• 2023-07-20 09:20:39
  • សេដ្ឋកិច្ច

ដើមទុនរបស់ភាគហ៊ុនិក ABA កើនដល់ 1.7 ប៊ីលានដុល្លារ ដែលឆ្លុះបញ្ចាំងពីកំណើន និងការចូលរួមចំណែករបស់ធនាគារ

  • 2023-07-20 09:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA បានប្រកាសពីភាពជោគជ័យក្នុងការបង្កើនដើមទុនដែលបានបង់ ពី 660 លានដុល្លារ គិតត្រឹមថ្ងៃទី 1 ខែមករា ឆ្នាំ 2023 ដល់ 1.1 ប៊ីលានដុល្លារ គិតត្រឹមថ្ងៃនេះ ដោយបានបន្ថែមដើមទុនពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ខ្លួន។ ការបន្ថែមដើមទុននេះ ត្រូវបានធ្វើឡើងកាលពីថ្មីៗនេះ ស្របតាមការអនុម័តរបស់ធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្ដាលរបស់ប្រទេសយើង។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានមានប្រសាសន៍ថា “ធនាគារ ABA មានសេចក្តីសោមនស្សយ៉ាងក្រៃលែង ក្នុងការប្រកាសអំពីការកើនឡើងគួរឲ្យកត់សម្គាល់នៃដើមទុនរបស់ខ្លួន ដល់ 1.1 ប៊ីលានដុល្លារអាមេរិក ដោយក្នុងនោះ ទឹកប្រាក់ចំនួន 250 លានដុល្លារ ជាប្រាក់ចំណូលរក្សាទុករបស់ធនាគារ ហើយ 190 លានដុល្លារ ជាដើមទុនថ្មី។ ជាលទ្ធផល ដើមទុនរបស់ភាគហ៊ុនិកសរុប រួមជាមួយទុនបម្រុងកាតព្វកិច្ច និងប្រាក់ចំណេញសុទ្ធបានកើនដល់ 1.7 ពាន់លានដុល្លារគិតមកទល់បច្ចុប្បន្ន”។

ការកើនឡើងនៃដើមទុននេះ បានគូសបញ្ជាក់ពីកំណើនដ៏គួរឲ្យកត់សម្គាល់របស់ ABA និងការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការបំពេញតម្រូវការរបស់អតិថិជនដែលកំពុងតែបន្តកើនឡើង។ ជាមួយនឹងមូលដ្ឋានដើមទុនដ៏ធំ ធនាគារ ABA ត្រៀមលក្ខណៈរួចរាល់ក្នុងការពង្រីកបន្ថែមនូវ វិសាលភាពនៃបណ្ដាញរូបវន្ត តាមរយៈការបើកសាខាថ្មី និងទីតាំងស្វ័យសេវា ខណៈបន្ដផ្ដល់ជូនផលិតផល និង សេវាធនាគារនវានុវត្ត ប្រកបដោយភាពងាយស្រួល។

លោកបានបន្ថែមទៀតថា “ការបង្កើនដើមទុន ផ្ដល់អត្ថប្រយោជន៍ជាច្រើន។ វាជួយពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារជំរុញផែនការពង្រីកបណ្ដាញរូបវន្ដ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះអនុលោមភាពផ្នែកច្បាប់។ វាក៏គូសបញ្ជាក់ផងដែរនូវការបន្តគាំទ្រ របស់ធនាគារជាតិនៃកាណាដា ដែលជាភាគហ៊ុនិករបស់យើង។ យើងនៅតែប្ដេជ្ញាផ្តល់នូវបទពិសោធសេវាធនាគារដ៏ល្អប្រសើរ ហើយយើងក៏មានសេចក្ដីរីករាយ ចំពោះឱកាសនានា ដែលដើមទុនបន្ថែមនេះនឹងហុចមកឲ្យយើង ដើម្បីបម្រើសេវាជូនអតិថិជនរបស់យើងកាន់តែប្រសើរ”។

គួរឲ្យសម្គាល់ផងដែរថា ធនាគារជាតិកាណាដា បានចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈកំណើនដ៏រឹងមាំរបស់ធនាគារ ABA ។ លោក Madi Akmambet អភិបាលប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា "បន្ថែមពីលើការបន្ថែមដើមទុនដែលបានបង់ ភាគហ៊ុនិករបស់យើងរក្សាទុកប្រាក់ចំណេញទាំងអស់នៅធនាគារ ដើម្បីជាការវិនិយោគ ជាយុទ្ធសាស្រ្ត និងផ្តល់ដើមទុនក្នុងទម្រង់ជាបំណុលបន្ទាប់បន្សំ"។

លោក Akmambet បានបន្ដថា “ចាប់តាំងពីឆ្នាំ 2014 នៅពេលដែលធនាគារជាតិកាណាដា បានក្លាយជាភាគហ៊ុនិករបស់ ABA ធនាគារបាននឹងកំពុងបង្កើនមូលធនរបស់ខ្លួនដល់ 1.7 ប៊ីលានដុល្លារ និងផ្តល់ 185 លានដុល្លារជាបំណុលបន្ទាប់បន្សំ។ ដើមទុនទាំងអស់នេះ គាំទ្រដល់កំណើន និងការអភិវឌ្ឍរបស់ ABA ក្នុងទិសដៅបង្កើនសមត្ថភាពរបស់បុគ្គលិក, បណ្ដាញសាខា, និងបច្ចេកវិទ្យាព័ត៌មាន រួមទាំងហេដ្ឋារចនាសម្ពន្ធឌីជីថល" ។

យោងតាម របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2022 របស់ធនាគារជាតិនៃកម្ពុជា ABA គឺជាធនាគារពាណិជ្ជធំបំផុត នៅប្រទេសកម្ពុជា ផ្អែកលើទ្រព្យសកម្មសរុប, ប្រាក់កម្ចី, ប្រាក់បញ្ញើ, និងប្រាក់ចំណេញ។ តាមរយៈជំហរការងារបែប អតិថិជនជាបង្គោល, ផលិតផលធនាគារទូលំទូលាយ, និងទំនើបកម្មបច្ចេកវិទ្យាឌីជីថល ធ្វើឲ្យធនាគារពង្រីកវិសាលភាពបានឆាប់រហ័ស និងទទួលបានការសាទរយ៉ាងទូលំទូលាយ។ បច្ចុប្បន្ន ធនាគារ ABA បម្រើអតិថិជនចំនួន 3 លាន ជាមួយមូលដ្ឋានបញ្ញើ 8.2 ប៊ីលាន។ ផលបត្រកម្ចីរបស់ ABA គឺមាន 7.2 ប៊ីលាន ដែលបញ្ចូលយ៉ាងពេញលេញទៅក្នុងសេដ្ឋកិច្ចកម្ពុជា និងមានអត្រា 22% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។

គណៈគ្រប់គ្រងធនាគារ ABA បានសាទរ និងកោតស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គោលនយោបាយ ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច សន្តិភាព និងស្ថិរភាពនយោបាយ។ ABA ក៏បានកោតសរសើរដល់ធនាគារជាតិនៃកម្ពុជា សម្រាប់ការបង្កើតបរិយាកាសប្រកួតប្រជែងដោយស្មោះត្រង់ រក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុនៃទីផ្សារ និងគាំទ្រដល់កំណើនប្រកបដោយចីរភាព និងបរិយាបន្ន នៅក្នុងវិស័យធនាគារ។

ជាចុងក្រោយ ធនាគារ ABA សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបន្តផ្ដល់ការជឿទុកចិត្ត និងគាំទ្រជារៀងរហូតមក។ ABA នៅតែឈរយ៉ាងរឹងមាំ ក្នុងការផ្ដល់សេវាកម្ម និងផលិតផលធនាគារដ៏ទំនើប ដើម្បីបម្រើប្រយោជន៍ជូនអតិថិជនគ្រប់រូប និងអាជីវកម្មនានានៅទូទាំងប្រទេសកម្ពុជា៕

អត្ថបទ៖ Chin Sopheak

មតិយោបល់