• 2023-09-18 03:44:03
  • ព័ត៌មាន

ABA បន្តអនុវត្តកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ ដំណាក់កាលទី៣ ដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី

  • 2023-09-18 03:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនកាណាដា Angkor Resources Corp. ធនាគារ ABA មានសេចក្តីសោមនស្ស នឹងបើកថ្នាក់ចំណេះដឹងហិរញ្ញវត្ថុដំណាក់កាលទី៣ នៅតំបន់ដាច់ស្រយាលក្នុងខេត្តរតនគិរី។

គោលបំណងចម្បងនៃការបើកថ្នាក់នេះ គឺដើម្បីផ្តល់ចំណេះដឹងចាំបាច់មួយចំនួនដល់អ្នកចូលរួម ក្នុងការធ្វើសេចក្ដីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ, លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ, និងរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ទាំងមូល។ កម្មវិធីនេះនឹងជួយដល់អ្នកចូលរួម ឲ្យមានឱកាសក្នុងការធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន និងអនាគតរបស់ពួកគាត់ កាន់តែប្រសើរឡើង តាមរយៈការបង្កើនស្ថិរភាព និងភាពម្ចាស់ការក្នុងការគ្រប់គ្រងលុយកាក់ ។

ដោយទទួលបានជោគជ័យ ក្នុងការអនុវត្តកម្មវិធីនេះកន្លងមក កម្មវិធីដំណាក់កាលទីបីនេះ នឹងបន្តផ្តល់នូវវគ្គបណ្តុះបណ្តាលពេញលេញ លើប្រធានបទហិរញ្ញវត្ថុជាច្រើនទៀត។ អ្នកចូលរួម នឹងយល់ដឹងកាន់តែច្បាស់ អំពីគោលគំនិតមេរៀនជាមូលដ្ឋាន ដូចជា ការរៀបចំផែនការហិរញ្ញវត្ថុ, ការចាត់ចែងលុយកាក់, ការកំណត់គោលដៅហិរញ្ញវត្ថុ និងសន្សំ, និងការប្រើប្រាស់ប្រាក់កម្ចីឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងបំណុលវ័ណ្ឌ ក ជាដើម។

ក្នុងដំណាក់កាលថ្មីនេះ ABA បានពង្រឹងប្រសិទ្ធភាព និងកម្មវិធីសិក្សា ធ្វើយ៉ាងណាឲ្យថ្នាក់រៀននេះ ផ្ដល់ប្រយោជន៍ និងជះឥទ្ធិពលកាន់តែប្រសើរឡើងមួយកម្រិតទៀត ដល់អ្នកចូលរួម។ វគ្គបណ្តុះបណ្តាលគ្រូបង្គោល (TOT) ត្រូវបានរៀបចំឡើង សម្រាប់គ្រូបង្គោលប្រចាំសហគមន៍ចំនួន 22 នាក់ ដោយពង្រឹងសមត្ថភាពពួកគាត់ ក្នុងការបង្រៀនមេរៀន និងខ្លឹមសារ ជាភាសាកំណើត ឬគ្រាមភាសា (ភាសាតំបន់) ប្រកបដោយប្រសិទ្ធភាពទៅកាន់សហគមន៍។ វិធីសាស្រ្តនេះ បានបង្ហាញឲ្យឃើញនូវអត្ថប្រយោជន៍យ៉ាងច្រើន ដែលធ្វើឲ្យមានការយល់ដឹង និងការចូលរួមកាន់តែប្រសើរឡើងនៅក្នុងសហគមន៍។

កម្មវិធីចំណេះដឹងហិរញ្ញវត្ថុនេះ នឹងមានថ្នាក់សរុបចំនួន 22 ដែលមានអ្នកចូលរួមចំនួន 500 នាក់នៅតាមភូមិស្រុកដាច់ស្រយាលមួយចំនួន។ តាមរយៈការពង្រីកវិសាលភាពទៅកាន់ភូមិស្រុកថ្មី ABA ធានាបានថា ប្រជាពលរដ្ឋកាន់តែច្រើនក្នុងខេត្តរតនគិរី នឹងទទួលបានអត្ថប្រយោជន៍ពីចំណេះដឹងដ៏មានសារៈសំខាន់ និងចាំបាច់នេះ។ កាលនៅឆ្នាំ 2022 ABA បានបើកថ្នាក់ចំណេះដឹងហិរញ្ញវត្ថុជាលើកដំបូងដោយជោគជ័យ ដោយពេលនោះ មានអ្នកភូមិ ចូលរួមប្រមាណ 200 នាក់ មកពីតំបន់ដាច់ស្រយាលក្នុងខេត្តរតនគិរី ដើម្បីអភិវឌ្ឍចំណេះដឹង និងជំនាញរបស់សហគមន៍ ព្រមទាំងលើកកម្ពស់ជីវភាព និងហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយភាពឆ្លាតវៃ និងមានស្ថិរភាព។

ABA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្ដាដៃគូ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលបានគាំទ្រកម្មវិធីនេះ តាំងពីដើមរៀងមក។ ពួកយើងទាំងអស់គ្នា នឹងចូលរួមអនុវត្តកម្មវិធីចំណេះដឹងហិរញ្ញវត្ថុនេះ សំដៅយ៉ាងណាឲ្យប្រជាពលរដ្ឋយើង មានសមត្ថភាពគ្រប់គ្រងលុយកាក់កាន់តែប្រសើរឡើង៕

មតិយោបល់
អត្ថបទថ្មី