប់ផ្តើមម្តងទៀតបន្ទាប់ពីពួកយើងត្រូវបានរំដោះពីរបបខ្មែរក្រហម។ ខ្ញុំខិតខំធ្វើការងារមួយនេះដើម្បីគ្រួសារ។ មកដល់ពេលនេះខ្ញុំឈប់ធ្វើការងារនេះហើយ តែកូនប្រសារទាំង២ខ្ញុំជាអ្នកស្នងតំណណែង”។ ថ្លាង ឡ អ្នកភូមិដូនទាវថ្លែង។

អ្នកស្រីបន្តថា “សំបកណែមផលិតនៅក្នុងភូមិនេះ គឺងាយស្រួលក្នុងការផលិតជាណែម ប្រជានជននិយមទិញណាស់។ ប្រសិនជាយើងប្រៀបធៀបទៅនឹងសំបកណែមនាំចូលវិញ គឺគុណភាពយើងល្អជាង និងងាយស្រួលធ្វើជាង។”

មិនត្រឹមតែ ទប់មិនឲ្យប្រជាពលរដ្ឋមិនឲ្យធ្វើចំណាកស្រុកនោះទេ ប៉ុន្តែមានអ្នកខ្លះសុខចិត្តវិលត្រូវចូលស្រុកវិញ ដើម្បីកិច្ចការនេះទៀតផង។ ហេតុផល ការងារនេះស្រាល និងងាយស្រួល។

“យើងប្រកបរបរនេះគឺមានភាពងាយស្រួលណាស់ យើងមានអ្នកទទួលទិញ គេតែងតែមកយកពេលយើងផលិតបានច្រើន។ ពេលដែលខ្ញុំនៅប្រទេសថៃ ខ្ញុំរកមិនសូវបាននោះទេ នេះជាដើមហេតុខ្ញុំត្រលប់មកស្រុកកំណើរខ្ញំុវិញ។” អន ស្រីមុំ អ្នកភូមិថ្លែង។

សំបកណែម លក់ទៅឲ្យប្រជាពលរដ្ឋទូទៅក្នុងខេត្តបាត់ដំបង និងពេលខ្លះ ភ្ញៀវទេសចរណ៍មកទស្សនានៅបាត់ដំបង ដែលអ្នកស្រុកអាចលក់បានតម្លៃ ៨០០០៛ (2$) ក្នុងចំនួន ១០០ សំបកណែម។ ចំណូលនេះ មិនច្រើនទេ ប៉ុន្តែល្អសម្រាប់អ្នកដែលមិនចេញឆ្ងាយពីគ្រួសារ។ នេះបើតាមអ្នកស្រី រ៉ម សាវរីយ៍។

“ការចំណាយច្រើន ឯចំណូលក៏មិនសូវជាចំណេញច្រើនទេ តែការងារមួយនេះគឺវាល្អម្រ៉ាងដោយសារយើងអាចរស់នៅជិតគ្រួសារយើង មិនចាំបាច់ចំណាកស្រុក។” យ៉ាងណា អ្នកស្រីថា ពិតជាល្អប្រសិនបើអង្គការក្រៅរដ្ឋាភិបាលណាមួយអាចជួយរកទីផ្សារបន្ថែមឲ្យមុខរបរផលិតសម្បកណែម។

“ខ្ញុំចង់អំពាវនាវដល់អង្គការក្រោរដ្ឋាភិបាល សូមជួយរកទីផ្សារឱ្យអ្នកផលិតដូចពួកយើងផង ព្រោះបច្ចុប្បន្នយើងមិនសូវមានទីផ្សារល្អនោះទេ។”

លោក រឿន ហិន បានថ្លែងថា កន្លងមក លោកបានព្យាយាមបង្កើតឲ្យបានជាសហគមន៍ផលិតសម្បកណែម តែមិនបានជោគជ័យ។ “ខ្ញុំព្យាយាមបង្កើតជាសហគមន៍ផលិតសំបកណែមជាច្រើនដងដែរ សម្រាប់ធ្វើជាអត្តសញ្ញាណរបស់ភូមិដូនទាវ តែមិនទទួលបានភាពជោគជ័យសោះ។ ប្រជាជនច្រើនណាស់ដែលរស់ដោយពឹងផ្អែកលើរបរមួយនេះ។ ខ្ញុំមិនដឹងត្រូវធ្វើយ៉ាងណានោះទេដើម្បីប្រមូលផ្តុំអ្នកផលិតសំបកណែម ធ្វើជាសហគមន៍ផលិតសំបកណែមសម្រាប់ភូមិដូនទាវ។”៕

ផ្ដល់​សិទ្ធិ​ដោយ៖ A24

អត្ថបទ៖ ទារិកា

មតិយោបល់