
- 2023-05-17 01:52:19
- សេដ្ឋកិច្ច
JCI កម្ពុជា ចូលរួម និងទទួលទង់ធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតអាស៊ីប៉ាស៊ីហ្វិក នៅប្រទេសឥណ្ឌូនេស៊ី
- 2023-05-17 01:52:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
JCI កម្ពុជា ចូលរួម និងទទួលទង់ធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតអាស៊ីប៉ាស៊ីហ្វិក នៅប្រទេសឥណ្ឌូនេស៊ី
ចន្លោះមិនឃើញ
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ លោក ឃឹម ប៊ុនឡែន ប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI CAMBODIA) បានដឹកនាំសមាជិកជិត ១០០នាក់ ទៅចូលរួមមហាសន្និបាតអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៣ នៅទីក្រុងចាហ្គាតា ប្រទេសឥណ្ឌូនេស៊ី។ ក្នុងឱកាសនេះ កម្ពុជាក៏ត្រៀមទទួលនូវទង់មហាសន្និបាតអាស៊ីប៉ាស៊ីហ្វិក ដើម្បីរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៤ ខាងមុខនេះ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។
ក្នុងកំឡុងពេលនៃមហាសន្និបាតនេះ កម្ពុជាមានបេសកកម្មក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាព ជាមួយប្រទេសនៅក្នុងតំបន់ និងជុំវិញពិភពលោក តាមរយៈការចូលរួមកិច្ចប្រជុំពាក់ព័ន្ធ និងការរៀបចំកម្មវិធីជាច្រើនដើម្បីបង្ហាញពីរសជាតិនៃវប្បធម៌ដ៏រុងរឿងរបស់កម្ពុជា ប្រពៃណី ចម្រៀង របាំ និងការដាក់តាំងម្ហូបអាហារជាច្រើន ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិឲ្យមកស្គាល់កម្ពុជា ព្រមទាំងសក្តានុពលទេសចរណ៍ និងឱកាសក្នុងការវិនិយោគនៅក្នុងប្រទេសផងដែរ។
លោក ឃឹម ប៊ុនឡែន បានលើកឡើងថា ការចូលរួមនៅក្នុងមហាសន្និបាតអាស៊ីប៉ាស៊ីហ្វិកនៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះ ជាឱកាសមួយដ៏ល្អដល់យុវជនកម្ពុជា ក្នុងការសិក្សាស្វែងយល់នូវចំណេះដឹង ភាពជាអ្នកដឹកនាំ និងបង្កើតទំនាក់ទំនងផ្នែកធុរៈកិច្ចជាមួយសហគ្រិនជាច្រើនមកពីបណ្តាប្រទេសនានា ជាពិសេស ដើម្បីជាបទពិសោធន៍ដល់កម្ពុជាក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ដែលនឹងមានការចូលរួមពីសហគ្រិន និងគណៈប្រតិភូប្រមាណជា ៤០០០នាក់មកពីបណ្តាប្រទេសជាង ១២០នៅលើពិភពលោក។
គួរបញ្ជាក់ផងដែរថា មហាសន្និបាតអាស៊ីប៉ាស៊ីហ្វិករបស់សភាយុវពាណិជ្ជករអន្តរជាតិ (JCI ASPAC) ត្រូវបានកំណត់ឲ្យរៀបចំឡើងមួយឆ្នាំម្តង ដែលម្ចាស់ផ្ទះរៀបចំកម្មវិធីត្រូវបានបោះឆ្នោតគាំទ្រ និងតែងតាំង ដោយប្រទេសជាសមាជិកនៅក្នុងតំបន់ តាមរយៈការបង្ហាញពីសមិទ្ធផល ព្រមទាំងសក្តានុពលក្នុងការរៀបចំកម្មវិធីនេះ។ ការខិតខំប្រឹងប្រែងមិនគិតពីការនឿយហត់របស់ក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងថ្នាក់តំបន់ ក៏ដូចជាសមាជិក សមាជិការបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា រយៈពេលជាង១០ឆ្នាំកន្លងមកនេះ បានធ្វើឲ្យប្រទេសកម្ពុជាទទួលបានការជ្រើសរើស និងមានសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអាស៊ីប៉ាស៊ីហ្វិកនៅក្នុងឆ្នាំ២០២៤ នៅទឹកដីអង្គរ ខេត្តសៀមរាប៕